SSCA៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ៥ ឬ ៦ ត្រូវបានរំពឹងថា នឹងភ្ជាប់ជើងហោះហើរមកកម្ពុជា នៅចុងឆ្នាំ២០២៤ នេះ!


ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ថ្មី ចំនួនប្រាំ ឬប្រាំមួយ នឹងបង្កើតការតភ្ជាប់ ជើងហោះហើរត្រង់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិ របស់កម្ពុជា ដោយបង្ហាញពីភាពទាក់ទាញ ដែលកំពុងកើនឡើង របស់កម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏គួរឲ្យចាប់អារម្មណ៍មួយនៅអាស៊ីអាគ្នេយ៍ នេះបើយោងតាមព័ត៌មាន ដែលទទួលបានពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) កាលពីថ្ងៃ២៤ កញ្ញាកន្លងទៅ។

ប្រភពដដែលបានបង្ហាញថា ឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា SSCA បានកត់សម្គាល់ពី ការកើនឡើងជាលំដាប់នៃសកម្មភាពអាកាសចរណ៍ ដែលបង្ហាញថា អាកាសយានដ្ឋានរបស់កម្ពុជា កាន់តែមានភាពទាក់ទាញ សម្រាប់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ។

ឯកឧត្តម បានប្រាប់ឲ្យដឹងបន្ថែមថា “មានក្រុមហ៊ុនអាកាសចរណ៍មួយចំនួន កំពុងពិភាក្សា សម្រាប់ប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា។ ប្រសិនបើមិនមានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ចំនួនប្រាំ ឬប្រាំមួយ នឹងចាប់ផ្តើមជើងហោះហើរផ្ទាល់ មកកម្ពុជានៅចុងឆ្នាំនេះ។”

ឯកឧត្តម បានគូសបញ្ជាក់ថា លំហូរចូលនៃក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ នឹងមិនត្រឹមតែបង្កើន ការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់កំណើនសេដ្ឋកិច្ច តាមរយៈការជម្រុញទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

ឯកឧត្តម បានមានប្រសាសន៍ទៀតថា “នៅពេលដែលមាន ក្រុមហ៊ុនអាកាសចរណ៍កាន់តែច្រើន ដំណើរការនៅកម្ពុជា អ្នកដំណើរនឹងមានជម្រើស ជើងហោះហើរកាន់តែទូលំទូលាយ ដែលនាំឱ្យ តម្លៃកាន់តែទាប និងបង្កើនភាពងាយស្រួល។”

ព័ត៌មានដែលទទួលបាន ពីសេចក្តីប្រកាសរបស់ SSCA គឺជាសញ្ញាវិជ្ជមាន សម្រាប់ឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជា ដែលបាននឹងកំពុងពង្រីក ជាបន្តបន្ទាប់ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិចំនួនបី របស់ប្រទេសកម្ពុជាបានគ្រប់គ្រងអ្នកដំណើរ តាមផ្លូវអាកាសរួមគ្នាចំនួន ៣,០៣ លាននាក់ ចាប់ពីខែមករាដល់ខែមិថុនា កើនឡើង ២២% ពីចំនួន ២,៤៨ លាននាក់ ដែលបានកត់ត្រា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គូសសម្គាល់ដែរថា បច្ចុប្បន្នប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ ដែលពីរក្នុងចំណោមនោះគឺ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ កំពុងស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា (Cambodia Airport)។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយចិន ស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានអន្តរជាតិអង្គរ (កម្ពុជា) Angkor International Airport Investment (Cambodia)។

ដោយឡែក គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី (Techo International Airport-TIA) ដំណាក់កាលទី១ ដែលមានតម្លៃ ១,៥ ពាន់លានដុល្លារ គិតមកទល់ពេលនេះ សម្រេចបាន ៧៨% ហើយ ដោយគ្រោងនឹងដំណើរការពេញលេញ ក្នុងឆមាសទី១ ឆ្នាំ២០២៥។ នៅពេលបើកដំណើរការ អាកាសយានដ្ឋានលំដាប់ 4F នឹងអាចទទួលអ្នកដំណើរបាន ១៣ លាននាក់ក្នុងមួយឆ្នាំ។

ប្រភពពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA)