រដ្ឋាភិបាលថៃ ប្រកាសថាប្រជាជនជាង ៧០០,០០០ នាក់បាត់បង់ការងារយ៉ាងឆាប់រហ័សដោយសារបិទរោងចក្រ

បាងកក៖ ប្រទេសថៃនាពេលនេះ កំពុងតែជួបគ្រោះលើគ្រោះ ខណៈពេលសេដ្ឋកិច្ចកំពុងមានបញ្ហា និងសម្ពាធខ្ពស់ ដែលជាកត្តានាំឲ្យទីផ្សារនានាកំពុងតែបន្តខាតបង់ជាបន្តបន្ទាប់ ដោយក្នុងនោះវិស័យឧស្សាហកម្ម ក៏រងគ្រោះខ្លាំងមិនធម្មតាដែរ ដែលឈានទៅដល់ការបិទរោងចក្រជាច្រើន នៅទូទាំងផ្ទៃប្រទេស ដោយសារតែពុំមានតម្រូវការទីផ្សារពីទីផ្សារដូចសព្វមុនដង ឬមុនការរាតត្បាតនៃវីរុស កូវីដ ១៩។ គិតមកទល់នឹងពេលនេះ កម្មករនិយោជិត ជាច្រើនបានកំពុងរងគ្រោះ ដោយសារតែការបាតបង់ការងារ ដែលចំនួននោះបានកើនឡើងដល់ទៅជាង ៧០០,០០០ នាក់ហើយ គិតមកត្រឹមតែខែមីនា កន្លងទៅថ្មីៗនេះ។

ប្រភពព័ត៌មានក្នុងស្រុករបស់ថៃ បានចេញផ្សាយឲ្យដឹងថា ចំនួនប្រជាជន ដែលបានបាត់បង់ការងារ ក្នុងរយៈពេលដ៏ខ្លីនៅទូទាំងផ្ទៃប្រទេសនេះ គឺកើនឡើងគុណនឹងពីរ ដែលឈានដល់ចំនួន ៧០០,០០០ នាក់ហើយ ដែលចំនួនដ៏ច្រើនេះ គឺរួមបញ្ចូលផងដែរនូវចំនួនកម្មករនិយោជិត ដែលបានបាត់បង់ការងាររបស់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។ ទិន្នន័យ ដែលបានចេញផ្សាយដោយ នាយកដ្ឋានការពារការងារ និងសុខុមាលភាពថៃ ហៅកាត់ថា (DLPW) បានឲ្យដឹងថា មូលហេតុដែលធ្វើឲ្យប្រជាជនថៃ បាត់បង់ទីផ្សារការងារយ៉ាងច្រើន ស្ថិតនៅក្នុងវិស័យឧស្សាហកម្មរោងចក្រនេះ គឺដោយសារតែការរាតត្បាតនៃវីរុស កូវីដ ១៩ ដោយគិត្រឹមតែក្នុងខែមីនាកន្លងទៅ ប្រជាជនបាត់បង់ការងារមានចំនួនដល់ទៅ ១៤០,០០០ នាក់ទៅហើយ។

ជុំវិញវិបត្តិមួយនេះ លោក Apinya Sujarittanan អគ្គនាយក នៃនាយកដ្ឋានការពារការងារ និងសុខុមាលភាពថៃ បានឲ្យដឹងដូច្នេះថា ទិន្នន័យនៃ បេឡាជាតិសន្តិសុខសង្គម បានកត់ត្រាថា មានប្រជាជនថៃប្រមាណជា ៧០០,០០០ នាក់ បានមកបើកយកផលប្រយោជន៍របស់ខ្លួន ដោយសារតែបាត់បង់ការងារធ្វើ ដោយទិន្នន័យនេះ សបង្ហាញឲ្យឃើញថា បច្ចុប្បន្នភាពទីផ្សារការងាររបស់ថៃ កំពុងធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លីបំផុត។ ការធ្លាក់ចុះនេះគឺ ស្ថិតក្នុងល្បឿនធ្ងន់ធ្ងរមួយ បើធៀបទៅនឹងចុងឆ្នាំ ២០១៩ កន្លងទៅ ព្រោះថា មុខជំនួញជាច្រើនប្រមាណជា ៩៩២ ត្រូវបានបិទទ្វារ ដែលចំនួននោះមានត្រឹម ៥១១ ករណីប៉ុណ្ណោះ នៅចន្លោះក្នុងឆ្នាំ ២០១៨ ទៅឆ្នាំ ២០១៩ កន្លងទៅ ដោយការបិទនោះធ្វើឲ្យនិយោជិត ១៣,៤០៧ នាក់បាត់បង់ការងារ។

លោក Apinya បានបន្ថែមទៀតថា អាជីវកម្មប្រមាណជា ១,១១៣ ត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ដោយចំនួនគឺគិតចាប់ពីខែតុលា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ ដែលចំនួននេះមានត្រឹមតែ ១១៧ ករណីប៉ុណ្ណោះនាឆ្នាំ ២០១៨ ចូលទៅឆ្នាំ ២០១៩ ជាគម្លាតបង្ហាញអំពីការធ្លាក់ចុះយ៉ាងកំហុក ដែលធ្វើឲ្យនិយោជិតប្រមាណជា ២៧១,៤៤៦ នាក់រងគ្រោះដោយសារតែការបិទអាជីវកម្មធនតូច មធ្យម និងធំទាំងនោះ ដោយចំនួនដ៏ច្រើននេះគឺកើនឡើង ៣៧,៨២១ នាក់ ធៀបទៅនឹងឆ្នាំកន្លងទៅ។ ក្រៅពីអាជីវកម្ម រោងចក្រមួយចំនួន ដែលបាត់បង់តម្រូវការទីផ្សារពីអន្តរជាតិ ក៏បានសម្រេចបញ្ឈប់បុគ្គលិករបស់ខ្លួន ដោយខ្លះបានទទួលនូវប្រាក់សំណង ហើយខ្លះក៏មិនទទួលបាន ដោយអាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បានកំពុងចាត់ការលើរឿងនេះ ដើម្បីធានាថាកម្មករនិយោជិតគ្រប់រូប អាចទទួលបាននូវប្រាក់សំណង ដោយសារតែការបិទរោងចក្រទាំងនោះ។

បច្ចុប្បន្ននេះ ដោយសារតែការរាតត្បាតនៃវីរុស កូវីដ ១៩ នៅតែបន្តកើតមានឡើងនៅទឹកដីថៃ ចំនួនប្រជាពលរដ្ឋថៃ ដែលបានបាត់បង់ និងត្រៀមនឹងបាត់បង់ការងារ គឺស្ថិតក្នុងអត្រាខ្ពស់ ដោយរាជរដ្ឋាភិបាល បានកំពុងរៀងចំគោលនយោបាយដើម្បីដោះស្រាយផងដែរ តែអាចដល់កម្រិតណានោះនៅមិនទាន់ច្បាស់នៅឡើយទេ៕