ខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ដែលស្ថិតក្នុងសភាពទ្រុឌទ្រោមខ្លាំង កំពុងរៀបចំការងារត្រៀមជួសជុលឲ្យបានរឹងមាំឡើងវិញ ខណៈការសិក្សា សម្រង់ប្លង់ និងកំណាយរកថ្មដើមដែលបានជ្រុះ ត្រូវបានបញ្ចប់!


សៀមរាប៖ បើយោងតាមព័ត៌មាន ដែលទទួលបានតាមរយៈអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ២៤ កញ្ញាកន្លងទៅ បានឲ្យដឹងថា ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ តាមទម្រង់ដើម។

ក្នុងនោះដែរ លោក ជា សារិទ្ធិ បុរាណវិទូ និងជាអ្នកគ្រប់គ្រងការដ្ឋាន បានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃ រចនាសម្ពន្ធខ្លោងទ្វារ បានរលុះធ្លាក់ចេញ ពីទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួន ពុកផុយជាដើម។

អ្នកជំនាញរូបនេះបានបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារ បានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុល តួខ្លោងទ្វារក្នុងឆ្នាំ ២០២៥ ខាងមុខ។ លោក សារិទ្ធិ បញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើម តាំងពីពាក់កណ្តាលខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ ៨០% ដែលជាផ្នែកនៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង។

ដោយឡែក លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី  មានសភាពតូចនិងថ្ម មានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួល ប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្មនីមួយៗ ត្រូវដឹងពីដំណរថ្ម ពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។

ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាងណា ក្រុមការងារបានខិតខំឱ្យស្វែងរកថ្ម ដើម្បីយកមកបំពេញនូវ រចនាសម្ពន្ធខ្លោងទ្វារ ឱ្យរឹងមាំឡើងវិញ។

ប្រភពពី អាជ្ញាធរជាតិអប្សរា