៤ខែដំបូងនៃឆ្នាំ២០២៤ កម្ពុជា រកចំណូលបាន ២,៣៥ ពាន់លានដុល្លារ ពីការនាំចេញផលិតផលកសិកម្ម!


ភ្នំពេញ៖ ប្រទេសកម្ពុជាបាននាំចេញ កសិផលមានតម្លៃ ២,៣៥ ពាន់លានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៤ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងកសិកម្ម នាពេលថ្មីៗនេះ។

ជាក់ស្តែង របាយការណ៍នេះបាននិយាយថា ផលិតផលកសិកម្មប្រមាណ ៥,៣ លានតោន ត្រូវបាននាំចេញ ពោលគឺកើនឡើង ៧៤% ពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងនោះដែរ ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញរួមមាន អង្ករ ចេក ស្វាយ ដំឡូងមី គ្រាប់ស្វាយចន្ទី ពោត ប្រេងដូង ម្រេច និងថ្នាំជក់ ជាដើម។

សម្រាប់ ការនាំចេញអង្ករ និងស្រូវទទួលបាន ២១០លានដុល្លារ និង ៣៦៤លានដុល្លាររៀងៗខ្លួន ហើយការនាំចេញកសិផលផ្សេងទៀត មានតម្លៃ ១,៧៨ពាន់លានដុល្លារ។

បន្ថែមពីនេះ ក្រសួងកសិកម្ម បាននិយាយថា “ការនាំចេញកសិផល ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២៤ បានកើនឡើងចំនួន ២,២ លានតោន បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលផលិតផលកសិកម្ម បានរួមចំណែកដល់ ការនាំចេញខ្ពស់ រួមមានដំឡូងមីស្រស់ អង្ករ ម្សៅដំឡូងមី ពោត មៀន ស្វាយស្រស់ និងម្រេច”។

ទីផ្សារនាំចេញវិញ មានដូចជា ប្រទេសចិន សហភាពអឺរ៉ុប និងប្រទេសអាស៊ាន វៀតណាម និងថៃ ជាអ្នកនាំចូលទំនិញកសិកម្ម របស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម ឌិត ទីណា ក៏ប្តេជ្ញានឹងជម្រុញ កសិករបង្កើតសហគមន៍ កសិកម្មទំនើប ដើម្បីប្រមូលផលចំណេញ កាន់តែច្រើនផងដែរ។

ដូចដែលយើង បានដឹងស្រាប់មកហើយថា កសិកម្មគឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។

រដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្ត គោលនយោបាយយុទ្ធសាស្ត្រថ្មី សម្រាប់ការអភិវឌ្ឍកសិកម្ម ក្នុងគោលបំណងលើកកម្ពស់ វិស័យកសិកម្មពី ការធ្វើកសិកម្មតាមផ្ទះ ទៅជាកសិកម្មពាណិជ្ជកម្ម និងលើកកម្ពស់ចំណូលកសិករ តាមរយៈផលិតផលបន្ថែមតម្លៃ ជាដើម។

ក្រោមគោលនយោបាយអាទិភាព រាជរដ្ឋាភិបាលនឹងដាក់ពង្រាយ មន្ត្រីកសិកម្មចំនួន ២៥០ នាក់ ហើយចំនួននឹងកើនឡើងដល់ជាង ១ ៣០០ នាក់នៅឆ្នាំ ២០២៥ នៅក្នុងឃុំ-សង្កាត់ទូទាំងប្រទេស ដើម្បីបន្ថែមធនធានមនុស្ស សម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។