ទីក្រុងទាំង ១០ ដែលកំពុងលេចធ្លោ លើទីផ្សារអចលនទ្រព្យ


ទីផ្សារអចលនទ្រព្យពិភពលោក មានការវិវឌ្ឍឥតឈប់ឈរ ជាមួយនិន្នាការថ្មីៗ ការដាក់ផែនការអភិវឌ្ឍន៍ទីក្រុង តម្លៃទីផ្សារប្រកួតប្រជែង កំណើនសេដ្ឋកិច្ចខ្ពស់ និងមានសក្ដានុពលសម្រាប់ វិនិយោគស្វែងរកប្រាក់ចំណេញ ជាដើម។ ខាងក្រោមនេះ គឺជាទីក្រុងទាំង ១០ ជុំវិញពិភពលោក កំពុងលេចធ្លោ លើឱកាសវិនិយោគអចលនទ្រព្យ។

១. ទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត អារ៉ាប់រួម

សេដ្ឋកិច្ចទីក្រុងឌូបៃ កំពុងរីកចម្រើនខ្លាំង តម្រូវការនៃអចលនទ្រព្យកម្រិតខ្ពស់ កំពុងរីកលូតលាស់ច្រើន ហើយទីតាំងដ៏មានសក្ដានុពល របស់ទីក្រុងនេះ បានទាក់ទាញវិនិយោគិន មកពីជុំវិញពិភពលោក។ លើសពីនេះ ផែនការអភិវឌ្ឍទីក្រុងរបស់រដ្ឋាភិបាលអារ៉ាប់រួម ដូចជា Dubai Plan 2021 និង Expo 2020 បានបង្ហាញពីភាពរីកចម្រើន នៃហេដ្ឋារចនាសម្ព័ន្ធទំនើបៗ នៅទីក្រុងឌូបៃ។

តម្លៃអចលនទ្រព្យទីក្រុងឌូបៃ មានតម្លៃខ្ពស់ ប៉ុន្តែឱកាសវិនិយោគនៅតែមាន ជាពិសេសការវិនិយោគអចលនទ្រព្យប្រណិតៗ ហើយទីផ្សារជួល នៅមានតម្រូវការខ្ពស់ ដែលល្អសម្រាប់អ្នកទិញទុកជួល អាចជួយរកចំណូលបាន ជាពិសេស វិនិយោគិន អាចសម្លឹងមើល គម្រោងអភិវឌ្ឍថ្មីៗដូចជា Dubai South និង Jumeirah Lakes Tower ដែលមានតម្លៃសមរម្យ មានឱកាសកើនឡើងខ្ពស់។

២. ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់

ទីក្រុង Lisbon កំពុងទាក់ទាញ ដោយសារកម្មវិធី Golden Visa ដែលរដ្ឋាភិបាលព័រទុយហ្គាល់ ផ្ដល់សញ្ជាតិសម្រាប់អ្នកវិនិយោគ ឬទិញអចលនទ្រព្យចាប់ពីតម្លៃ ៥០០ ០០០ អឺរ៉ូឡើងទៅ។ ទីក្រុងនេះក៏ចំណាយថ្លៃរស់នៅ ទាបជាងទីក្រុងជាច្រើនផ្សេងទៀតនៅអឺរ៉ុប ជាទីក្រុងប្រវត្តិសាស្ត្រ អមជាមួយវប្បធម៌ មានឆ្នេរសមុទ្រស្រស់ស្អាត និងកំពុងរីកចម្រើនលើវិស័យបច្ចេកវិទ្យា ធ្វើអោយ Lisbon អាចជាគោលដៅសម្រាប់ វិនិយោគលើការស់នៅ និងសម្រាប់ចូលនិវត្តន៍។

តម្លៃអចលនទ្រព្យនៅទីក្រុង Lisbon កំពុងកើនឡើងជាលំដាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែនៅទាបជាងបណ្ដាទីក្រុង ជាច្រើនទៀតនៅអឺរ៉ុប តម្រូវការជួលក៏មានកម្រិតខ្ពស់ ដែលល្អបំផុតសម្រាប់ អ្នកវិនិយោគស្វែងរកប្រាក់ចំណេញ ពីការជួល រយៈពេលខ្លី។ ចំពោះវិនិយោគិន អាចសម្លឹងមើលអចលនទ្រព្យ នៅសង្កាត់ Arroios និង Alcantara ទីក្រុង Lisbon ដោយសារវានៅមានតម្លៃសមរម្យ និងកៀកទៅនឹងតំបន់សំខាន់ៗនៃទីក្រុង។

៣. ទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់

ប្រទេសអាល្លឺម៉ង់ មានស្ថិរភាពសេដ្ឋកិច្ចល្អ និងតម្រូវការផ្នែកលំនៅដ្ឋានច្រើន ជាពិសេសនៅតំបន់ កំពុងរីកចម្រើនខ្លាំងដូចជា Mitte និង Kreuzberg ដែលល្អបំផុតសម្រាប់ការវិនិយោគ ទិញសម្រាប់ដាក់ជួលរយៈពេលវែង។ តម្លៃអចលនទ្រព្យ នៅទីក្រុងប៊ែកឡាំង កើនឡើងខ្ពស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែនៅមានតម្លៃទាប បើធៀបទៅទីក្រុងធំៗ ផ្សេងទៀតនៅអឺរ៉ុប ហើយគេសង្កេតឃើញថា នៅភាគខាងកើតទីក្រុងប៊ែកឡាំង អចលនទ្រព្យនៅមាន តម្លៃទាបជាងភាគខាងលិច សម្រាប់វិនិយោគិនពិចារណាបាន។

៤. ទីក្រុងអាំស្ទើដាំ ប្រទេសហូឡង់

ទីក្រុងអាំស្ទើដាំ មានផ្ទៃដីទំនេរតិចតួចណាស់ ទន្ទឹមនឹងការរីកចម្រើនសេដ្ឋកិច្ចខ្លាំង ធ្វើអោយតម្លៃដីធ្លីនៅទីក្រុងនេះ ស្ថិតនៅស្ដង់ដារខ្ពស់មួយក្នុងទ្វីបអឺរ៉ុប។ ដោយសារតែទីក្រុងនេះ ផ្ដោតសំខាន់លើការរស់នៅ ផ្សារភ្ជាប់ជាមួយធម្មជាតិ និងបរិស្ថាន ដូចនេះការវិនិយោគ ត្រូវផ្ដោតសំខាន់លើអេកូឡូស៊ី ដូចជាវិនិយោគនៅក្បែរតំបន់ មានប្រឡាយទឹក ក្បែរផ្លូវជិះកង់ និងតំបន់មានប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។

តម្លៃអចលនទ្រព្យទីក្រុងអាំស្ទើដាំ ស្ថិតនៅកម្រិតខ្ពស់ ដូចនេះវិនិយោគិន អាចសម្លឹងមើលនៅតំបន់ ជាយក្រុងកំពុងអភិវឌ្ឍថ្មី ដូចជា Nieuw-West និង Zeeburg ដែលមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មកកណ្ដាលក្រុងងាយស្រួល ហើយពិចារណាទៅលើ អចលនទ្រព្យផ្នែកលំនៅដ្ឋាន ដែលមានតម្រូវការលក់ និងជួលខ្ពស់នៅឡើយ។

៥. ទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា សហរដ្ឋអាមេរិច

ស្ថិតនៅតំបន់ត្រូពិច ជាតំបន់ឆ្នេរសមុទ្រវែងបំផុតមួយ នៅសហរដ្ឋអាមេរិច និងកំពុងរីកចម្រើនវិស័យបច្ចេកវិទ្យា ទីក្រុងម៉ៃអាមី រដ្ឋផ្លរីដា ជាទីក្រុងលេចធ្លោមួយ សម្រាប់ការវិនិយោគ។ ទីក្រុងនេះ កំពុងទាក់ទាញវិនិយោគ ពីអាមេរិចឡាទីន និងអន្តរជាតិ ទៅលើអចលនទ្រព្យផ្នែកខុនដូ និងអចលនទ្រព្យនៅមុខតំបន់ឆ្នេរ សម្រាប់វិសមកាល។ សម្រាប់វិនិយោគិន អាចសម្លឹងមើលទីផ្សារអចលនទ្រព្យ ខុនដូប្រណិតៗ សម្រាប់ការដាក់ជួលរយៈពេលខ្លី ដែលមានតម្រូវការខ្ពស់។

៦. ទីក្រុងអូស្ទីន រដ្ឋតិចសាស់ សហរដ្ឋអាមេរិច

ទីក្រុងអូស្ទីន ជាឋានសួគ៌នៃ ឧស្សហកម្មបច្ចេកវិទ្យា មានពន្ធទាប និងការកម្សាន្ដច្រើនក្នុងពេលរាត្រី ដែលល្អបំផុតសម្រាប់ អ្នកធ្វើការអាជីពវ័យក្មេង និងចាប់ផ្ដើមអាជីវកម្ម (start-up)។ តម្លៃអចលនទ្រព្យទីក្រុងអូស្ទីន កំពុងឡើងថ្លៃរាល់ឆ្នាំ ប៉ុន្តែនៅទាបជាងឆ្ងាយ បើធៀបទៅនឹង ទីក្រុងបច្ចេកវិទ្យាផ្សេងទៀត នៅសហរដ្ឋអាមេរិច ដូចជាទីក្រុងស៊ីអាថុល ឬសាន់ហ្វ្រាន់ស៊ីស្កូ ជាដើម។ សម្រាប់វិនិយោគិន អាចសម្លឹងមើលទីតាំង នៅជាយក្រុង ដូចជា Zilker និង Barton Hills ដែលមានតម្លៃទាប ជាងនៅកណ្ដាលក្រុង ហើយពិចារណាលើការវិនិយោគ លំនៅដ្ឋាន ឬខុនដូជួលរយៈពេលវែង។

៧. ទីក្រុង Denver រដ្ឋ Colorado សហរដ្ឋអាមេរិច

ទីក្រុង Denver មានទេសភាពស្រស់ស្អាត មានទីផ្សារការងារខ្ពស់ កំពុងរីកចម្រើនលើ វិស័យសុខាភិបាល និងឧស្សាហកម្មយន្ដហោះ ដែលធ្វើអោយតម្រូវការលំនៅដ្ឋាន កើនឡើងជាលំដាប់។ តម្លៃអចលនទ្រព្យទីក្រុងនេះ កំពុងកើនឡើងជាលំដាប់ ប៉ុន្តែនៅទាបជាង ទីក្រុងឆ្នេរសមុទ្រ ដូចជា ម៉ៃអាមី និងស៊ីអាថុល ហើយទីផ្សារជួលមានកម្រិតខ្ពស់ ទាំងការជួលរយៈពេលវែង និងខ្លី។ សម្រាប់វិនិយោគិន អាចសម្លឹងមើល តំបន់សហគមន៍អភិវឌ្ឍថ្មី ដូចជា RiNo និង Highlands ដែលមានទេសភាពស្រស់ស្អាត នៅក្បែរតំបន់ភ្នំ និងសួនឧទ្យានជាតិ។

៨. ទីក្រុងស៊ីអាថុល រដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិច

ស៊ីអាថុល ជាមូលដ្ឋានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Microsoft និង Amazon ជាដើម ហើយកំពុងរីកចម្រើនលើក្រុមហ៊ុន start-up និងកំណើនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ធ្វើអោយមានតម្រូវការខ្ពស់ លើលំនៅដ្ឋាន។ ទីក្រុងនេះ ក៏មានទេសភាពស្រស់ស្អាត វប្បធម៌ចម្រុះ ទាក់ទាញប្រជាជនវ័យក្មេង និងការរស់នៅបែបគ្រួសារ។ អចលនទ្រព្យនៅទីក្រុងនេះ មានតម្លៃប្រកួតប្រជែងខ្ពស់ ប៉ុន្តែទីផ្សារជួលនៅតែមានខ្ពស់ ជាពិសេសការជួលរយៈពេលខ្លី ដែលវិនិយោគិន អាចពិចារណាបានទៅតំបន់ Ballard និង Fremont ដែលជាតំបន់សក្ដានុពល បំផុតបើប្រៀបទៅនឹងកណ្ដាលទីក្រុង។

៩. ទីក្រុងតូរ៉ុនតូ ប្រទេសកាណាដា

តូរ៉ុនតូ ជាទីក្រុងមានស្ថិរភាពសេដ្ឋកិច្ច មានច្បាប់អន្តោប្រវេសន៍ល្អ មានឱកាសការងារច្រើន បច្ចេកវិទ្យាជឿនលឿន និងជាទីក្រុងចម្រុះជាតិសាសន៍ ទាក់ទាញអ្នកទិញអចលនទ្រព្យ ទាំងអ្នកក្នុងស្រុក និងអ្នកមកពីបរទេស។ អចលនទ្រព្យទីក្រុងនេះ មានតម្លៃខ្ពស់ទៅហើយ ជាពិសេសនៅតំបន់ជាប់សមុទ្រ ឬតំបន់កណ្ដាលក្រុង ដែលត្រូវអោយវិនិយោគិនពិចារណា លើការវិនិយោគរកប្រាក់ចំណូលរយៈពេលវែង។ យ៉ាងណាមិញ វិនិយោគិនអាច សម្លឹងមើលសហគមន៍អភិវឌ្ឍថ្មីដូចជា Liberty Village និង Parkdale ដែលមានតម្រូវការអចលនទ្រព្យខ្ពស់។

១០. ទីក្រុងតូក្យូ ប្រទេសជប៉ុន

ទីក្រុងតូក្យូ មានសេដ្ឋកិច្ចរឹងមាំ ដីធ្លីប្រើប្រាស់នៅសេសសល់តិចតួច អចលនទ្រព្យតម្លៃខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប មធ្យោបាយធ្វើដំណើរសាធារណៈ មានប្រសិទ្ធភាពខ្ពស់ បច្ចេកវិទ្យាកម្រិតខ្ពស់ និងមានវប្បធម៌ ជីវិតរស់នៅសម្បូរបែប ធ្វើអោយតម្រូវការអចលនទ្រព្យ ទីក្រុងតូក្យូ ល្អសម្រាប់ការវិនិយោគរយៈពេលវែង។ អ្វីដែលអ្នកត្រូវដឹង ទីផ្សារអចលនទ្រព្យទីក្រុងតូក្យូ មានតម្លៃខ្ពស់រួចទៅហើយ ដូចនេះកំណើនតម្លៃ ត្រូវការពេលវេលា ប៉ុន្តែទីផ្សារសម្រាប់ជួល មានតម្រូវការខ្ពស់ ដែលវិនិយោគិនអាចពិចារណា ទៅតំបន់ Shibuya និង Shinjuku ដែលអាចទិញដាក់ជួល សម្រាប់រកចំណូលរយៈពេលខ្លី។

 

ប្រភព៖ Norada Real Estate Investment