ស្ថានីយស្លដែកបុរាណភ្នំបូក ត្រូវបានធ្វើកំណាយស្រាវជ្រាវ និងសន្និដ្ឋានថា ស្ថានីយមួយនេះ ត្រូវបានដំណើរការនៅក្នុងសម័យអង្គរ


សៀមរាប៖ បើយោងតាមរបាយការណ៍ ដែលចេញផ្សាយ ដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមអ្នកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកបុរាណមួយកន្លែង នៅក្នុងភូមិស្រែចង្ហូត សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ជិតជើងភ្នំបូក។

ជាក់ស្តែង ក្នុងនោះដែរ លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការធ្វើកំណាយស្រាវជ្រាវ នៅស្ថានីយស្លដែកសម័យបុរាណ ក្នុងតំបន់អតីតរាជធានីអង្គរនេះ គឺបំណង ដើម្បសិក្សាឱ្យស៊ីជម្រៅពី ឧស្សាហកម្មស្លដែក ការផលិតដែក ព្រមទាំងចង់ដឹងពី រចនាសម្ពន្ធនៃចង្រ្កានស្លដែក របស់ខ្មែរបុរាណកាលពី សម័យអង្គរផង ព្រមទាំងជួយបណ្ដុះបណ្ដាល យុវជនខ្មែរជំនាន់ក្រោយ ឱ្យយល់ដឹងពីជំនាញទាំងនោះផង។

គូសសម្គាល់ថា ក្នុងការធ្វើកំណាយ នៅស្ថានីយស្លដែកសម័យបុរាណនោះ គឺមានយុវជនមកពីវិទ្យាល័យស្រុកប្រាសាទបាគង ចំនួនជាង ២០នាក់ ចូលរួមទស្សនាស្វែងយល់ និងសិស្សមកពី សាលាអន្តរជាតិ JPA ចំនួន៤នាក់ទៀត បានចូលរួមហ្វឹកហាត់ផងដែរ។

បុរាណវិទូរូបដដែល បញ្ជាក់ទៀតថា ក្នុងការធ្វើកំណាយស្រាវជ្រាវ ស្ថានីយស្លដែកបុរាណនោះ ក្រុមការងារបានជីក រណ្ដៅទំហំ៣ម៉ែត្រ គុណនិង៤ម៉ែត្រ។

នៅក្នុងរណ្ដៅកំណាយ គេបានប្រទះឃើញរ៉ែដែកតូចៗ បំណែកអាចម៍ដែក បំណែកចង្ក្រាន្ត និងបំណែកកុលាលភាជន៍ផ្សេងៗ ជាដើម។

ជាលទ្ធផល ក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋានថា ស្ថានីយស្លដែកបុរាណ នៅក្នុងអតីតរាជធានីអង្គរ ដែលគេបានធ្វើកំណាយស្រាវជ្រាវនេះ បានដំណើរការនៅសម័យអង្គរ។

មិនតែប៉ុណ្ណោះ អ្នកស្រាវជ្រាវយល់ថា ឧស្សាហកម្មស្លដែកសម័យអង្គរ គឺជាវិស័យយ៉ាងសំខាន់មួយ ដែលបានផលិតដែក ធ្វើជាឧបករណ៍ប្រើប្រាស់ សម្រាប់កសិកម្ម គ្រឿងសាស្ត្រាវុធ ព្រមទាំងបម្រើការ ឱ្យវិស័យស្ថាបត្យកម្មជាដើម ដែលជួយឱ្យ ចក្រភពខ្មែរសម័យនោះ មានការរីកចម្រើនជឿនលឿន និងជាកត្តាមួយដែលជំរុញអារ្យធម៌អង្គរថ្កុំថ្កើន។

យ៉ាងណា មុនពេលដែលក្រុមអ្នកបុរាណវិទ្យា បើកកំណាយស្រាវជ្រាវ ស្ថានីយស្លដែកបុរាណនៅភ្នំបូកនោះ គឺអ្នកស្រាវជ្រាវបាន សិក្សាតាមវិធីវាស់ស្ទង់ ប្រើឧបករណ៍ Gradiometer ដោយបានជំនួយពីសកលវិទ្យាល័យ Flinders University, Australia ជាមុនដើម្បីសិក្សាបឋម ពីវត្តមាននៃទីតាំងចង្ក្រាន នៅលើស្ថានីយនេះ ផងដែរ។

ប្រភពពីអាជ្ញាធរជាតិអប្សរា