នៅក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗ ក្រៅពីសម្ព័ន្ធភាព និងក្តីស្រឡាញ់ដែលមានចំពោះគ្រួសារហើយនោះ របស់មួយទៀតដែលពិតជាមានតម្លៃបំផុតនោះ គឺជាមិត្តភាពដែលមានជាមួយនឹងមិត្តភ័ក្រ្ត ជាពិសេសមិត្តដែលយល់ចិត្តថ្លើមគ្នាខ្លាំង។ អ្នកខ្លះគាត់ជិតស្និទ្ធិជាមួយនឹងមិត្តរបស់គាត់ ខ្លាំងជាងសមាជិកគ្រួសារទៅទៀត ដោយហេតុតែ គាត់តែងតែពិភាក្សា និងចែករំលែកគ្រប់យ៉ាងទាំងការសប្បាយ និងបញ្ហាជាមួយនឹងមិត្តគាត់ ដែលរឿងខ្លះមិនអាចឲ្យសមាជិកគ្រួសារដឹងបាន។
ពាក្យថាមិត្តភាពពិតជាមានន័យធំធេងណាស់ ជាពិសេសសម្រាប់ស្ត្រីវ័យចំណាស់ពីរនាក់នេះ។ លោកយាយ Kathleen Saville និង Olive Woodward បច្ចុប្បន្នមានវ័យ 89 ឆ្នាំដូចគ្នា ហើយពួកគាត់បានរាប់គ្នាជាមិត្តតាំងពីឆ្នាំ 1941 ជាពេលដែលគាត់អាយុ 11 ឆ្នាំមកម៉្លេះ។ បើយោងតាម BBC ថ្មីៗនេះពួកគាត់ទាំងពីរបានផ្លាស់ប្តូរទីលំនៅ មករស់នៅមណ្ឌលជាស់ជរា (Nursing home) នៅក្នុងចក្រភពអង់គ្លេសជាមួយគ្នាតែម្តង។
ពេញមួយជីវិតរបស់ពួកគេ Saville និង Woodward មិនដែលរស់នៅឆ្ងាយពីគ្នាជាង 10 នាទីទេ ហើយត្រឹមតែពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីលោកយាយ Saville បានមករស់នៅឯផ្ទះថែទាំមនុស្សចាស់ Berry Hill Park នៅ Mansfield, Nottinghamshire នោះ រំលងបានបន្តិចលោកយាយ Woodward ក៏ផ្លាស់មកតាមដែរ។
លោកយាយ Woodward ដែលបានរើចូលផ្ទះកាលពី 6 សប្តាហ៍មុន បានប្រាប់ BBC ថា “ប្រសិនបើខ្ញុំមិនសប្បាយចិត្ត ឬមានបញ្ហា ខ្ញុំត្រូវតែទៅរក Kathleen ហើយយើងនឹងនិយាយគ្នា ព្រមទាំងសើចរហូត”។ គាត់បញ្ជាក់ថាជារៀងរាល់មិនលោះថ្ងៃឡើយ សម្លាញ់របស់គាត់ពិតជាមានឥទ្ធិពលវិជ្ជមានមកលើគាត់។
មិនដូចមនុស្សជាច្រើនដែលស្គាល់គ្នា អស់រយៈពេលជាច្រើនទសវត្សមកហើយឡើយ លោកយាយ Saville និយាយថា មិត្តសម្លាញ់របស់គាត់ម្នាក់នេះ មិនដែលឈ្លោះគ្នាទេ ដែលគាត់ចាត់ទុកថាជាគន្លឹះនៃចំណងមិត្តភាព ដែលស្ថិតស្ថេរជាដរាប។ “យើងដឹងថាយើងតែងតែជាមិត្តល្អ នៅពេលដែលយើងបានជួបគ្នា។ នាងមានន័យណាស់ចំពោះជីវិតរបស់ខ្ញុំ”។ លោកយាយ Saville បានប្រាប់ BBC ថា ពួកគាត់ក៏នឹងនៅតែជាមិត្តល្អនឹងគ្នា រហូតជីវិតរបស់ពួកគាត់នៅលើផែនដីមកដល់ទីបញ្ចប់។ ទាំងលោកយាយ Kathleen Saville និង Olive Woodward បានបញ្ជាក់ថា ពួកគាត់នឹងនៅជាមិត្តសំឡាញ់នឹងគ្នា បន្តនៅឯឋានសួគ៌ទៀតផង។
នៅឯផ្ទះនៃមណ្ឌលចាស់ជរា ពួកគាត់ទាំងពីរក៏ទទួលបានរហ័សនាមថា “Dynamic Duo” ទៀតផង។ អ្នកចាត់ការ Sally Tebbett បានប្រាប់ BBC ថា “ពួកគាត់មិនដែលឈប់ជជែក និងលេងសើចឡើយជាមួយគ្នាឡើយ។ វាគួរឱ្យស្រឡាញ់ណាស់ ពួកគាត់ទាំងពីរស្រឡាញ់គ្នាយ៉ាងពិតប្រាកដ ដែលយើងទាំងអស់គ្នាអាចមើលឃើញពីការស្រឡាញ់ដ៏ស្មោះត្រង់មួយនេះបាន។"