អន្តរជាតិ៖ ប្រទេសថៃ កំពុងមានក្តីរំពឹង ប្រកបដោយទំនុកចិត្តថា ខ្លួននឹងសម្រេចបានគោលដៅដ៏មានមហិច្ឆតា សម្រាប់ចំនួនភ្ញៀវទេសចរចំនួន ៣៦,៧ លាននាក់ក្នុងឆ្នាំ ២០២៤ ដែលត្រូវបានជម្រុញ ដោយលំហូរនៃអ្នកធ្វើដំណើរយ៉ាងខ្លាំង នាពេលរដូវកាលដំណើរកម្សាន្តចុងឆ្នាំ ដែលនឹងខិតជិតមកដល់។
ជាក់ស្តែង អាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TAT) បានផ្តោតលើការលើកកម្ពស់ ភាពងាយស្រួលនៃការធ្វើដំណើរ ជាមួយនឹងជើងហោះហើរថ្មី និងទីផ្សារយុទ្ធសាស្ត្រជាច្រើន ជាពិសេសផ្តោតលើ រដូវកាលនៃកំណើនអ្នកដំណើរខ្ពស់ (High season) ពីតំបន់អាស៊ីប៉ាស៊ីហ្វិក ខាងត្បូង។
ខណៈពេលដែលសូចនាករវិជ្ជមាន កំពុងជម្រុញទេសចរណ៍អន្តរជាតិ TAT ក៏ទទួលស្គាល់ ពីបញ្ហាប្រឈមដែលអាច កើតមានពីជម្លោះនៅក្នុងពិភពលោក និងគ្រោះមហន្តរាយធម្មជាតិ ដែលអាចប៉ះពាល់ដល់ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិផងដែរ។
ដើម្បីគាំទ្រដល់គោលដៅនេះ វិស័យទេសចរណ៍ក្នុងស្រុក ក៏ត្រូវបានលើកទឹកចិត្តដែរ ជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីពង្រីករយៈពេលនៃការស្នាក់នៅ របស់ភ្ញៀវទេសចរ និងបង្កើនការចំណាយរបស់ភ្ញៀវទេសចរ ខណៈដែលប្រទេសថៃ មានបំណងរកចំណូលពីវិស័យទេសចរណ៍ ឲ្យបានជិត ១ពាន់ពាន់លានបាត (1 trillion baht) នៅចុងឆ្នាំ។
ប្រភព៖ Seasia. co