រោងចក្រផលិតសំបកកង់រថយន្ត ទំហំ ៤០ហិកតា តម្លៃ ១៤០ លានដុល្លារ មានទីតាំងនៅខេត្តក្រចេះ បានបើកដំណើរការជាផ្លូវការហើយ!


ក្រចេះ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ទីប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ បានឲ្យដឹងថា រោងចក្រផលិត សំបកកង់យានយន្ត របស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តម្លៃ ១៤០លានដុល្លារ ដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ ឱ្យដំណើរការជាផ្លូវការហើយ។

គួរឲ្យដឹងដែរថា រោងចក្រនេះ ត្រូវបានសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា និងបានបើកការដ្ឋានសាងសង់ កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ និងបានចំណាយពេលជាង ១ ឆ្នាំដើម្បីបញ្ចប់ការសាងសង់។

គូសសម្គាល់ដែរថា រោងចក្រនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ មានសក្តានុពល ស្រូបយកគម្រោងវិនិយោគ លើវិស័យសំខាន់ៗមួយចំនួនដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មថ្មី មានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប ផងដែរ។

បើគិតមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងដំណើរការក្នុងប្រទេសកម្ពុជា មានចំនួន ២៦តំបន់ ដោយបានស្រូបយក គម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និងបានផ្តល់ការងារ ជូនបងប្អូនកម្មករនិយោជិត ដែលរស់នៅតាមតំបន់ទាំងនោះ ប្រមាណ ១៨ម៉ឺនកន្លែង។

យ៉ាងណា គម្រោងវិនិយោគផលិត សំបកកង់យានយន្ត មានចំនួន៥ ត្រូវបានចុះបញ្ជីវិនិយោគ ក្នុងទីតាំងតំបន់សេដ្ឋកិច្ចពិសេស នេះបើយោងតាម របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ប្រភពពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា