សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដែលទទួលបានពីរដ្ឋបាលខេត្តសៀមរាប ដែលបានចុះផ្សាយ នៅថ្ងៃ ២៤កញ្ញានេះ បានឲ្យដឹងថា អង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ បានសហការជាមួយ រដ្ឋបាលខេត្តសៀបរាប នឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ ដោយចាប់ផ្តើម ហែចេញពីមុខ មន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប តែម្តង។
គូសសម្គាល់ឲ្យដឹងផងថា ការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំ ជារៀងរាល់ឆ្នាំនាថ្ងៃទី២៧ ខែកញ្ញា ដោយអង្គការទេសចរណ៍ពិភពលោក របស់អង្គការសហប្រជាជាតិ និងលើកកម្ពស់ផ្សព្វផ្សាយ គោលដៅទេសចរណ៍ខេត្តសៀមរាប ប្រកបដោយការច្នៃប្រឌិត ដើម្បីបង្កើតបរិយាកាស ចូលរួម ទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេសចរណ៍ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។
ដូចគ្នានេះដែរ ចំពោះការរៀបចំក្បួនហែ គឺចេញពីមុខមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវសំខាន់ៗ មួយចំនួនក្នុងក្រុង ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។
រដ្ឋបាលខេត្តសៀមរាប ក៏បានបង្ហាញពី ការអញ្ជើញសាធារណជន ឲ្យចូលរួមក្នុងការហែនេះ ឲ្យបានច្រើនកុះករផងដែរ ដើម្បីលើកស្ទួយមុខមាត់ជាតិ និងលើកកម្ពស់ទេសចរណ៍ខេត្ត។
ប្រភពពី រដ្ឋបាលខេត្តសៀមរាប