ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាស្ពានដ៏សំខាន់ សម្រាប់ទំនាក់ទំនងឥណ្ឌា-កម្ពុជា


មជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅល្ងាចថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះគម្រោងដែលជា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា មានទឹកប្រាក់​ ៥ ម៉ឺនដុល្លារអាមេរិក ហើយឯកអគ្គរដ្ឋទូតឥណ្ឌា បានបង្ហាញនូវឆន្ទៈ ចង់ឃើញនិស្សិតខ្មែរ ទៅសិក្សានៅឥណ្ឌា កាន់តែច្រើនថែមទៀត ហើយជាពិសេសថា ពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ គឺជាស្ពានដ៏សំខាន់ សម្រាប់ទំនាក់ទំនងឥណ្ឌា-កម្ពុជា។

សមិទ្ធផល ដែលត្រូវបានសម្ពោធ ជាផ្លូវការនៅថ្ងៃនេះ ពុំមែនជារឿងចៃដន្យទេ ពោលគឺវាបានកើតចេញ ពីឆន្ទៈយ៉ាងច្បាស់លាស់ ហើយបើនិយាយ ឱ្យច្បាស់ជាងនេះបន្តិច តាំងពីពេលដែលខ្ញុំត្រូវបាន តែងតាំងជាឯកអគ្គរដ្ឋទូត ប្រចាំនៅកម្ពុជាមក ខ្ញុំបានជួបជាមួយ ព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ហើយក៏បានពិភាក្សា និងព្រមព្រៀងគ្នាថា នឹងបង្កើតមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជឡើង ហើយឥឡូវនេះ លទ្ធផលក៏បានកើតចេញជា រូបរាងដែលកំពុងត្រូវបាន សម្ពោធជាផ្លូវការនេះឯង។ នេះគឺជាការលើកឡើងរបស់ លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា នាឱកាសអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលព័ត៌មានវិទ្យា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកជំទាវបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ដ៏ខ្ជាប់ខ្ជួនម្នាក់បានលើកឡើង អំពីទំនាក់ទំនង កម្ពុជា និងឥណ្ឌា ដែលធ្លាប់មាននឹងគ្នា តាំងពីរាប់ពាន់ឆ្នាំមកហើយ ជាពិសេសតាមរយៈ ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ហេតុនេះស្ថានទូតឥណ្ឌា បានចាត់ទុកពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ ដែលជាស្ថាប័នឈានមុខគេ វិស័យពុទ្ធិកសិក្សានៅកម្ពុជានេះថា ជាស្ពានដ៏សំខាន់មួយ ក្នុងការផ្សាភ្ជាប់ ទំនាក់ទំនងរវាងឥណ្ឌា និងកម្ពុជា ហើយតាមរយៈទំនាក់ទំនង ដ៏ល្អត្រកាលនេះ ស្ថានទូតឥណ្ឌា ជាពិសេសលោកស្រីបណ្ឌិតផ្ទាល់ ចង់ឃើញ ហើយរំពឹងយ៉ាងមុតមាំថា នឹងមាននិស្សិតខ្មែរ ទៅសិក្សានៅតាមគ្រឹះស្ថាន ឧត្តមសិក្សានានានៅប្រទេសឥណ្ឌា កាន់តែច្រើនថែមទៀត ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយក្នុងនោះក៏រួមទាំង ឯកទេសព័ត៌មានវិទ្យា ឬ IT នេះផងដែរ ពីព្រោះឥណ្ឌាមានអាហារូបករណ៍ សម្រាប់និស្សិតខ្មែរជារៀងរាល់ឆ្នាំ ។

សូមជម្រាបថា គម្រោងមជ្ឈមណ្ឌលព័ត៌មានវិទ្យា របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលត្រូវបានសម្ពោធ នៅពេលនេះ មានតម្លៃជាទឹកប្រាក់សរុប ៥ ម៉ឺនដុល្លារ ដែលជាថវិកាជំនួយ របស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ហើយភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានមានព្រះថេរដីកាថា ជំនួយរបស់រដ្ឋាភិបាលឥណ្ឌា នាពេលនេះ ពិតជាមានសារៈប្រយោជន៍ខ្លាំងណាស់ សម្រាប់សមណនិស្សិត និងនិស្សិតប្រុសស្រី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដ្បិតថាទោះសិក្សាមុខជំនាញអ្វី ក៏សុទ្ធតែត្រូវការកុំព្យូទ័រ ព័ត៌មានវិទ្យា ហើយសម័យឌីជីថលនេះ គេមិនអាចខ្វះចំណេះដឹងផ្នែក ព័ត៌មានវិទ្យានេះបានទេ៕