មកស្គាល់ទេសភាពធម្មជាតិដ៏ស្រស់ស្អាតនៃបរិវេណតំបន់ភ្នំ របស់ Val D’orcia នៅក្នុង Tuscany ប្រទេសអ៊ីតាលី!

ភ្ញៀវទេសចរមួយចំនួនធំដែលចូលចិត្ត ការកម្សាន្តបែបធម្មជាតិ ជាមួយនឹងទេសភាពកើតឡើងដោយឯងៗ ពណ៌បៃតង និងស្រស់ស្អាតសឹងតែដូចរូបគំនូរ ពិតជាពេញចិត្តតំបន់ Tuscany របស់អ៊ីតាលី ដែលមនុស្សជាច្រើនផ្សេងទៀតជឿថា ទីនេះគឺជាកន្លែងដែលព្រះបង្កើតមក ឲ្យស្អាតដូចទៅនឹងឋានសួគ៌ និងទីកន្លែងស្ងប់សុខ។ 

នៅក្នុងអត្ថបទនេះ យើងនឹងនាំអារម្មណ៍ប្រិយមិត្តអ្នកអានទាំងអស់គ្នាមកស្គាល់នូវបរិវេណតំបន់ភ្នំធម្មជាតិរបស់ Val D’orcia នៅក្នុង Tuscany។ ចាប់ផ្តើមដំណើរពី Florence និងធ្វើដំណើរតាមផ្លូវ SR2 (តាមរយៈ Francigena) វាត្រូវចំណាយពេលប្រហែល 90 ទៅ 120 នាទី តាមឡានដើម្បីទៅដល់ Val D’orcia ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ តំបន់ទាំងមូលនៃ Val D'orcia រួមមានកូនភ្នំ និងដើមស្រល់ ចម្រុះជាពណ៌លឿងពណ៌ទឹកក្រូច និងបៃតង ព្រមទាំងមាន ភូមិអ្នកស្រុកតូចៗជាច្រើននៅតំបន់នោះ។

យើងអាចធ្វើការរុករកតំបន់នេះ រយៈពេលពីរថ្ងៃ ហើយយើងនឹងស្ថិតក្នុងដំណើរផ្សងព្រេងដ៏អស្ចារ្យមួយដែលមិនងាយនឹងបំភ្លេចបាន។ ភូមិស្អាតបំផុតមួយចំនួនដូចទៅនឹងទេសភាពស្រមើស្រមៃ លេចឡើងនៅលើរូបគំនូរមាននៅបរិវេណតំបន់នោះ ដែលមានដូចជា Asciano, Montalcino, Pienza និង Monticchiello។

 

1. Asciano ជាទីក្រុងដែលមានខ្យល់ត្រជាក់បំផុតព័ទ្ធនៅជុំវិញខ្លួន ដែលអ្នកមិនធ្លាប់បានមកទស្សនាពីមុនមក

ដើមស្រល់រាប់ម៉ឺនដើមរាប់មិនអស់ នឹងចាំទទួលស្វាគមន៍អ្នក នៅពេលអ្នកមកដល់ Asciano ដែលជាចំណុចកំពូល និងខ្ពស់ជាងគេក្នុងតំបន់។ អាចនិយាយបានថា មានឡានភ្ញៀវទេសចរជាច្រើន ពេលបានមកដល់ទីនេះ នឹងឈប់ចតរៀងរាល់ 5 នាទីម្តង ក្នុងការផ្តិតយកទេសភាពស្រស់ស្អាតប្លែកៗនៅទីនេះ។

វាពិតជាអស្ចារ្យណាស់ដែលការឈរនៅលើកំពូលនៃ Asciano នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាទេសភាពនៅខាងក្រោម និងដើមឈើទាំងនោះតូចណាស់។ ភ្ញៀវទេសចរ ក៏អាចឈប់នៅបរិវេណកណ្តាលទីប្រជុំជននៃ Asciano ដើម្បីញ៉ាំអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ មុនពេលភ្លក្សរសជាតិស្រា ដែលទន្ទឹងរង់ចាំពួកគេ ហើយក៏អាចធ្វើការស្វែងយល់ពី ការរស់នៅរបស់ប្រជាជននៅទីនេះផងដែរ។ 

ប្រសិនអ្នកអារម្មណ៍ល្អ ពេលមកកម្សាន្តនៅ Florence ដែលជាកន្លែងមិនមានអាគារខ្ពស់ៗទេនោះ អ្នករឹតតែប្លែកអារម្មណ៍ពេលមកដល់ទីនេះ ក៏ដូចជាបានដឹង និងឃើញពី ប្រជាជននៅ Montalcino, Montapulcino, San Gimignano និង Chianti ពឹងផ្អែកលើ កាលផលិតស្រា សម្រាប់ទ្រទ្រង់ជីវភាពក្នុងការរស់នៅរបស់ពួកគេ។ 

 

2. Montalcino ជាកន្លែងដ៏ពិសេសសម្រាប់អ្នកដែលចូលចិត្តភ្លក្សស្រាបែប ក្នុងតំបន់ស្រស់ៗ

នៅព័ទ្ធជុំវិញដោយចម្ការជាច្រើន នាំមកនូវផ្លែទំពាំងបាយជូរស្រស់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ អាចនិយាយបានថា Montalcino ផ្តល់ជូននូវបទពិសោធន៍រសជាតិស្រាដ៏អស្ចារ្យប្រចាំ Tuscany។

ស្រាដែលឆ្ងាញ់បំផុតក្នុងបរិវេណ Montalcino គឺ Brunello ដែលជាស្រាដែលថ្លៃជាងគេ និងសាកសមបំផុតជាដៃគូជាមួយនឹង Steak។ ការភ្លក់ស្រាចាប់ផ្តើមពីស្រាសមួយកែវ ហើយបញ្ចប់ដោយស្រាក្រហមចំនួន 5 កែវ រៀបចំតាមលំដាប់លំដោយ៖ ពីកម្រិតស្រាលរហូតដល់ខ្លាំងពេញកម្រិត។

អាកាសធាតុនៅ Tuscany ជាទូទៅមានពន្លឺថ្ងៃចាំងល្អ ជាមួយនឹងខ្យល់ត្រជាក់ និងក្លិនបែបធម្មជាតិ។ ពេលស្ថិតនៅក្រោមពន្លឺព្រះអាទិត្យក្នុងបរិវេណ Tuscan គឺជារឿងមួយដែលផ្តល់បទពិសោធន៍លំហែកាយល្អបំផុត ដែលអ្នកធ្លាប់បានឆ្លងកាត់។

 

3. Pienza ជាចំណុចកំពូលនៃភ្នំ (Rolling hills)

មុនពេលមកដល់ Pienza ការស្វែងរកកន្លែងថតរូបពីសម្រស់ពេញលេញរបស់ Val D'orcia ពិតជាពិបាកណាស់។ ប៉ុន្តែគ្រប់យ៉ាងនឹងងាយស្រួល នៅពេលដែលអ្នកមកដល់ទីនេះ។ Pienza គឺជាភូមិមួយក្នុងចំណោមភូមិនានា ដែលមានទីតាំងស្ថិតនៅលើកំពូល ឬចំណុចខ្ពស់បំផុត។ ពីទីនេះ មើលចុះក្រោម វាប្រៀបបានដូចជាតំបន់ Val D’orcia ទាំងមូលកំពុង ស្ថិតនៅក្រោមជើងរបស់អ្នកអញ្ចឹង។ វាជិតដល់ម៉ោង 7 យប់ហើយ ប៉ុន្តែអ្នកនៅតែបានឃើញព្រះអាទិត្យភ្លឺខ្លាំងមែនទែន នៅជាប់នឹងភ្នែកអ្នក សឹងតែចាំងខ្លាំង មើលអ្វីមិនឃើញ។ ចាំបាច់ត្រូវរៀបចំទុកមុននៅវ៉ែនតាការពារពន្លឺខ្លាំង ជាប់នឹងខ្លួន បើសិនជាអ្នកមានបំណងឡើងមកចំណុចខ្ពស់បំផុត។

ភោជនីយដ្ឋានអ៊ីតាលី ជាច្រើនត្រូវបានគេប្រទះឃើញនៅក្នុង Pienza នេះ ហើយអ្នកនឹងដឹងនៅទីនេះ ថាគ្រប់តំបន់ទាំងអស់នៃប្រទេសអ៊ីតាលី មានប៉ាស្តា ផ្ទាល់ខ្លួនផ្សេងៗគ្នា។

អ្នកអាចធ្វើការភ្លក្សរសជាតិនៃប៉ាស្តាជាច្រើនប្រភេទ នៅតាមបណ្តាភោជនីយដ្ឋាននៅទីនេះបាន។

 

4. Monticchiello ទីកន្លែងដ៏រស់រវើកនិងខៀវស្រងាត់

នៅតាមផ្លូវទៅកាន់ Monticchiello នេះ, ប្រសិនបើអ្នកកំពុងស្វែងរកកន្លែងដ៏អស្ចារ្យមួយផ្សេងទៀតដើម្បីចាប់យកទេសភាពនៃដើមស្រស់ជាច្រើន និងភ្នំ (Rolling hills) នោះ La Foce គឺជាកន្លែងដែលត្រូវទៅ។ 

Monticchiello គឺជាកន្លែងដ៏ទាក់ទាញ និងស្រស់ស្អាតខ្លាំងបំផុតនៅពេលថ្ងៃ។ ទីនេះគ្របដណ្តប់ដោយពណ៌បៃតង និងមានភាពរស់រវើកមែនទែន។ ប្រសិនបើអ្នកមានសំណាងអ្នកមកដល់ចំពេលមួយ ដែលអាចទទួលបានអាកាសធាតុត្រជាក់អមជាមួយនឹង ក្លិនធម្មជាតិឈ្ងុយឈ្ងប់ នៃធម្មជាតិពណ៌បៃតងនៃភូមិស្ងប់ស្ងាត់នេះ។

ប្រសិនបើអ្នកជាមនុស្សស្រឡាញ់ទេសភាពធម្មជាតិ ពណ៌បៃតង និងមានបំណងទៅកម្សាន្តនៅអ៊ីតាលីនោះ Tuscany គឺជាតំបន់ដែលអ្នកមិនគួររំលង។