ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលបានចុះផ្សាយលើហ្វេសបុកផេក ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៧១C ជាផ្លូវដែលពោពេញ ដោយទេសភាពខៀវស្រងាត់ ត្រជាក់ភ្នែក មានសភាពធន់ រឹងមាំ ដែលផ្តល់ភាពងាយស្រួល និងចរាចរណ៍ដោយរលូននេះ សម្រេចការកសាងបាន ១០០% ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ រហូតទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ក្នុងខេត្តកំពង់ចាម។
ផ្លូវជាតិថ្មី១ខ្សែនេះ គ្រោងនឹងសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការនាពេល ឆាប់ៗខាងមុខនេះ។
ជាក់ស្តែង ខណៈការងារសាងសង់ផ្លូវ សម្រេចបាន ១០០% ហើយក៏ពិតមែន តែបច្ចុប្បន្ន ក្រសួងសាធារណការ និងក្រុមការងារព័ន្ធទាំងអស់ កំពុងប្រឹងប្រែងបំពេញនូវ ចន្លោះខ្វះខាតដែលនៅ សេសសល់តិចតួច ដើម្បីឈានទៅដល់ ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្ទាប់។
បន្ថែមពីនេះដែរ ក្រុមការងារបាននឹងកំពុង បន្តប្រឹងប្រែងតាមដាន យ៉ាងយកចិត្តទុកដាក់ លើដំណើរបញ្ចប់ ការគូសគំនូសចរាចរណ៍ លើដងផ្លូវ ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារ ការហូរច្រោះជើងទេរផ្លូវ ជាដើម។
រម្លឹកឲ្យដឹងផងដែរថា ផ្លូវជាតិលេខ៧១C ត្រូវបានសម្ពោធ បើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នំា២០២១ កន្លងទៅ ក្រោមហិរញ្ញប្បទានថវិកាពី សាធារណរដ្ឋប្រជាមានិតចិនប្រមាណ ១២៩,៩៨ លានដុល្លារ និងថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា មួយចំនួនដែរ។
ផ្លូវមួយខ្សែនេះ ក៏គ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូល នៅកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខ។