កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាស ប្រមាណជាង ៣,០៣ លាននាក់ ក្នុងឆមាសទី១ នៃឆ្នាំនេះ កើនឡើង ២២% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលចេញផ្សាយដោយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបង្ហាញថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិចំនួន៣ របស់កម្ពុជា ទទួលបានអ្នកដំណើរ តាមផ្លូវអាកាសរួមគ្នាចំនួន ៣,០៣ លាននាក់ចាប់ពីខែមករា ដល់ខែមិថុនា កើនឡើង ២២% ពីចំនួន ២,៤៨ លាននាក់ ដែលបានកត់ត្រា ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាក់ស្តែង ក្នុងនោះដែរ SSCA ក៏បានបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានទាំងនេះ ឃើញមានកំណើនគួរឱ្យកត់សម្គាល់ នៃចលនាហោះហើរដល់ ២៨ ៧២៥ ជើង ក្នុងអំឡុងឆមាសទី១នៃឆ្នាំនេះ កើនឡើង ១៦% ពីចលនាហោះហើរចំនួន ២៤,៧២៥ នៅឆមាសទីមួយនៃឆ្នាំមុន។

ដូចគ្នានេះដែរ ទិន្នន័យក៏បានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលអ្នកដំណើរតាមផ្លូវអាកាសចំនួន ២,២៨ លាននាក់ កើនឡើង ១៨% ខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានស្វាគមន៍អ្នកដំណើរ តាមផ្លូវអាកាសចំនួន ៧១៩ ៩៨២ នាក់ កើនឡើង ៣៧% និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៣៥ ៤៦៣នាក់ កើនឡើង ១២% ផងដែរ។

ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ បានមានប្រសាសន៍ថា SSCA មានសុទិដ្ឋិនិយមចំពោះ ការបន្តមានកំណើនរបស់វិស័យនេះ នៅឆ្នាំនេះ ដោយសន្មតថាលទ្ធផលនេះ បានមកពីកត្តាជាច្រើន រួមទាំងការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ ការកើនឡើងចំនួនភ្ញៀវទេសចរ និងការពង្រីកការតភ្ជាប់ផ្លូវអាកាស ជាដើម។

ឯកឧត្តម បានប្រាប់ឲ្យដឹងថា “ឧស្សាហកម្មអាកាសចរណ៍ កំពុងស្ថិតនៅលើផ្លូវងើបឡើងវិញ ដ៏រឹងមាំ លើសពីការរំពឹងទុករបស់យើង”។ SSCA កំពុងព្យាករណ៍ពីកំណើន ដ៏គួរឱ្យចាប់អារម្មណ៍ ៦៧% នៅក្នុងចរាចរណ៍ផ្លូវអាកាសពេញមួយឆ្នាំ បើធៀបនឹងឆ្នាំ២០១៩ ដែលជាស្តង់ដារមុនការរាតត្បាត។

ដោយឡែក គូសសម្គាល់ដែរថា គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោថ្មី ដំណាក់កាលទី១ ដែលមានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ ពេលនេះសម្រេចបាន ៧៨% ហើយគ្រោងនឹងដំណើរការ ពេញលេញក្នុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះដែរ។

នៅពេលដាក់ឱ្យដំណើរការ អាកាសយានដ្ឋានលំដាប់ 4F នេះ នឹងអាចមានលទ្ធភាព ទទួលអ្នកដំណើរបាន ១៣លាននាក់ក្នុងមួយឆ្នាំ។