តាកែវ៖ បើយោងតាមព័ត៌មាន ដែលផ្សាយចេញពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីទេសភាព ដ៏ស្រស់ត្រកាល មើលពីលើនៃគន្លងព្រែកជីកហ្វូណនតេជោ (អង្គរបូរី-ដូនកែវ ខេត្តតាកែវ) ចែកជូនសាធារណជន ក៏ដូចជាបងប្អូនជនរួមជាតិ បានទស្សនា។
ប្រភពព័ត៌មានដដែលពីក្រសួង ក៏បានបញ្ជាក់ដែរថា ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។
ផ្លូវទឹកនេះចាប់ផ្តើមពី ព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់ សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់ តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។
ជាក់ស្តែង ក្នុងនោះផ្លូវទឹកធម្មជាតិ ដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយ តភ្ជាប់ទៅកាន់សមុទ្រ។
គូសសម្គាល់ដែរថា គម្រោងនេះនឹងសាងសង់ សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាព ក្នុងការទប់ស្កាត់ ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាប ដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
រម្លឹកឲ្យដឹងដែរថា ព្រែកជីកហ្វូណនតេជោ នឹងប្រើប្រាស់រយៈពេល សាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់ នៅក្នុង អំឡុងឆ្នាំ២០២៨ ខាងមុខ ដោយប្រើប្រាស់ ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគរបស់ សហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក មានចំនួន ៥១% និងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) មានចំនួន ៤៩% ដោយការវិនិយោគនេះ នឹងត្រូវអនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)។
ប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន