ត្រឹមរយៈពេលជាង ១ខែប៉ុណ្ណោះ អ្នកប្រើប្រាស់កម្មវិធី Cambodia eArrival មានលើសពី ៤០ម៉ឺននាក់!


ភ្នំពេញ៖ បើយោងតាមព័ត៌មានដែលទទួលបានពី ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ចាប់តាំងពីការដាក់អោយប្រើប្រាស់ នៅដើមខែមុនមក កម្មវិធី Cambodia eArrival ត្រូវបានប្រើប្រាស់ដោយ អ្នកដំណើរជាង ៤០០.០០០ នាក់ និងត្រូវបានទាញយកច្រើនជាង ២០០.០០០ ដងដោយអ្នកប្រើប្រាស់។

ប្រភពដដែលបានបន្តទៀតថា កម្មវិធីនេះតម្រូវឱ្យអ្នកប្រើប្រាស់ បញ្ជូនព័ត៌មានលម្អិតរបស់ពួកគេ ប្រាំពីរថ្ងៃមុនពេលចេញដំណើរ ដោយមានជាប្រាំពីរភាសាផ្សេងគ្នា។ វាអាចចូលប្រើបាន ដោយងាយស្រួលនៅលើកម្មវិធី Cambodia eArrival ឬគេហទំព័រផ្លូវការរបស់ក្រសួងតែម្តង។

គិតមកទល់នឹងពេលនេះ ចំនួនអ្នកប្រើប្រាស់សរុបមានលើសពី ៤២០.០០០នាក់ បន្ទាប់ពីការបើកដំណើរការជាផ្លូវការ។ គួររម្លឹកថា ប្រព័ន្ធនេះត្រូវបានដាក់ឱ្យប្រើប្រាស់ នៅគ្រប់អាកាសយានដ្ឋានអន្តរជាតិ ទូទាំងប្រទេសនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ។

ប្រព័ន្ធនេះជួយសន្សំពេល សម្រាប់ភ្ញៀវទេសចរ ដោយអនុញ្ញាតឱ្យពួកគេ បញ្ជូលព័ត៌មានលម្អិត ដែលត្រូវការទាំងអស់ជាមុន។ វាក៏រួមបញ្ចូលផងដែរ នូវទិដ្ឋាការពេលមកដល់ របាយការណ៍គយ និងសេចក្តីប្រកាសសុខភាព។ នេះបើតាមការលើកឡើងរបស់ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

លោកបានមានប្រសាសន៍ថា “Cambodia e-Arrival គឺជាសមិទ្ធផលមួយផ្សេងទៀត របស់រាជរដ្ឋាភិបាលក្នុង ការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ និងពង្រឹងសន្តិសុខនៅក្នុងសម័យឌីជីថល”។

យោងតាមក្រសួងមហាផ្ទៃ ប្រព័ន្ធនេះក៏នឹងត្រូវដាក់ឱ្យប្រើប្រាស់ នៅតាមច្រកព្រំដែនអន្តរជាតិ និងចំណុចផ្សេងៗទៀត នៃច្រកចូលប្រទេសកម្ពុជា នាពេលខាងមុខ។

ប្រភពពី ក្រសួងមហាផ្ទៃ