ភ្នំពេញ៖ នាព្រឹកថ្ងៃ ២៤ កញ្ញាឆ្នាំ២០២៤ នេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពង់បំផុត ទ្រង់សព្វព្រះរាជហរទ័យ យាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដើម្បីដាក់ឱ្យដំណើរការជាផ្លូវការ ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ រាជធានីភ្នំពេញ និងអបអរសាទរខួបលើកទី៣១ នៃការប្រកាសដាក់ឱ្យ ប្រើប្រាស់រដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា។
ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញនេះដែរ ក៏មានការចូលរួមផងដែរ ពីសំណាក់ឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូចជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេច ឯកឧត្តម លោកជំទាវ ជាច្រើនរូបទៀតផងដែរ។
ក្នុងនោះដែរ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេស និងជាអ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក៏បានលើកឡើងឲ្យដឹងកាលពីម្សិលមិញថា គិតរហូតដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញបានធ្វើវិសោធនកម្មចំនួន ១០លើកជាបន្តបន្ទាប់ហើយ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ និងដើម្បីការពារប្រយោជន៍ជាតិមាតុភូមិ។
វិសោធនកម្មលើកទី១ ធ្វើឡើងពាក់ព័ន្ធការផ្តល់សិទ្ធិ ដល់ប្រមុខរដ្ឋស្តីទីដើម្បីចុះហត្ថលេខា លើព្រះរាជក្រម ឬព្រះរាជក្រឹត្យ លើកទី២ ការបង្កើតឱ្យមានស្ថាប័នព្រឹទ្ធសភា លើកទី៣ ការបង្កើតនិងប្រទាន គ្រឿងឥស្សរិយយសជាតិ លើកទី៤ សម្តៅធានានូវ ដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ និងលើកទី៥ ការកែប្រែកូរ៉ុមនៃការប្រជុំរដ្ឋសភា ជាដើម។
ដោយឡែក ចំពោះវិសោធនកម្មលើកទី៦ ការសម្រួលសំឡេងបោះឆ្នោតពី ២/៣ មកជាមតិភាគច្រើនដាច់ខាត និងកូរ៉ុមប្រជុំ លើកទី៧ ការកែប្រែរចនាសម្ព័ន្ធរដ្ឋបាល ទឹកដីមកជារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ លើកទី៨ ពាក់ព័ន្ធនឹងតំណាងរាស្ត្រ អង្គការរៀបចំការបោះឆ្នោត និងការសើរើនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី៩ ការធានានូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ និងលើកទី១០ ការធានានូវដំណើរកាជាប្រក្រតីនៃស្ថាប័នជាតិ។
លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា ក៏បានគូសបញ្ជាក់ថា ឯកឧត្តម លី រស្មី រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសជាស្ថាបត្យករ សម្រាប់សាងសង់វិមានរដ្ឋធម្មនុញ្ញថ្មីនេះ។
គាត់ក៏បានរម្លឹកផងថា វិមានរដ្ឋធម្មនុញ្ញ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីដើមខែកញ្ញា កន្លងទៅ។ សម្រាប់ថវិកាសម្រាប់ សាងសង់វិមានរដ្ឋធម្មនុញ្ញ ទទួលបានពីរដ្ឋាភិបាលកម្ពុជា។
វិមានរដ្ឋធម្មនុញ្ញ គឺមានលក្ខណៈពិសេសដូចជា ស្ថាបត្យកម្មអាចចាត់ទុកជា សំណង់លោហធាតុ ដោយផ្នែកខាងលើធ្វើឡើង ដោយសំរឹទ្ធប្រមាណ ៧០% និងស្ពាន់ ៣០% ដែលចាត់ទុកជាសំណង់ ធ្វើពីលោហធាតុដំបូងគេ នៅក្នុងប្រទេសកម្ពុជា ហើយនៅផ្នែកខាងក្រោមធ្វើពីថ្មភក់។
ដោយឡែក បើយោងតាមហ្វេកផុកផេកផ្លូវការ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏បានបង្ហាញផងដែរថា វិមានរដ្ឋធម្មនុញ្ញ ជាសំណង់និមិត្តរូបនៃរដ្ឋធម្មនុញ្ញ និងជាបេតិកភណ្ឌជាតិ ដ៏វិសេសវិសាលមួយ កសាងឡើងក្នុងសម័យកាលដ៏រុងរឿង ក្រោមដំបូលនៃសុខសន្តិភាព។
ស្ថាបត្យកម្ម នៃសំណង់បេតិកភណ្ឌជាតិនេះ ស្ថាបត្យករ បានធ្វើសំយោគបញ្ចូល ក្នុងសិល្បៈស្ថាបត្យកម្ម ញ៉ាំងឱ្យគ្រប់ផ្នែកនៃសំណង់នេះ ផ្សារភ្ជាប់ដោយខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ក្នុងសណ្ឋានជារូបភាពសំយោគរវាង៖
១) ស្ថាបត្យកម្មក្រិករ៉ូម៉ាំង សម្ដែងនូវ និមិត្តរូបនៃគុណតម្លៃទំនើប
២) ស្ថាបត្យកម្មខ្មែរបុរាណសម្ដែងនូវ និមិត្តរូបនៃគុណតម្លៃខ្មែរ ដែលគុណតម្លៃទាំងពីរនេះ មានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពពី KhmerTimes និងហ្វេសបុកផេក សម្តេចតេជោ ប្រធានព្រឹទ្ធសភា
រូបភាពពី ហ្វេសបុកផេក សម្តេចតេជោ សម្តេចធិបតី និង នាំផ្លូវ-Lead The Way