គ្រឹះស្ថានអង្គរ រាយការណ៍ពីស្ថិតិភ្ញៀវទេសចរបរទេស និងចំណូលពីការលក់សំបុត្រ សម្រាប់រមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ បឹងមាលា និងកំពង់ផែចុងឃ្នៀស សម្រាប់រយៈពេល ៨ខែនៃឆ្នាំ ២០២៥


យោងតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ ដែលបានចេញផ្សាយនៅថ្ងៃទី ១កញ្ញាឆ្នាំ២០២៥ នេះ បានឲ្យដឹងថា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល៨ខែនៃឆ្នាំ២០២៥ រកចំណូលបាន ៣១,០៨លានដុល្លារ (កើនឡើង ២,៤២%) ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេស ៦៦,៩ម៉ឺននាក់ (កើនឡើង ២,៧២%)។ យ៉ាងណាបើគិតសម្រាប់តែខែសីហាឆ្នាំ ២០២៥ រមណីយដ្ឋានអង្គរ លក់សំបុត្រជូនភ្ញៀវទេសចរបរទេសបាន ៥០ ៨៤៨នាក់ និងរកចំណូលបាន ២,៤លានដុល្លារ។

ដោយឡែក សម្រាប់ប្រាសាទកោះកែរវិញ ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥ នេះ រកចំណូលបាន ២០,៦ម៉ឺនដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេស ១៣ ៧៧៩នាក់ និងបើគិតត្រឹមខែសីហាឆ្នាំ២០២៥ វិញ ប្រាសាទកោះកែរ លក់សំបុត្រជូនភ្ញៀវទេសចរបរទេសបាន ៩៩៨នាក់ និងរកចំណូលបាន ១៤ ៩៧០ដុល្លារ។

សម្រាប់ប្រាសាទបឹងមាលា ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៥ នេះ រកចំណូលបានខ្ទង់ ១០ម៉ឺនដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេស ១០ ១៨៥នាក់ ហើយបើគិតតែសម្រាប់ខែសីហាឆ្នាំ២០២៥ នេះ ប្រាសាទនេះ​ រកចំណូលបាន ១០ ៨០០ដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេស ១ ០៨០នាក់។

ក្នុងរយៈពេល ៨ខែដំបូងនេះ កំពង់ផែចុងឃ្នៀស រកចំណូលពីការលក់សំបុត្រជិះទូកបាន ៩៤,៧ម៉ឺនដុល្លារ ដែលមានសេវាឈ្នួលទូកសរុប ១៩ ៨៩០ទូក។

 

ប្រភព៖ គ្រឹះស្ថានអង្គរ