រតនគិរី៖ យោងតាមព័ត៌មាន ដែលទទួលបានពី ហ្វេសបុកផេកផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចុះផ្សាយនៅថ្ងៃទី ៧ កញ្ញា បានលើកឡើងពី តំបន់កសិឧស្សាហកម្មរបស់ ស្រុកអូរយ៉ាដាវ។
គួរឲ្យដឹងដែរថា ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥ ៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង។
ឃុំទាំង ៧ នេះ សុទ្ធសឹងបង្កបង្កើន ផលនូវដំណាំកសិឧស្សាហកម្ម ពិសេស ដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋាន ស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដូចជា៖
- ដំណាំកៅស៊ូ មានផ្ទៃដីដាំដុះ សរុបចំនួន ៦ ៩២២ហិកតា និងផ្ទៃដីចៀរជ័រ សរុបចំនួន ៥ ៦៤៣ហិកតា ។
- ដំណាំស្វាយចន្ទី មានផ្ទៃដីដាំដុះសរុប ១៥ ០៣០ ហិកតា។
បន្ថែមពីនេះ ស្រុកអូរយ៉ាដាវ ក៏មាននូវរោងចក្រកែច្នៃដំឡូងមី ចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូ ចំនួន ២ ផងដែរ ដែលផ្តល់ទិន្នផលខ្ពស់ សម្រាប់ការនាំចេញទៅលក់ នៅលើទីផ្សារក្រៅប្រទេស។