គម្រោងអគារមានរាងគូប មានឈ្មោះថា Mukaab មានប្រវែងនិងកម្ពស់ ៤០០ ម៉ែត្រ គ្រប់ជ្រុងទាំងអស់ នឹងលេចរូបរាងឡើង នៅក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងក្លាយទៅជាអគារ មានទំហំធំបំផុតលើលោក ដោយគេប្រៀបធៀបផ្ទៃខាងក្នុង របស់អគារ Mukaab អាចផ្ទុកអគារ Empire State នៅទីក្រុងញ៉ូវយ៉ក បានដល់ ២០ ដងឯណោះ។
Mukaab ជាភាសាអារ៉ាប់ ដែលប្រែថា Cube ឬ គូប ដែលបញ្ជាក់យ៉ាងច្បាស់ពី រូបរាងរបស់អគារនេះ និងបង្ហាញពីស្ថាបត្យកម្ម Najdi សម័យទំនើប ប៉ុន្តែអ្វីដែលអស្ចារ្យ គឺវាត្រូវបានសាងសង់ នៅក្នុងទំហំធំ ខណៈដែលអគារខ្ពស់ៗភាគច្រើន មានរូបរាងស្រួចៗ ម្យ៉ាងទៀតកម្ពស់រហូតដល់ ៤០០ ម៉ែត្រ គឺជាផ្ទៃខាងលើ នៃចុងកំពូលអគារ ត្រៀមរៀបចំជាសួនឧទ្យាន លើអាកាសខ្ពស់បំផុត និងធំបំផុតលើពិភពលោក ថែមទាំងជាសំណង់អគារទោល មានផ្ទៃក្រឡាធំបំផុតលើលោក ដោយមានផ្ទៃក្រឡាសរុប ២ លានម៉ែត្រការ៉េ។
អគារ Mukaab ត្រូវបានវិនិយោគដោយក្រុមហ៊ុន The New Murabba ដែលមានព្រះអង្គម្ចាស់ Mohammed bin Salman ជាប្រធានឧត្តមក្រុមប្រឹក្សា បានចាប់ផ្ដើមគម្រោងកាលពីឆ្នាំ២០២៣ និងបានបើកការដ្ឋាននៅឆ្នាំ២០២៤ ត្រៀមនឹងបញ្ចប់នៅឆ្នាំ ២០៣០។ មកទល់ពេលនេះ ក្រុមការងារបានកាយ គ្រឹះសំណង់សម្រាប់សាងសង់អគារ ជាង ១០ លានម៉ែត្រគូប ប្រើប្រាស់អេស្កាវ៉េទ័រ ចំនួន ២៥០ គ្រឿង គ្រឿងចក្រសម្រាប់ដឹកដីចំនួន ៤០០ គ្រឿង និងមានវិស្វករជំនាញ ជាងបច្ចេកទេស និងកម្មករ ធ្វើការក្នុងការដ្ឋាន ប្រមាណ ៩០០ នាក់ ក្នុងមួយថ្ងៃៗ។
សំណង់ដ៏មហិមានេះ នឹងត្រូវប្រើប្រាស់ជាអគារចម្រុះ ដោយខាងក្នុងមាន សកលវិទ្យាល័យ សារមន្ទីរ សាលមហោស្រព លំនៅដ្ឋានខុនដូ ជាង ១០ ម៉ឺនយូនីត ការិយាល័យមានជាង ៩ ម៉ឺនម៉ែត្រការ៉េ និងទីតាំងសម្រាប់ជួលលក់រាយជាង ១៨ ម៉ឺនម៉ែត្រការ៉េ។
ប្រភព៖ dezeen