អាស៊ី ជាទ្វីបមានទំហំធំជាងគេ មានផ្ទៃដីសរុប ៤៤ លានគីឡូម៉ែត្រការ៉េ ដែលគ្របដណ្ដប់ជាង ៣០% នៃផ្ទៃដីសរុបលើពិភពលោក និងបែងចែកត្រឹមតែ ៤៨ ប្រទេសប៉ុណ្ណោះ បានធ្វើអោយទ្វីបនេះ សម្បូរទៅដោយបណ្ដាប្រទេសធំៗជាច្រើន។ តែទ្វីបអាស៊ី ក៏មានប្រទេសតូចៗច្រើនដែរ ហើយប្រទេសខ្លះសឹងតែ មិនអាចមើលឃើញ នៅក្នុងផែនទីពិភពលោកទៀតផង។ ដូចនេះ យើងនឹងស្គាល់ ប្រទេសតូចៗទាំង ១០ នៅទ្វីបអាស៊ី។
១. ប្រទេសម៉ាល់ឌីវ
ម៉ាល់ឌីវ មានផ្ទៃដីសរុបត្រឹមតែ ៣០០ គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ជាប្រជុំកោះតូចៗចំនួន ២៦ នៅក្នុងមហាសមុទ្រឥណ្ឌា ដែលយើងសឹងតែ មិនអាចមើលឃើញ ក្នុងផែនទីពិភពលោក និងមានមនុស្សរស់នៅត្រឹមតែជាង ៤២ ម៉ឺននាក់ ប៉ុណ្ណោះ។ រដ្ឋធានីម៉ាល់ឌីវ មានឈ្មោះថា Malé និងមានតំបន់រដ្ឋបាលចំនួន ២១ កោះផ្សេងទៀត។ ប្រទេសម៉ាល់ឌីវ ត្រូវបានគេស្គាល់ថា ជាគោលដៅទេសចរណ៍ ឆ្នេរសមុទ្រស្រស់ស្អាតបំផុតមួយ នៅលើពិភពលោក និងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ីសមុទ្រ ដូចជា ផ្កាថ្ម ១៨៧ ប្រភេទ, ត្រីបាឡែន និងដូហ្វីន ២១ ប្រភេទ, សត្វត្រីជាង ១ ១០០ ប្រភេទ, អណ្ដើកសមុទ្រ ៥ ប្រភេទ -ល- ដែលជាឋានសួគ៌ សម្រាប់អ្នកស្រលាញ់សមុទ្រ។
២. ប្រទេសសិង្ហបុរី
សិង្ហបុរី ស្ថិតនៅចុងជ្រោយម៉ាឡាកា នៃឧបទ្វីបម៉ាឡេ ជាប្រទេសកោះ មានទំហំត្រឹម ៧១៤ គីឡូម៉ែត្រការ៉េ ដែលយើងអាច ធ្វើដំណើរលើកោះសិង្ហបុរី (Mainland) ពីចុងខាងកើត ទៅដល់ចុងខាងលិច ត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ។ ប្រទេសសិង្ហបុរី ហ៊ុមព័ន្ធដោយឆ្នេរសមុទ្រប្រវែង ១៩៣ គីឡូម៉ែត្រ និងមានប្រជុំកោះតូចៗ មួយចំនួនទៀតដូចជា កោះ Sentosa, Jurong, Palau Ubin និង Pulau Tekong ហើយប្រទេសនេះ កំពុងចាក់ដីបំពេញបាតសមុទ្រ ដើម្បីធ្វើជាដីគោកសម្រាប់ប្រើប្រាស់បន្ថែមផងដែរ។
៣. ប្រទេសបារ៉ែន
បារ៉ែន ជាប្រទេសកោះមួយទៀត ដែលស្ថិតនៅឈូងសមុទ្រពែក្ស មានផ្ទៃដីសរុប ៧៦៤ គីឡូម៉ែត្រការ៉េ និងមានប្រជាជន រស់នៅសរុប ១,៤ លាននាក់។ ដើមឡើយ ប្រទេសនេះ ជាទីប្រជុំកោះសរុបត្រឹមតែ ៣៣ ប៉ុណ្ណោះ ប៉ុន្តែដោយសារការចាក់បំពេញដីបន្ថែម ធ្វើអោយប្រទេសនេះ មានកោះសរុបចំនួន ៨០ នៅពេលបច្ចុប្បន្ន។ កោះដែលធំជាងគេ មានឈ្មោះថា Umm an Nasan មានរាជធានី Manama នៅកោះនោះ ហើយមានកោះធំៗមួយចំនួនទៀត ដូចជា Bahrain Island, Sitra Island, Muharraq Island, និង Hawar Island ជាដើម។ ប្រហែល ៩២% នៃផ្ទៃដីប្រទេសបារ៉ែន គឺជាវាលខ្សាច់ និងតំបន់ស្ងួត ដែលមិនអាចរស់នៅបាន។
៤. ប្រទេសប្រ៊ុយណេ
ស្ថិតនៅលើកោះ Borneo តំបន់អាស៊ីអាគ្នេយ៍ ប្រទេសប្រ៊ុយណេ ត្រូវបានព័ន្ធព្រំដែនដោយ ដែនដីម៉ាឡេស៊ីខាងកើត ឬហៅថារដ្ឋ Sarawak និងមានព្រំដែនខាងជើង ជាប់ឈូងសមុទ្រចិន។ ប្រ៊ុយណេ មានផ្ទៃដី ៥ ៧៦៥ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៤២ ម៉ឺននាក់ ដោយក្នុងនោះ មានជនជាតិម៉ាឡេប្រ៊ុយណេ ៦៦,៣% និងជនជាតិចិនជាង ១១%។ ប្រ៊ុយណេ ជាប្រទេសកំណប់អណ្ដូងរ៉ែ ដែលល្បីល្បាញ ផ្នែកឧស្សាហកម្មប្រេង រ៉ែ និងឧស្ម័នធម្មជាតិ ហើយត្រូវបានគេចាត់ទុកជា ប្រទេសអ្នកមាន បំផុតនៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីសិង្ហបុរី។
៥. រដ្ឋប៉ាឡេស្ទីន
រដ្ឋប៉ាឡេស្ទីន ស្ថិតនៅមជ្ឈឹមបូព៌ា មានផ្ទៃដីសរុប ៦ ០២០ គីឡូម៉ែត្រការ៉េ បែងចែកចេញជា ២ គឺតំបន់ West Bank និងតំបន់ Gaza មានប្រជាជនរស់នៅសរុប ៤,៥ លាននាក់។ ទឹកដីប៉ាឡេស្ទីន ភាគច្រើនត្រូវបានគ្រប់គ្រងដោយ អ៊ីស្រាអែល ចាប់ពីឆ្នាំ ១៩៦៧ មកម្ល៉េះ ដោយរដ្ឋធានីយេរូសាឡឹម មិនត្រូវបានទទួលស្គាល់ ក្នុងផែនទីពិភពលោកនោះទេ ប៉ុន្តែជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែល។ យ៉ាងណាមិញ នៅខែមិថុនា ឆ្នាំ២០២៤ រដ្ឋប៉ាឡេស្ទីន ត្រូវបានទទួលស្គាល់ពីសមាជិកចំនួន ១៤៦ នៃសមាជិកសរុប ១៩៣ ប្រទេស នៅអង្គការសហប្រជាជាតិ ឬស្មើនឹងការទទួលស្គាល់ ៧៥% ថាទឹកដីប៉ាឡេស្ទីន មានចំនួន ២ តំបន់ គឺតំបន់ West Bank រួមបញ្ចូលទាំងក្រុងយេរូសាឡឹមខាងកើត និងតំបន់ Gaza។
៦. សាធារណរដ្ឋសៃព្រឹស (Cyprus)
សាធារណរដ្ឋសៃព្រឹស ស្ថិតនៅលើកោះ Cyprus ក្នុងសមុទ្រមេឌីទែរ៉ាណេ នៃទ្វីបអឺរ៉ុប មានផ្ទៃដីសរុប ៩ ២៥០ គីឡូម៉ែត្រការ៉េ មានរដ្ឋធានីនៅទីក្រុង Nicosia និងមានប្រជាជនសរុប ១,២ លាននាក់។ កោះ Cyprus ស្ថិតនៅចន្លោះរវាង ទ្វីបអាហ្វ្រិកខាងជើង និងខាងត្បូងទ្វីបអឺរ៉ុប ដូចនេះ ត្រូវបានប្រទាញប្រទង់ គ្រប់គ្រងដោយ បណ្ដាជាតិសាសន៍មួយចំនួនក្នុងតំបន់ ដូចជា ពួកអឺរ៉ុបខាងលិច ក្រិច តួកគី ឡាវ៉ាន់ទីន និងប៊ីហ្សង់ទីន។ ជាចុងក្រោយ កោះ Cyprus នេះត្រូវបានចែកចេញជា ៤ ផ្នែកគឺ៖ សាធារណរដ្ឋសៃព្រឹស ដែលយើងកំពុងនិយាយ បានក្ដោបយកដី ៦០% នៃកោះ Cyprus, សាធារណរដ្ឋតួកគី នៃសៃព្រឹសខាងជើង ក្ដោបយក ៣៦% នៃកោះ Cyprus, ហើយតំបន់ Dhekelia និងតំបន់ Akrotiri ត្រូវបានបែងចែកដោយ អង្គការសហប្រជាជាតិ ជាដែនដីអធិបតេយ្យភាពរបស់ ចក្រភពអង់គ្លេស នៅឯនាយសមុទ្រ។
៧. ប្រទេសលីបង់
ប្រទេសលីបង់ មានផ្ទៃដីប្រហែល ១១ ៧៤៨ គីឡូម៉ែត្រការ៉េ លាតសន្ធឹងនៅឆ្នេរសមុទ្រ មេឌីទែរ៉ាណេ និងមានឈ្មោះជា គុជនៃមជ្ឈឹមបូព៌ា ដោយសារតែ ស្ថិតនៅទីតាំងសំខាន់ ក្នុងការតភ្ជាប់ រវាងបណ្ដាប្រទេស ជាប់សមុទ្រមេឌីទែរ៉ាណេ មកកាន់ប្រទេសឥណ្ឌា និងអាស៊ីខាងកើតជាដើម ហើយកំពង់ផែក្រុងបេរ៊ូត ជាកំពង់ផែសំខាន់បំផុតមួយ នៅក្នុងតំបន់។ យ៉ាងណាមិញ លីបង់ក៏ជាតំបន់ភូមិសាស្ត្រនយោបាយ តានតឹងដែរ ដោយសារតែវិវាទ ជាមួយប្រទេសអ៊ីស្រាអែល និងការហូរចូលនៃជនភៀសខ្លួនពីប្រទេសស៊ីរី។
៨. ប្រទេសកាតា
ស្ថិតនៅភាគខាងលិចនៃទ្វីបអាស៊ី ប្រទេសកាតា មានផ្ទៃដីសរុប ១១ ៥៨៥ គីឡូម៉ែត្រការ៉េ មានព្រំដែនគោក ជាប់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត និងព្រំដែនទឹកជាប់ឈូងសមុទ្រពែក្ស ហើយមានប្រជាជនរស់នៅសរុប ប្រហែល ២,៦ លាននាក់។ កាតា ត្រូវបានចាត់ទុកជាប្រទេសអ្នកមាន ដោយសារតែកំណប់អណ្ដូង ប្រេងមហាសាល នៅឈូងសមុទ្រពែក្ស ធ្វើអោយកាតា ក្លាយជាប្រទេសនាំចេញ ប្រេងធំលំដាប់ទី៣ លើពិភពលោក។
៩. ប្រទេសទីម័រខាងកើត
មានផ្ទៃដីសរុប ១៤ ៨៧៤ គីឡូម៉ែត្រការ៉េ ទីម័រខាងកើត ជាប្រទេសតូចលំដាប់ទី៣ នៅអាស៊ីអាគ្នេយ៍ និងមានប្រជាជនរស់នៅសរុប ១,៣ លាននាក់។ ទឹកដីប្រទេសទីម័រខាងកើត មានចំនួន ៤ ផ្នែកសំខាន់ៗគឺ៖ ទីម័រខាងកើត, កោះ Jaco និងកោះ Atauro, និងតំបន់ Oecusse ដែលហ៊ុមព័ន្ធដោយដែនដីប្រទេសឥណ្ឌូនេស៊ី។ សូមបញ្ជាក់ថា ប្រទេសទីម័រ ធ្លាប់ស្ថិតក្រោមអាណានិគម ព័រទុយហ្គាល់ រហូតដល់ឆ្នាំ ១៩៧៥ និងទើបទទួលបានឯករាជ្យ ពីឥណ្ឌូនេស៊ី នៅឆ្នាំ២០០២ ប៉ុណ្ណោះ។
១០. ប្រទេសគុយវ៉ែត
ស្ថិតនៅចុងខាងជើង នៃឈូងសមុទ្រពែក្ស ប្រទេសគុយវ៉ែត មានផ្ទៃដីសរុប ១៧ ៨១៦ គីឡូម៉ែត្រការ៉េ មានប្រជាជនរស់នៅសរុប ៤,២ លាននាក់ ដោយក្នុងនោះមាន ២,៩ លាននាក់ ជាជនបរទេសចំណាកស្រុក។ ប្រទេសគុយវ៉ែត មានដែនដីចំនួន ៩ កោះ ហើយមានសេដ្ឋកិច្ចរឹងមាំ ដោយសារកំណប់អណ្ដូងរ៉ែ បានចិញ្ចឹមសេដ្ឋកិច្ច និងការនាំចេញខ្លាំងបំផុត ក្នុងប្រាក់ចំណូលប្រទេសនេះ។
ប្រភព៖ NewsAtlas