ក្រុមហ៊ុន ប៉េង ហួត គ្រុប ទទួលបានពានរង្វាន់តំណាងប្រទេសកម្ពុជាចំនួន ៥ នាថ្ងៃទី១ នៃកម្មវិធី Asia Pacific Property Award!

នៅថ្ងៃទី ១៤ និងទី ១៥ ខែឧសភា ឆ្នាំ ២០១៩ នេះ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Property Award 2019-2020) ត្រូវបានរៀបចំឡើងនៅឯសណ្ឋាគារ Bangkok Marriott Marquis Queen’s Park ក្នុងទីក្រុងបាកក ដើម្បីស្វែងរកក្រុមហ៊ុនអចលនទ្រព្យ អ្នកអភិវឌ្ឍឆ្នើមៗ ទូទាំងអាស៊ីបាស៊ីហ្វិចតែម្ដង និងតំណាងឲ្យប្រទេសនីមួយៗទៀតផង។ កម្មវិធីពានរង្វាន់នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន International Property Media ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងចំនួន ២ ថ្ងៃ រួមមានរបៀបវារៈដូចជា Business Networking (ការភ្ជាប់បណ្ដាញទំនាក់ទំនងអាជីវកម្ម), បទបង្ហាញគម្រោងអចលនទ្រព្យ, ការបង្ហាញពិព័រណ៌ និងស្វែងរកអ្នកឈ្នះពានរង្វាន់អចលនទ្រព្យឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លំដាប់ប្រទេស និងលំដាប់ផ្កាយ ៥ ផងដែរ។

សម្រាប់ថ្ងៃទី ១៤ ឧសភា ដែលត្រូវជាថ្ងៃទី១ នៃការប្រកាសជ័យលាភីពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ត្រូវបានជ្រើសតាំងជាបេក្ខភាពតំណាងអោយប្រទេសកម្ពុជា មានមោទនភាពជាថ្មីម្តងទៀត ដោយបានទទួលជ័យលាភី ពានរង្វាន់ចំនួន ៥ ដែលក្នុងនោះរួមមាន៖

  • ពានរង្វាន់ជ័យលាភីលំដាប់ថ្នាក់ប្រទេស៖

១) ពានរង្វាន់ស្ថាបត្យកម្មឌីស្សាញពហុលំនៅឋាន, គំរោងហ្គ្រេនស្តាផ្លាទីនីម។

២) ពានរង្វាន់ឌីស្សាញផ្នែកក្នុងអគារសេវាកម្មសាធារណៈ, សាលសន្និបាត យូរ៉ូវីល។

  • ពានរង្វាន់ជ័យលាភីលំដាប់ផ្កាយ៥៖

៣) ពានរង្វាន់ឌីស្សាញផ្នែកក្នុងការិយាល័យលក់។

៤) ពានរង្វាន់ឌីស្សាញផ្នែកក្នុងក្លឹបហាត់ប្រាណដាយមិន និងយូរ៉ូវីល។

៥) ពានរង្វាន់ឌីស្សាញផ្នែកក្នុងផ្ទះគំរូវីឡាឃីង។

នេះគឺជាកិត្តិយសដ៏ធំធេងមួយផ្សេងទៀត សម្រាប់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រោយពីទទួលបានពានរង្វាន់ធំៗចំនួន ៨ រួមមានពានរង្វាន់អ្នកអភិវឌ្ឍល្អបំផុតប្រចាំប្រទេសកម្ពុជា Cambodia Property Award 2019 រយៈពេល ៤ ឆ្នាំជាប់ៗគ្នា ដែលរៀបដោយ PropertyGuru របស់សិង្ហបុរី។ ហើយពេលនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកពានរង្វាន់ចំនួន ៥ ផ្សេងទៀតលើឆាកអន្ដជាតិ តំណាងប្រទេសកម្ពុជា ឲ្យប្រទេសអាស៊ីបាស៊ីហ្វិចទាំងមូលបានឃើញថា កម្ពុជាក៏មានគម្រោងអភិវឌ្ឍន៍ធំៗ និងមានការឌីស្សាញលំនៅដ្ឋានលំដាប់ខ្ពស់ មិនចាញ់ប្រទេសជឿនលឿនឡើយ។

យ៉ាងណាមិញ កម្មវិធី Asia Pacific Property Award នៅមិនទាន់បញ្ចប់នៅឡើយទេ គឺនៅថ្ងៃទី ១៥ ឧសភា (ថ្ងៃទី២) កម្មវិធីនេះនឹងធ្វើការប្រកាសជ័យលាភីនៃវិញ្ញាសារផ្សេងៗជាបន្ដបន្ទាប់ទៀត ដូចនេះយើងនឹងរង់ចាំមើលថាតើ ក្រុមហ៊ុន ប៉េង ហួត គ្រុប អាចនឹងទទួលបានពានរង្វាន់ចំនួនប៉ុន្មានបន្ថែមទៀត?