ខ្លោងទ្វារទិសខាងត្បូងនៃប្រាសាទតាព្រហ្ម ស្ថិតក្នុងការជួសជុលឡើងវិញ និងបង្ហាញរូបរាងដើមបណ្តើរៗហើយ ក្រោយខូចខាតអស់ជាច្រើនឆ្នាំ!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានពី ហ្វេសបុកផេករបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ខ្លោងទ្វារទិសខាងត្បូង ប្រាសាទតាព្រហ្ម ដែលរលំដួលទាំងស្រុង អស់ជាច្រើនឆ្នាំមកហើយ ចាប់ផ្ដើមបង្ហាញរូបរាងដើម ជាបណ្ដើរៗឡើងវិញ បន្ទាប់ពីអាជ្ញាធរជាតិអប្សរា រួមសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ជួសជុលអស់ពេលជាច្រើនខែមក។

ការងារជួសជុលនេះ ត្រូវបានចាប់ផ្តើមតាំងពី ពាក់កណ្តាលឆ្នាំ២០២៤ មក ដោយធ្វើការពង្រឹងគ្រឹះ និងតួខ្លោងទ្វារឡើងវិញ បន្ទាប់ពីអ្នកជំនាញ បានចំណាយពេល១ឆ្នាំក្នុងការសិក្សា រុះរើថ្មតាមបច្ចេកទេសអាណាស្ទីលឡូ។

ជាក់ស្តែងក្នុងនោះដែរ ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar បានឲ្យដឹងថា តាំងពីដើមឆ្នាំ២០២៣ មក ក្រុមការងារបានសិក្សា រុះរើគំនរថ្ម ដែលជ្រុះធ្លាក់សន្ធប់មកលើ តួខ្លោងទ្វារទាំងមូល និងស្វែងរកថ្ម ដែលចល័តខុសពី ទីតាំងដើមមកផ្គុំសាកល្បង ឱ្យត្រូវតាមទីតាំងដើម ព្រមទាំងជួសជុលថ្មបាក់បែក ឬខូចខាតមួយចំនួន កំណាយបុរាណវិទ្យា ពិសោធន៍ដីគ្រឹះជាដើម។

អ្នកគ្រប់គ្រងការដ្ឋានរូបនេះ បានបន្ថែមថា មកដល់ពាក់កណ្ដាលឆ្នាំ២០២៤ ក្រុមការងារបានរៀបចំ ជួសជុលពង្រឹងគ្រឹះខ្លោងទ្វារនិងខឿន ជញ្ជាំងមួយចំនួន តាមលំនាំឡើងវិញជាបន្តបន្ទាប់។ កិច្ចការនេះអាចរលូន ទៅបានឆាប់រហ័ស ដោយសារតែថ្មដើមរបស់ខ្លោងទ្វារ អាចរកឃើញប្រមាណជា ៩៥% យកមកដាក់នៅទីតាំងដើមឡើងវិញ។

លោក Chitranjan បញ្ជាក់ទៀតថា ការងារជួសជុលខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្មនេះ ត្រូវបានអភិរក្សទាំងដើមឈើផង ស្របតាមអនុសាសន៍របស់ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) ផងដែរ។

 

ប្រភពពី អាជ្ញាធរជាតិអប្សរា