កម្ពុជា ជាប់ជាប្រទេសដែលមាន ដើមកៅស៊ូមានវ័យចំណាស់ និងនៅរស់រានច្រើនជាងគេ លើពិភពលោក ព្រមទាំងមានផ្ទៃដីដាំដុះកៅស៊ូ ប្រមាណ ៤៤ ម៉ឺនហិកតា នៅទូទាំងផ្ទៃប្រទេស!


ភ្នំពេញ៖ បើតាមការលើកឡើងរបស់ លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៦ កញ្ញា កន្លងទៅនេះ បានឲ្យដឹងថា កម្ពុជាបានក្លាយជាប្រទេស ដែលមានចំនួនដើមកៅស៊ូវ័យចំណាស់ នៅរស់រានមានជីវិត ច្រើនជាងគេបំផុតលើពិភពលោក គឺមានរហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ១៤ហិកតា នៃផ្ទៃដីដំាដុះកៅស៊ូសរុបជាង ៤៤ម៉ឺនហិកតា នៅទូទាំងប្រទេស។

លោកអគ្គនាយករង ក៏បានបញ្ជាក់ផងដែរថា ចម្ការកៅស៊ូចំណាស់ជាងគេ ក្នុងប្រទេសកម្ពុជា ស្ថិតក្នុងឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ក្នុងចំការនេះ មានដើមកៅស៊ូចំនួន ៤៤៨ដើម ដែលនៅរស់រានមានជីវិត លើផ្ទៃដីប្រមាណ ១៤ហិកតា នៃផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៤០ ០០០ហិកតា នៅទូទាំងប្រទេស។

ដូចគ្នានេះដែរ ចម្ការទាំងនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្វែងរកពូជកៅស៊ូ ដែលអាចលូតលាស់ និងផ្តល់ទិន្នផលយ៉ាងសំខាន់ ក្នុងបរិយាកាសកសិកម្ម របស់កម្ពុជា។

បើតាមលោកអគ្គនាយករង ឃុន កក្កដា បានលើកឡើងផងដែរថា ចម្ការកៅស៊ូដំបូងគេ នៅកម្ពុជាត្រូវបានបង្កើតឡើង នៅឆ្នាំ១៩១០ ដោយជនជាតិបារាំងម្នាក់ឈ្មោះ ប៊ូយ៉ា ដែលបានយក ចំការកៅស៊ូមកដាំនៅស្រុកព្រៃនប់ ខេត្តកំពត (បច្ចុប្បន្នខេត្តព្រះសីហនុ)។

ប៉ុន្តែដោយសារសណ្ឋានដី នៅខេត្តកំពត មិនសូវអំណោយផល សម្រាប់ដំណាំកៅស៊ូ ក្រោយមកក្នុងឆ្នាំ១៩២១ ក៏មានក្រុមហ៊ុនបារំាងធំៗ ចំនួន៥ទៀត បានមកស្វែងរកប្រភេទដីក្រហមបាសាល់ ដែលមានក្សេត្របរិស្ថានសមស្រប សម្រាប់ដំណាំកៅស៊ូ តាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តរតនគិរី ហើយក៏ចាប់ផ្ដើមដាំដុះ ជាលក្ខណៈឧស្សាហកម្ម ទ្រង់ទ្រាយធំចំនួន៥កន្លែង តាំងពីពេលនោះមក។

អស់រយៈពេលជាង ១០០ឆ្នាំកន្លងមកនេះ ឧស្សាហកម្មចម្ការកៅស៊ូ នៅកម្ពុជា បានភ្ជាប់ទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយប្រជាជន និងវិស័យកសិកម្ម បើទោះបីជាមានការផ្លាស់ប្ដូរ អ្នកដឹកនាំក៏ដោយ។

គូសសម្គាល់ផងថា គិតត្រឹមបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូជាង ៤៤ម៉ឺនហិកតា លាតសន្ធឹងនៅខេត្តចំនួន ១១ ក្នុងចំណោមនោះ មានដើមកៅស៊ូជិត ៨០% កំពុងផ្ដល់ផលសម្រាប់ កែច្នៃផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ ទីផ្សារបរទេស។

យ៉ាងណាមិញ បើយោងតាមស្ថិតិទំនិញនាំចេញ ដែលបានចេញផ្សាយដោយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ កញ្ញា ២០២៤ បានបង្ហាញផងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកៅស៊ូ និង ផលិតផលធ្វើអំពីកៅស៊ូ បានជាង ៨៨១លានដុល្លារ កើនឡើង ៨៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។

ប្រភពពី អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ