សេអ៊ូល៖ កូរ៉េខាងត្បូង នៅតែបន្តរងគ្រោះដោយសារគ្រោះទឹកជំនន់ ស្របពេលវីរុសកូវីដ ១៩ នៅបន្តធ្វើការវាយប្រហារឥតឈប់ឈរ។ បញ្ហានេះ បង្ករឱ្យមានការលំបាកយ៉ាងខ្លាំងទៅដល់រាជរដ្ឋាភិបាល កូរ៉េខាងត្បូង ដែលត្រូវធានាទៅដល់សុវត្ថិភាព អាយុជីវិត សុខភាពរបស់ពលរដ្ឋផង និងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូវីដ ១៩ ផង។
គិតមកដល់ថ្ងៃទី០៩ ខែសីហា នេះ ការខូចខាតដោយសារតែគ្រោះធម្មជាតិ ដោយក្នុងនោះរួមមានគ្រោះទឹកជំនន់ និងបាក់ដី ជាច្រើនកន្លែង បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណ និងទ្រព្យសម្បត្តិឯកជនយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ស្ពាន ផ្លូវថ្នល់ អាគារ ប្រឡាយទឹក ដងទន្លេ និងជាច្រើនផ្សេងទៀត បានរងផលប៉ះពាល់យ៉ាងខ្លាំង ពិសេសគឺផ្ទះរាប់ពាន់ខ្នង បានបន្តលិចក្នុងទឹកអស់រយៈពេល ៤៧ ថ្ងៃមកហើយ និងបានកំពុងតែបន្ត ដោយសារតែភ្លៀងនៅតែបន្តធ្លាក់។ ប្រភពអន្តរជាតិបានឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងច្រើនជាង ៣ ពាន់នាក់ ត្រូវបានជម្លៀសខ្លួនទៅទីកន្លែងសុវត្ថិភាព កាលពីថ្ងៃសៅរ៍កន្លងទៅ ដោយសារតែភាពមិនប្រក្រតី នៃអាកាសធាតុ។
យោងតាមរបាយការណ៍របស់ ក្រសួងមហាផ្ទៃ និងសុវត្ថិភាព របស់កូរ៉េខាងត្បូង (Ministry of Interior and Safety) បានឱ្យដឹងថា ភាគខាងត្បូងប្រទេស គឺជាតំបន់ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ នៃគ្រោះធម្មជាតិឆ្នាំ ២០២០ នេះ ដោយគិតត្រឹមថ្ងៃសៅរ៍ទី ៨ ម្សិលមិញ មានប្រជាជន ១១ នាក់ហើយ បានកំពុងបាត់ខ្លួន ខណៈ ២១ នាក់បានស្លាប់បាត់បង់ជីវិត។ ភ្លៀងជាច្រើនមេ បានបន្តធ្លាក់ឥតឈប់ឈរ ធ្វើឱ្យបឹង ស្ទឹង និងទន្លេជនលិច ដោយក្នុងនោះប្រជាជនជាង ១,៩០០ នាក់ រស់នៅក្នុងខេត្ត Jeolla ត្រូវបានជម្លៀសខ្លួនចេញបណ្ដោះអាសន្ន។
ជាមួយគ្នានោះដែរ អាជ្ញាធរព្រៃឈើកូរ៉េខាងត្បូង បានបង្កើននូវការព្រមានអំពីការបាក់ដី ដែលស្ថិតនៅក្នុងកម្រិតខ្ពស់បំផុត នៅក្នុងតំបន់ជាច្រើនទូទាំងប្រទេស ដែលពលរដ្ឋគ្រប់រូបគប្បីប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដែលផលប៉ះពាល់អាចធ្ងន់ធ្ងរជាងការរំពឹងទុក។ ក្រុមជួយសង្គ្រោះបន្ទាន់ និងភ្នាក់ការប្រយុទ្ធប្រឆាំងគ្រោះធម្មជាតិ បានកំពុងតែបំពេញបេសកកម្មរបស់ខ្លួនឥតឈប់ឈរ ដោយសង្ឃឹមថា ព្យុះនឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រោមការវាយប្រហារនៃគ្រោះធម្មជាតិនេះ ប្រទេសកូរ៉េខាងជើងក៏ដូចគ្នា មានប្រជាជនរាប់រយគ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ ហើយលោក Kim Jong Un បានបញ្ជាឱ្យមន្ត្រី និងអាជ្ញាធរក្នុងតំបន់ផ្ដល់នូវអាហារ និងទីជំរកមានសុវត្ថិភាពទៅដល់ពលរដ្ឋផងដែរ កាលពីថ្ងៃសុក្រ ទី៧ ខែសីហា កន្លងទៅផងដែរ។ យ៉ាងណាក៏ដោយ ការវាយប្រហារដោយគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូង និងខាងជើងនេះ នៅមិនទាន់អាចវាយតម្លៃបាន ជុំវិញការខូចខាតនៅឡើយ ព្រោះភ្លៀង និងទឹកជំនន់ នៅតែបន្តទៅមុខ ដោយមិនទាន់ដឹងថា ពេលណាអាចធូស្បើយឡើយវិញ៕