កម្ពុជា ក្លាយជាប្រទេសគម្រូមួយ សម្រាប់ពិភពលោក លើការងារកម្ចាត់ជម្ងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាពខ្ពស់!


រាជធានីភ្នំពេញ៖ បើយោងតាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រនៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា បានក្លាយជាប្រទេសគម្រូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជម្ងឺរបេង យ៉ាងសកម្មនិងប្រកបដោយ ប្រសិទ្ធភាព ដោយក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាសម្រេចបានលទ្ធផល ដ៏គាប់ប្រសើរ។

តាមរយៈសារលិខិត ក្នុងឱកាសប្រារព្ធ ទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ ការអបអរសាទរជាមួយ ប្រជាជាតិទាំងអស់ ក្នុងពិភពលោក ក្នុងឱកាសនៃការប្រារព្ធ ទិវាពិភពលោកកំចាត់រោគរបេង ក្រោមប្រធានបទ "មែនហើយ! យើងអាចបញ្ចប់ជម្ងឺរបេងបាន” (Yes! We Can EndTB)។

ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្ត ជម្រុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់ សុខភាពរបស់ប្រជាជន ឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធ នឹងជម្ងឺរបេង ផ្សព្វផ្សាយជូនដល់ បងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហា និងផលវិបាកនៃជម្ងឺរបេង សំដៅចូលរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្ដីថ្លៃថ្នូរ របស់សង្គមជាតិទាំងមូល។

សម្តេចតេជោ បានសម្តែងនូវសេចក្តីរីករាយយ៉ាងខ្លាំង ដោយកម្ពុជាបានសម្រេច សមិទ្ធផលគួរជាទីមោទនៈ ក្នុងការប្រយុទ្ធនឹងជម្ងឺរបេង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខណៈដែលកាលពី២០ឆ្នាំមុន ប្រទេសកម្ពុជាស្ថិតក្នុង ចំណោមប្រទេសដែលមានអត្រា អ្នកកើតជម្ងឺរបេងខ្ពស់ជាងគេ ក្នុងពិភពលោក តែក្នុងរយៈពេលយ៉ាងខ្លី កម្ពុជាបានក្លាយជា ប្រទេសគំរូមួយ សម្រាប់ពិភពលោក ចំពោះការងារកំចាត់ជម្ងឺរបេង យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លទ្ធផលដ៏គាប់ប្រសើរនេះ បានកើតចេញពីកិច្ចខិតខំ ប្រឹងប្រែងរួមគ្នា របស់ប្រជាជាតិយើង ដែលក្នុងនោះរាជរដ្ឋាភិបាល បានពង្រីកសេវាពិនិត្យ និងព្យាបាលជម្ងឺរបេង តាមយុទ្ធសាស្ត្រដូតស៍ នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់ សហគមន៍ផងដែរ នៅទូទាំងប្រទេស។

សម្តេចបញ្ជាក់ថា តាមការស្រាវជ្រាវ និងការព្យាបាលជម្ងឺរបេង ជូនប្រជាជនដោយឥតបង់ថ្លៃ បានធ្វើឱ្យកិច្ចការនេះ មានការរីកចម្រើន គួរឱ្យកត់សម្គាល់ និងជាហេតុធ្វើឱ្យអត្រាឈឺ និងស្លាប់ ដោយសារជម្ងឺរបេង ក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ច្រើនជាងប្រទេសដទៃ ជាក់ស្ដែង អត្រាស្លាប់បានថយចុះពី៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ ២០០០ មកត្រឹម ២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះ ស្មើនឹង ៥០%។

រីឯអត្រាកើតមានជម្ងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី ៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់ ២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹង ធ្លាក់ចុះ ៥០% ផងដែរ៕