សិង្ហបុរី គឺជាប្រទេសកោះតូចមួយ ដែលមិនមានព្រំដែនដីគោកជាប់ប្រទេសណាទាំងអស់ ប៉ុន្តែស្ថិតនៅកៀកជាមួយប្រទេសម៉ាឡេស៊ីជាងគេ។ កោះសិង្ហបុរី បានផ្ដាច់ខ្លួនចេញពីម៉ាឡេស៊ីក្នុងឆ្នាំ ១៩៦៥ ហើយបច្ចុប្បន្ននេះ ច្រកភ្ជាប់ព្រំដែននៃប្រទេសទាំង ២ មានតែស្ពានចំនួន ២ កន្លែងប៉ុណ្ណោះ គឺទីមួយច្រក Johor-Singapore Causeway ដែលមានប្រវែង ១,០៥៦ ម៉ែត្រ និងច្រកទីពីរ Malaysia-Singapore Second Link មានប្រវែង ១,៩២០ ម៉ែត្រ បើកដំណើការនៅក្នុងឆ្នាំ ១៩៩៨។
ត្បិតប្រទេសទាំង ២ បានបែកចែកចេញពីគ្នាមែន ប៉ុន្តែពួកគេជាដៃគូរពាណិជ្ជកម្មដ៏សំខាន់បំផុតរវាងគ្នានិងគ្នា ដែលក្នុងមួយថ្ងៃៗ អ្នកធ្វើដំណើរទៅមកឆ្លងពីប្រទេសម៉ាឡេស៊ី-សិង្ហបុរី មានចំនួនច្រើន ជាហេតុបណ្ដាលអោយច្រក Johor Causeway មានការកកស្ទះចរាចរណ៍ជាញឹកញាប់ បើទោះជាមានការសាងសង់ស្ពានទី ២ ថ្មីជំនួយក៏ដោយ។ ជុំវិញបញ្ហាទាំងនេះហើយ ទើបរដ្ឋាភិបាលសិង្ហបុរី និងរដ្ឋាភិបាលម៉ាឡេស៊ី កំពុងធ្វើការយ៉ាងសកម្មទៅលើគម្រោង RTS (Rapid Transit System Link) ដែលគេនឹងសាងសង់ផ្លូវរថភ្លើងអាកាសល្បឿនលឿនថ្មីមួយ ដែលឆ្លងតាមច្រកសមុទ្រ Jahor នោះនឹងឆ្លងពីប្រទេសសិង្ហបុរី ចូលទៅដល់ច្រកព្រំដែន Johor ប្រទេសម៉ាឡេស៊ី។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel NewsAsia បញ្ចាក់ថា រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសសិង្ហបុរី លោក Khaw Boon Wan បានបង្ហាញកិច្ចព្រមព្រៀងព្រាងរួចហើយ ប៉ុន្តែជាសេចក្ដីព្រៀងច្បាប់មិនទាន់ផ្លូវការនៅឡើយទេ ព្រោះគោលនយោបាយប្រទេសទាំង ២ មិនសូវល្អជាមួយគ្នាឡើយ។ ប៉ុន្តែប្រសិនបើកិច្ចព្រមព្រៀងបានសម្រេចជាផ្លូវការ ការសាងសង់រថភ្លើងល្បឿនលឿននោះ គេព្យាករណ៍ឃើញថានឹងសាងសង់រួចនៅក្នុងឆ្នាំ ២០២៤ ហើយរថភ្លើងនោះនឹងមានតម្លៃទាបសមរម្យ សម្រាប់អ្នកដំណើរដែលមិនចង់ដើរថ្មើរជើង ឬជិះរថយន្ដក្រុង ជាដើម។ ម្យ៉ាងទៀត ការធ្វើដំណើរតាមរថភ្លើងរបស់គម្រោង RTS នោះក៏ចំណេញពេលវេលាច្រើនផងដែរ ព្រោះប្រសិនបើធ្វើដំណើរថ្មើរជើងឆ្លង សិង្ហបុរី-ម៉ាឡេស៊ី គេត្រូវចំណាយពេលប្រហែល ៣៥ នាទី ហើយមិនមានសុវត្ថិភាពទៀតផង ចំណែកការធ្វើដំណើរតាម រថយន្ដក្រុងឆ្លង ចំណាយពេលប្រហែល ១៥ ទៅ ២០ នាទី ប្រសិនបើមានរថយន្ដជិះគ្រប់គ្រាន់ និងមិនស្ទះចរាចរណ៍។ ចំណែកឯ ការធ្វើដំណើរតាមរថភ្លើង RTS នោះ គេធានាថានឹងដំណើរការលឿន ហើយក៏មិនរង់ចាំយូរផងដែរ ព្រោះរថភ្លើងផ្ទុកមនុស្សបានច្រើន គួបផ្សំនឹងល្បឿនលឿន គេសម្មត់ថា អាចនឹងដឹកអ្នកដំណើរទៅមកបានយ៉ាងតិចពី ១០,០០០ ទៅដល់ ៦០,០០០ នាក់ក្នុងមួយម៉ោង។