អគារកម្ពស់ ១ គីឡូម៉ែត្រ នឹងបន្ដសាងសង់ឡើងវិញនៅឆ្នាំ ២០២៥


អគារខ្ពស់បំផុត Jeddah Tower ដែលមានកម្ពស់រហូតដល់ ១ ០០០ ម៉ែត្រ ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ី សាអ៊ូឌីត បានបើកការដ្ឋានសាងសង់តាំងពីឆ្នាំ ២០១៣ ប៉ុន្តែត្រូវផ្អាកការងារអស់ជាង ៦ ឆ្នាំ នឹងត្រូវចាប់ផ្ដើមបន្ដឡើងការងារឡើងវិញ នៅដើមឆ្នាំ២០២៥ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៨ ក្លាយជាអគារខ្ពស់បំផុតលើលោក ជំនួយដំណែងអគារ Burj Khalifa នៅទីក្រុងឌូបៃ។

អគារ Jeddah Tower នឹងស្ថិតនៅទីក្រុង Jeddah ជាទីក្រុងកំពង់ផែ នៅតំបន់សមុទ្រក្រហម ប្រទេសអារ៉ាប៊ី សាអ៊ូឌីត ស្ថិតនៅអមជាមួយនឹង សំណង់សំខាន់ផ្សេងៗទៀតក្នុងទីក្រុង ដូចជា ព្រះវិហារអ៊ីស្លាមបណ្ដែតលើទឹក Penang តំបន់ប្រវត្តិសាស្ត្រ Al Balad និងតំបន់ទស្សនាផ្កាថ្ម នៅសមុទ្រក្រហមជាដើម។ អគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Jeddah Economic Company នឹងត្រៀមសាងសង់ ទីក្រុងរណបថ្មីនៅជុំវិញអគារ ដែលមានទំហំ ៥,២ លានម៉ែត្រការ៉េ មានឈ្មោះថា Jeddah Economic City ដោយចំណាយទឹកប្រាក់ជាង ២០ ពាន់លានដុល្លារបន្ថែម។

សំណង់អគារ Jeddah Tower ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន Adrian Smith + Gordon Grill Architecture មានរចនាបថបែបដើមដូង និងកំពូលឡើងស្រួច បង្ហាញពីភាពអស្ចារ្យ នៃសំណង់អគារខ្ពស់បំផុតលើលោក ក្នុងទម្រង់ Neo-Futuristic ជារចនាបថឫសគល់នៃអត្តសញ្ញាណ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត បញ្ចូលដោយបច្ចេកវិទ្យាអនាគត។ អគារ Jeddah ជាអគារប្រើប្រាស់ចម្រុះ មានទាំង លំនៅដ្ឋានកម្រិតខ្ពស់ តំបន់ពាណិជ្ជកម្ម តំបន់លក់រាយ កន្លែងកម្សាន្ដ និងការិយាល័យ ហើយក៏មានកន្លែងទស្សនាលើអគារ (Observation deck) ខ្ពស់ជាងគេបំផុតលើលោក គ្រប់គ្រងដោយសណ្ឋាគារ Four Seasons នឹងប្រើប្រាស់ជាកន្លែងចតឧទ្ធម្ភាគចក្រ ផងដែរ។

អគារនេះ ចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ ២០១៣ និងត្រូវផ្អាកនៅឆ្នាំ ២០១៨ ដោយសារតែក្រុមហ៊ុនម៉ៅការសំណង់ Binladen Group ត្រូវបានដកចេញ ពីព្រោះប្រធានក្រុមហ៊ុន Binladen Group លោក Bakr Bin Laden ដែលត្រូវជាបងប្អូនប្រុសរបស់លោក Osama Bin Laden ត្រូវបានចាប់ខ្លួន ពីបទអំពើពុករលួយ។ រហូតមកដល់ឆ្នាំ ២០១៩ វិបត្តិជំងឺកូវីដ-១៩ ក៏បានវាយប្រហារសេដ្ឋកិច្ចពិភពលោក ដែលធ្វើអោយគម្រោងនេះ ពន្យាពេលរហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ទើបក្រុមហ៊ុន Jeddah Economic Company ប្រកាសជ្រើសរើសអ្នកម៉ៅការសាងសង់ថ្មី ប៉ុន្តែមិនទាន់រកបាននៅឡើយ។ អគារនេះ ត្រូវបានផ្អាកការសាងសង់ ដោយបន្សល់ទុកសំណង់រួចរាល់ ៣០% សាងសង់បានត្រឹមជាន់ទី ៦៣ ខណៈគម្រោងទាំងមូល នឹងមានសរុប ១៥៧ ជាន់អគារ។

យ៉ាងណាមិញ តាមការបញ្ជាក់ពី ក្រុមហ៊ុន Jeddah Economic Company សំណង់អគារនេះ នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ ២០២៥ ដោយក្រុមហ៊ុនកំពុងចចារ ជាមួយក្រុមហ៊ុនម៉ៅការសំណង់ថ្មី ដោយបោះទុនបន្ថែមចំនួន ២,១ ពាន់លានដុល្លារ ដើម្បីបញ្ចប់គម្រោង អោយរួចរាល់ នៅត្រឹមឆ្នាំ២០២៨ ខាងមុខ។ ក្រោយបញ្ចប់ការសាងសង់ អគារ Jeddah Tower (មានកម្ពស់ ១ ០០០ ម៉ែត្រ) នឹងជំនួសដំណែងអគារ Burj Khalifa ជាអគារខ្ពស់បំផុតលើលោក (មានកម្ពស់ ៨២៨ ម៉ែត្រ) អស់រយៈពេលជាង ១៥ ឆ្នាំមកនេះ។

 

ប្រភព៖ The B1M