រថភ្លើងដែលមានល្បឿនលឿនបំផុតនាពេលអនាគត (Ultra-fast Bullet Train) របស់ជប៉ុន អាចនឹងឈានដល់ល្បឿន 311 ម៉ាលយ៍/ម៉ោង

ប្រទេសជប៉ុន ដែលត្រូវបានគេឲ្យងារថា ជាប្រទេសដែលមានរថភ្លើងមួយចំនួន ដែលមានល្បឿនលឿនជាងគេ នៅក្នុងពិភពលោកនោះ ពេលនេះ បានកំពុងសំងំធ្វើការលើ ដំណើរការនៃការបង្កើតរថភ្លើងមួយប្រភេទទៀត ដែលមានល្បឿនលឿនជាងប្រភេទមុនៗទៀត និងអាចបំណែកបញ្ជីចំណាត់ថ្នាក់ថ្មីបាន។

បើយោងតាមប្រភពពី Matador Network បានឲ្យដឹងថា ក្រុមហ៊ុនផ្លូវដែករបស់ជប៉ុន (JR Group) ដែលជាក្រុមហ៊ុនផ្តាច់មុខធំ ដំណើរការរថភ្លើងពីរដ្ឋាភិបាលនោះ បានកំពុងធ្វើការលើការអភិវឌ្ឍរថភ្លើង ដែលមានល្បឿនលឿនជាងគេបំផុត ដែលអាចដឹកអ្នកដំណើរពីតូក្យូ ទៅអូសាកា ចំណាយរយៈពេលត្រឹមតែ 67 នាទីប៉ុណ្ណោះ។

សម្រាប់បរិបទរយៈពេលនៃការធ្វើដំណើរនេះ អាចនឹងកាត់បន្ថយដល់ទៅពាក់កណ្តាលឯណោះ ព្រោះថាបច្ចុប្បន្ន ពេលវេលាធ្វើដំណើរជាមធ្យមរវាងទីក្រុងទាំងពីរ ប្រើពេលប្រហែល 2 ម៉ោងកន្លះ។

ដើម្បីអាចធ្វើដូចនេះបាន គម្រូរថភ្លើងថ្មីដែលមានឈ្មោះថា “Linear Bullet Train” ត្រូវបានអភិវឌ្ឍ ដើម្បីដំណើរការជាមួយនឹងកង់របស់វា បានកាន់តែរលូនល្អ រហូតដល់វាអាចទទួលបានល្បឿនគ្រប់គ្រាន់ ដែលអាចទាញវាលោតខ្ពស់ឡើង ប្រហែល 4 អ៊ីញ ពីលើផ្លូវដែក ជាការរត់ក្នុងល្បឿនបានកាន់តែលឿនបំផុត។ បើសិនជាអាចធ្វើដូចនេះបាន គម្រូរថភ្លើងថ្មីនេះ ត្រូវបានគេប៉ាន់ស្មានថា អាចឈានដល់ល្បឿនខ្ពស់បំផុតប្រហែល 311 ម៉ាលយ៍/ម៉ោង។

ប្រទេសជប៉ុនត្រូវបានគេស្គាល់យ៉ាងច្បាស់ និងជឿជាក់ខ្លាំងទៅលើ បណ្តាញរថភ្លើងល្បឿនលឿនទំនើបរបស់ខ្លួន។ រថភ្លើងទីមួយ ក្នុងចំណោមរថភ្លើងល្បឿនលឿន ទាំងនេះគឺរថភ្លើង Shinkansen ដែលបានបង្ហាញខ្លួននៅ Tokyo Olympics ឆ្នាំ 1964 ហើយល្បឿនអាចឈាន រហូតដល់ 199 ម៉ាលយ៍ក្នុងមួយម៉ោង។ រថភ្លើង Shinkansen នៅតែដំណើរការក្នុងពេលបច្ចុប្បន្នដដែល បន្ទាប់ពីដំណើរការអស់រយៈពេលជាង 50 ឆ្នាំមកហើយ។ រថភ្លើងដែលមានល្បឿនប្រហាក់ប្រហែលនេះ ឥឡូវនេះ ត្រូវបានគេប្រើពាសពេញពិភពលោកដើម្បីជួយមនុស្សឱ្យទទួលបានការធ្វើដំណើរពីចំណុច A ដល់ចំណុច B អោយលឿនបំផុត តាមដែលអាចធ្វើទៅបាន។

ប្រទេសនេះ មានរថភ្លើងល្បឿនលឿនជាច្រើនផ្សេងទៀត ហើយកំពុងអភិវឌ្ឍបន្ថែមទៀតសម្រាប់ពេលអនាគត។ រថភ្លើងទាំងនេះ ពិតជាអាចជួយឱ្យមនុស្សធ្វើដំណើរ បានកាន់តែមានប្រសិទ្ធិភាព និងថែមទាំងជំរុញកំណើនសេដ្ឋកិច្ចផងដែរ ប៉ុន្តែរថភ្លើងល្បឿនលឿន ដែលមិនគួរឱ្យជឿនេះ នៅតែមានរយៈពេលជាច្រើនឆ្នាំទៀត ក្នុងការធ្វើការឲ្យកាន់តែលឿនជាង ពីមុនឆ្នាំទៅមួយឆ្នាំ និងសឹងតែអាចហួសពីការពិត។

យោងតាម Matador Network ការចំណាយទៅលើការអភិវឌ្ឍនេះ មានប្រហែល 50.5 ពាន់លានដុល្លារ ហើយវាមិនត្រូវបានគេរំពឹងថា នឹងរួចរាល់នៅមុនឆ្នាំ 2037 នោះទេ។ Matador Network បានរាយការណ៍ថា ផ្លូវដែកចំនួន 86% នឹងស្ថិតនៅក្រោមដី ដើម្បីចៀសវាងតំបន់ ដែលមានហានិភ័យខ្ពស់នៃការរញ្ជួយដី។

 

ជាមួយនឹងការច្នៃប្រឌិតដ៏អស្ចារ្យជាច្រើន នៅក្នុងគម្រោងការងារនេះ នឹងធ្វើឲ្យមនុស្ស អាចមានក្តីសង្ឃឹមអំពីអនាគត នៃការធ្វើដំណើរទាំងនៅក្នុងប្រទេសជប៉ុន និងនៅទូទាំងពិភពលោក បានកាន់តែលឿន និងចំណាយពេលបានកាន់តែខ្លីបំផុត។