សម្រាប់ហេតុផលជាក់ស្តែង យើងមិនអាចស្រមៃចេញទេថា តើភាវៈទាំងអស់ ដែលកំពុងមានជីវិត នៅលើផែនដី អាចរស់បានដោយគ្មាអុកស៊ីសែននោះ? តើអុកស៊ីសែន អាចនឹងអស់ទេ នាពេលខាងមុខ? ឬក៏ តើផែនដីយើង នឹងអាចបន្តមានអុកស៊ីសែន ដល់ពេលណា?
មានការលើកឡើង និងការសិក្សាជាច្រើន ដែលព្យាករណ៍នៃទីបញ្ចប់របស់ជីវិត នៅលើផែនដី ដែលបណ្តាលមកពី អវត្តមានអុកស៊ីសែន នាពេលខាងមុខ អាចបណ្តាលមកពី៖ បញ្ហាបម្រែបម្រួលអាកាសធាតុ កង្វះឧស្ម័នកាបូនិក ផលប៉ះពាល់ពីអាចម៌ផ្កាយ កម្រិតវិទ្យុសកម្ម ឡើងខ្ពស់ ក៏ដូចជាកម្តៅព្រះអាទិត្យ ជះចូលមកក្នុងផែនដី កាន់តែខ្លាំង នៅពេលស្រទាប់អូហ្សូន កាន់តែស្តើង។
ឬមួយទៀត នៅក្នុងពេល ៦ពាន់លានឆ្នាំទៀត ដែលព្រះអាទិត្យនឹងរីកមាឌ ព្រមទាំងអាចត្របាក់ យកភពផ្សេងៗ ក្នុងប្រព័ន្ធសូឡា រួមទាំងភពផែនដីដែរ?
តើផែនដីរបស់យើង ទទួលបានអុកស៊ីសែន ដោយរបៀបណា?
ក្រុមអ្នកវិទ្យាសាស្ត្រ បានធ្វើការចង្អុលទៅលើព្រឹត្តិការណ៍ “Great Oxidation Event” ជាពេលដែលកម្រិតអុកស៊ីសែន នៅក្នុងបរិយាកាសផែនដី និងមហាសមុទ្រ ចាប់ផ្តើមកើនឡើងយ៉ាងខ្លាំង។ ព្រឹត្តិការណ៍នេះ បានកើតឡើងប្រហែល ២,៥ពាន់លានឆ្នាំមុន ហើយខណៈពេល ដែលមូលហេតុពិតប្រាកដ ត្រូវបានពិភាក្សា វាត្រូវបានសន្មតថា អុកស៊ីសែន កើតចេះរស្មីសំយោគ នៃរុក្ខជាតិបៃតងអន្តរកម្មជាមួយនឹង ខ្យល់ ដី និងពន្លឺព្រះអាទិត្យ និងបានចិញ្ចឹមដល់ ដំណកដង្ហើម នៃភាវរស់ធំៗ នាពេលនោះ។ ចំណែកខាងក្នុងជម្រៅមហាសមុទ្រវិញ អុកស៊ីសែន កើតចេញពីដំណើរនៃពពុះទឹក សំយោគនៃភាវៈតូចៗនៅក្នុងទឹក រុក្ខជាតិផ្សេងៗ តាមដំណើរនៃធម្មជាតិរបស់វា រួមជាមួយនឹងពន្លឺព្រះអាទិត្យផងដែរ។
ចុងបញ្ចប់នៃអុកស៊ីសែន នៅលើផែនដី?
ក្រុមអ្នកវិទ្យាសាស្ត្រ បាននិយាយថា ផែនដីនឹងមិនអាចមានបរិយាកាស ដែលសម្បូរដោយអុកស៊ីសែន បានជារៀងរហូតនោះទេ។
ខណៈដែល មិនអាចទស្សន៍ទាយអនាគតបាន អ្នកវិទ្យាសាស្ត្រអាចប្រើគម្រូកុំព្យូទ័រ ដើម្បីវិភាគស្ថានភាពផ្សេងៗគ្នា និងគណនារយៈពេល ដែលផែនដីអាចបន្តមានបរិយាកាស ដែលសម្បូរទៅដោយអុកស៊ីសែន។
ដើម្បីពិនិត្យមើលថា តើបរិយាកាសផែនដីនឹងវិវត្តយ៉ាងណានោះ លោក Kazumi Ozaki ជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Toho និង លោក Christopher Reinhard សាស្ត្រាចារ្យរង នៅវិទ្យាស្ថានបច្ចេកវិទ្យា Georgia បានបង្កើតគម្រូផែនដី នៅលើកុំព្យូទ័រដើម្បី Simulate ដំណើរការអាកាសធាតុ និងជីវគីមី។
ការសិក្សានេះ ត្រូវបានចេញផ្សាយនៅក្នុង Nature Geoscience បានរកឃើញថា អាយុកាលនាពេលអនាគត នៃបរិយាកាសដែលសម្បូរ ទៅដោយអុកស៊ីសែនរបស់ផែនដីគឺ ១ ពាន់លានឆ្នាំ។
លោក Ozaki និយាយថា "អស់ជាច្រើនឆ្នាំមកនេះ អាយុកាលនៃជីវមណ្ឌល របស់ផែនដីត្រូវបានពិភាក្សា ដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ អំពីការបំភ្លឺជាលំដាប់ នៃព្រះអាទិត្យ និងវដ្តភូមិសាស្ត្រគីមីកាបូន-ស៊ីលីតពិភពលោក។ ការរួមផ្សំមួយ នៃក្របខ័ណ្ឌទ្រឹស្តីបែបនេះ គឺការថយចុះជាបន្តបន្ទាប់នៃកម្រិត CO2 បរិយាកាស និងការឡើងកម្តៅផែនដីតាមមាត្រដ្ឋានភូមិសាស្ត្រ។ ជាទូទៅវាត្រូវបានគេគិតថា ជីវមណ្ឌលរបស់ផែនដី នឹងបញ្ចប់ក្នុងរយៈពេល ២ ពាន់លានឆ្នាំ ដោយសារតែការរួមបញ្ចូលគ្នា នៃការឡើងកម្តៅខ្លាំង និងកង្វះ CO2 សម្រាប់ការធ្វើរស្មីសំយោគ។”
ច្បាស់ណាស់ ការដំណើរការគម្រូកុំព្យូទ័រ ដើម្បីទស្សន៍ទាយយ៉ាងត្រឹមត្រូវ នូវអ្វីដែលនឹងកើតឡើង ចំពោះផែនដីនៅប៉ុន្មានពាន់លានឆ្នាំខាងមុខ កើតឡើងជាមួយនឹង បញ្ហារបស់វា។ ដើម្បីសន្និដ្ឋានជាមួយនឹង ប្រូបាប៊ីលីតេជាក់លាក់ នូវអ្វីដែលអាចកើតឡើង លោក Ozaki បានដំណើរការ Simulation លើកុំព្យូទ័រជាង ៤០០ ០០០ដង ដោយផ្លាស់ប្តូរទិដ្ឋភាពផ្សេងៗគ្នានៃគម្រូនីមួយៗរាល់ពេល។
គាត់បានរកឃើញថា បរិយាកាសដែលសម្បូរទៅដោយអុកស៊ីសែនរបស់ផែនដី នឹងមានរយៈពេល ១ពាន់លានឆ្នាំទៀត ដោយយោងលើកត្តាភូមិសាស្ត្រ អ្វីដែលកំពុងកើតមាន និងអាចកើតមាននាពេលអនាគត។
បន្ទាប់ពី ១ពាន់លានឆ្នាំនេះ ''rapid deoxygenation' នឹងកើតឡើង ហើយបរិយាកាសរបស់យើង នឹងត្រឡប់ទៅពេលនៃផែនដីដំបូង មុនពេលព្រឹត្តិការណ៍ “Great Oxidation Event” កាលពី ២,៥ពាន់លានឆ្នាំមុន។
លោកបាននិយាយថា នៅពេលនោះ បរិយាកាសផែនដីបន្ទាប់ពី rapid deoxygenation ត្រូវបានកំណត់លក្ខណៈ ដោយការកើនឡើងមេតាន កម្រិតទាបនៃ CO2 មិនអាចធ្វើសំយោគកម្មសម្រាប់អុកស៊ីសែនបាន និងគ្មានស្រទាប់អូហ្សូន។ ប្រព័ន្ធផែនដីប្រហែលក្លាយជាពិភពនៃទម្រង់ជីវិត anaerobic តែម្តង។"
ប្រភព៖ skyatnight magazine