រោងចក្រដំឡើងរថយន្ដតូយូតា តម្លៃជិត ៣៧ លានដុល្លារ ត្រូវបានសម្ពោធដាក់ដំណើរការ នៅរាជធានីភ្នំពេញ


នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ រោងចក្រដំឡើងរថយន្ដ តូយូតា មានតម្លៃជិត ៣៧ លានដុល្លារត្រូវបាន បើកសម្ពោធដំណើរការ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នេះគឺជារោងចក្រដំឡើងរថយន្ដទី ៦ ដែលបានបើកដំណើរការ ផលិតកម្មនៅក្នុងប្រទេសផ្ទាល់ ហើយក៏ជាជំហានមួយទៀត សម្រាប់ឧស្សាហកម្មផលិត និងចែកចាយរថយន្ដនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការវិនិយោគលើ ឧស្សាហកម្មយានយន្ដនៅកម្ពុជា ដោយសម្តេចធិបតី បានមានប្រសាសន៍ថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd បានពង្រីកធុរកិច្ចរបស់ខ្លួន តាមរយៈការបង្កើតរោងចក្រ ជាពិសេសការធ្វើពិពិធកម្ម ដោយប្ដូរពីក្រុមហ៊ុននាំចូលរថយន្ដ ទៅជាការវិនិយោគសាងសង់​ រោងចក្រដំឡើងដោយផ្ទាល់ នៅក្នុងប្រទេសកម្ពុជាតែម្ដង នេះគឺជាការរួមចំណែកដ៏ធំ ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ការផ្គត់ផ្គង់ចែកចាយរថយន្ដនៅកម្ពុជា និងការនាំចេញរថយន្ដ ទៅទីផ្សារអន្តរជាតិ ផងដែរ។

រោងចក្រដំឡើងរថយន្ដតូយូតា ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ត្រូវបានបង្កើតឡើង ដោយទុនវិនិយោគសរុប ៣៦,៧ លានដុល្លារ ពីក្រុមហ៊ុនមេ Toyota Tsusho Corporation នៃប្រទេសជប៉ុន ដែលមានភាគហ៊ុន ៩០% និងក្រុមហ៊ុន គង់ នួន គ្រុប មានភាគហ៊ុនចំនួន ១០% ហើយរោងចក្រនេះ នឹងដំឡើងរថយន្ដ ២ ប្រភេទ រួមមាន៖ រថយន្ដ SUV ម៉ាក់ FORTUNER និងប្រភេទរថយន្ដ Pick-Up ម៉ាក HILUX គ្រោងនឹងចែកចាយ រថយន្ដប្រមាណ ១ ៣២០ គ្រឿងនៅក្នុងឆ្នាំ២០២៤ (រថយន្ដ FORTUNER ចំនួន ២៩០ គ្រឿង និង HILUX ចំនួន ១ ០៣០ គ្រឿង) ព្រមទាំងផ្ដល់ឱកាសការងារ ១៥០ កន្លែង។

សូមបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ មានក្រុមហ៊ុនផលិតរថយន្ដចំនួន ៦ ហើយដែលបានបើកដំណើរការ ក្នុងនោះរួមមាន៖

១. ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd បើកដំណើរការនៅឆ្នាំ២០២៤ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផលិតរថយន្ដ Toyota Fortuner និង Hilux។

២. ក្រុមហ៊ុន HGB Motors Assembly Co., Ltd បើកនៅឆ្នាំ ២០២៣ ក្នុងខេត្តបន្ទាយមានជ័យ ផលិតរថយន្ដ KIA។

៣. ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd បើកនៅឆ្នាំ២០២២ ស្ថិតនៅខេត្តពោធិ៍សាត់ ផលិតរថយន្ដ Ford។

៤. ក្រុមហ៊ុន Camko Motor Co,. Ltd បើកនៅឆ្នាំ២០២២ ក្នុងខេត្តកោះកុង ផលិតរថយន្ដ Hyundai។

៥. ក្រុមហ៊ុន Daehan Auto (Cambodia) Co., Ltd បើកដំណើរការនៅឆ្នាំ២០២២ ស្ថិតនៅខេត្តស្វាយរៀង ផលិតរថយន្ដ SAMYUNG។

៦. ក្រុមហ៊ុន GTV Motor Co., Ltd នៅខេត្តកណ្ដាល កំពុងដំណើរការសាកល្បង។