កន្លងមកនេះ ផ្លូវដែកនៅកម្ពុជាត្រូវទទួលរងការខូចខាត កាត់ផ្ដាច់ និងបោះបង់ចោលអស់រយៈពេលជាច្រើនឆ្នាំដោយសារតែភ្លើងសង្គ្រាម ហើយទើបតែចាប់ផ្ដើមដំណើការស្ថាបនាឡើងវិញចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៦ កន្លងទៅនេះប៉ុណ្ណោះសម្រាប់បម្រើដល់វិស័យដឹកជញ្ជូន ប៉ុន្តែក៏មិនទាន់ធ្វើការដឹកជញ្ជូនទំនិញកម្រិតធ្ងន់នៅឡើយដែរ។ កាលពីខែមេសា ឆ្នាំ ២០១៩ កន្លងទៅ ផ្លូវដែកកម្ពុជា-ថៃ ឬយើងហៅថា ផ្លូវដែកទិសពាយ័ព្យ ដែលធ្លាប់បានបោះបង់ចោលអស់រយៈពេល ៤៥ ឆ្នាំមកហើយនោះ ត្រូវបានជួសជុលរួចរាល់ និងដាក់សម្ពោធឲ្យប្រើប្រាស់ឡើងវិញ និងការសាងសង់នូវស្ថានីយ៍រថភ្លើងប៉ោយប៉ែត នៅច្រកព្រំដែនកម្ពុជា-ថៃផងដែរ។
បើយោងតាម ឯកឧត្តម លី បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន, អគ្គនាយកដ្ឋានគយនិងរដ្ឋាករ, អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ គ្រោងនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំនៅប្រទេសថៃ នាខែកុម្ភៈខាងមុខនេះ ដើម្បីពិភាក្សាអំពីនីតិវិធី ក្នុងការដឹកជញ្ជូនទំនិញឆ្លងដែន តាមផ្លូវដៃកនៃប្រទេសទាំងពីរ។
ឯកឧត្តមបន្ដថា នៅក្នុងដំណើរទស្សនកិច្ចនោះ ក្រុមគណៈប្រតិភូកម្ពុជា ក៏នឹងសិក្សាអំពីនីតិវិធីនៃគម្រោងដឹកជញ្ជូនផ្លូវដែករួមគ្នាជាមួយប្រទេសថៃ ជាមួយប្រទេសឡាវ និងប្រទេសថៃជាមួយប្រទេសម៉ាឡេស៊ី ដើម្បីជាធាតុចូលសម្រាប់ដំណើរការរៀបចំនីតិវិធីដឹកជញ្ជូនផ្លូវដែករួមគ្នា រវាងកម្ពុជានិងថៃ ដែលគ្រោងការកំណត់ឲ្យបាននៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា ផ្លូវដែកដែលបានភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃនេះ ត្រូវបានស្ដារឡើងវិញ ដោយចំណាយអស់ទឹកប្រាក់ ២៣.៤ លានដុល្លារ ដែលជាកញ្ចប់ថវិកាជាតិ និងទទួលបានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រាប់ភ្ជាប់ផ្លូវដែកពីភ្នំពេញ ទៅដល់ក្រុងប៉ោយប៉ែត មានប្រវែង ៣៨៦ គីឡូម៉ែត្រ។ ចំណែកឯការប្រើប្រាស់ផ្លូវដែកជាមធ្យោបាយដឹកជញ្ជូនទំនិញរវាងប្រទេសទាំង ២ វានឹងចូលរួមបម្រើជាប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងសងខាង តួយ៉ាង ផលចំណេញដែលយើងទទួលបានដោយផ្ទាល់ និងដោយប្រយោលរួមមាន៖
• ការដឹកជញ្ជូនទំនិញបានច្រើន ដែលធ្វើឲ្យតម្លៃទំនិញចុះទាប
• កាត់បន្ថយរថយន្ដដឹកទំនិញធំៗនៅលើផ្លូវជាតិ
• បញ្ជៀសបញ្ហាស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍
• ថែរក្សាផ្លូវថ្នល់ឲ្យប្រើប្រាស់បានយូរអង្វែង
• ពង្រីកពាណិជ្ជកម្មអន្តរជាតិ និងសម្រួលដល់ការនាំចេញនាំចូល -ល-។
ជាសរុបមកវិញ ដំណើរការទៅលើកិច្ចព្រមព្រៀងនៅច្រកព្រំដែនទាំង ២ ក៏ដូចជានីតិវិធីរៀបចំដឹកញ្ជូនទំនិញ ទាំងក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងចាប់ផ្ដើមបើកកិច្ចប្រជុំនៅខែកុម្ភៈខាងមុខនេះ ដោយរំពឹងថាដំណើរការដឹកជញ្ជូនទំនិញតាមផ្លូវដែក នឹងអាចចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំ ២០២០ នេះ។