ប្រទេសជប៉ុន នឹងទទួលវ៉ាក់សាំងការពារវីរុសកូរ៉ូណាប្រភេទ Pfizer ចំនួន ១០០ លានដូស គិតត្រឹមខែមិថុនា!

ទីក្រុងតូក្យូ៖ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកកិច្ចក្នុងការផ្តល់បេសកកម្មវ៉ាក់សាំងប្រឆាំងនឹងមេរោគ បាននិយាយកាលពីថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងទទួលបានវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ ប្រហែលចំនួន ១០០ លានដូស ពីក្រុមហ៊ុន Pfizer Inc នៅកំឡុងពេលពេញមួយខែឧសភា និងមិថុនាខាងមុខនេះ ដែលចំនួនប៉ុណ្ណេះ វាគ្រប់គ្រាន់បានប្រហែលជាពាក់កណ្តាលនៃចំនួនប្រជាជនជប៉ុនទាំងអស់។

លោក Taro Kono ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលជប៉ុន បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា ការនាំចេញពីរោងចក្រផលិតឱសថនៅបែលហ្ស៊ិក នឹងចាំបាច់ត្រូវមានការយល់ព្រមជាលក្ខណៈបុគ្គលជាមុនសិន ក្រោមការគ្រប់គ្រងការនាំចេញរបស់សហគមន៍អឺរ៉ុប។

លោកនាយករដ្ឋមន្ត្រី Yoshihide Suga បានសន្យាធានាថា វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់ប្រជាជនជប៉ុនចំនួន ១២៦ លាននាក់ នឹងត្រូវបានចាត់ចែងក្នុងឆមាសទីមួយនៃឆ្នាំ ២០២១។

វ៉ាក់សាំងនេះត្រូវបានបង្កើតឡើងដោយ Pfizer និងដៃគូរបស់ក្រុមហ៊ុននេះគឺ BioNTech SE ជាវ៉ាក់សាំងតែមួយប្រភេទ ដែលក្រសួងសុខាភិបាលរបស់ជប៉ុន បានយល់ព្រមរហូតមកដល់ពេលនេះ នឹងតម្រូវឲ្យចាក់ពីរដង មានន័យថា ១០០ លានដូស នឹងគ្រប់គ្រាន់សម្រាប់ប្រជាជន ៥០ លាននាក់។

លោក Kono បាននិយាយថា បន្ទាប់ពីការចចារជាមួយក្រុមហ៊ុន Pfizer រួចមក ប្រទេសជប៉ុនរំពឹងថានឹងទទួលបានខ្ទង់ ១,៨ លាន (vials) ដែលអាចផ្តល់ផលជាវ៉ាក់សាំងបានប្រហែល ១០,៧ លានដូសជាមួយនឹងសឺរ៉ាំងប្រភេទ (low dead space syringes) ដោយនឹងដឹកមករៀងរាល់សប្តាហ៍ក្នុងខែឧសភា ជាមួយនឹងការមកដល់ នឹងកើនឡើងបន្ថែមទៀត នៅខែមិថុនា។

សឺរ៉ាំងបែបនេះ ដែលមានសមត្ថភាពបូមចេញ ៦ ដូសពីមួយកែវ (vail) នឹងត្រូវប្រើទៅលើការចាក់វ៉ាក់សាំងលើកទី ២ សម្រាប់អ្នកជំនាញផ្នែកថែទាំសុខភាព ខណៈថ្នាំធម្មតាអាចទាញយកតែ ៥ ដូស ពីកែវ (vail) ប៉ុណ្ណោះ។ វ៉ាក់សាំងសម្រាប់ការចាក់លើកដំបូងរបស់ពួកគេ នឹងត្រូវដឹកជញ្ជូនមកក្នុងប្រទេស ចាប់ពីថ្ងៃទី ១២ ខែមេសាទៅ។

សឺរ៉ាំងដែលមានប្រសិទ្ធិភាពជាងនេះ នឹងត្រូវបានប្រើទៅលើការចាក់វ៉ាក់សាំង សម្រាប់មនុស្សចាស់ផងដែរ។

ប្រទេសជប៉ុនកំពុងដំណើរការ ក្នុងការជ្រើសរើសបុគ្គលិកសុខាភិបាលចំនួន ៤,៨ លាននាក់ ហើយគ្រោងនឹងពង្រីកការចាក់វ៉ាក់សាំង ដល់ប្រជាជនមានអាយុលើសពី ៦៥ ឆ្នាំ ដែលមានចំនួនប្រហែល ៣៦ លាននាក់នៅពាក់កណ្តាលខែមេសា។ អ្នកដែលមានជម្ងឺ ដូចជាទឹកនោមផ្អែម និងអ្នកដែលធ្វើការនៅមណ្ឌលថែទាំមនុស្សចាស់ នឹងទទួលបានវ៉ាក់សាំងបន្តពីក្រោយ។

លោក Kono បាននិយាយបន្តទៀតថា វ៉ាក់សាំងសម្រាប់មនុស្សចាស់ នឹងត្រូវបញ្ជូនទៅក្នុងទីក្រុងនានា នៅចុងខែមិថុនាផងដែរ។ 

ប្រទេសជប៉ុនបានដើរយឺតជាងប្រទេសដទៃទៀត ដូចជាសហរដ្ឋអាមេរិក និងអង់គ្លេស នៅក្នុងការចាប់ផ្តើមបេសកកម្មក្នុងការចាក់វ៉ាក់សាំងរបស់ខ្លួន ចំពេល ការផ្គត់ផ្គង់មានភាពខ្វះខាត ដោយសារតែការពន្យាពេលសង្វាក់ផលិតកម្ម នៅរោងចក្រ Pfizer និងការគ្រប់គ្រងការនាំចេញរបស់សហគមន៍អ៊ឺរ៉ុប ដែលគ្រោងនឹងដំណើរការរហូតដល់ចុងខែមិថុនា។

យោងតាមលោក Kono បានឱ្យដឹងថា វ៉ាក់សាំង Pfizer ជំនាន់ទី ៥ ប្រហែល ៤២០.០០០ ដូស នឹងមកដល់ប្រទេសជប៉ុននៅថ្ងៃច័ន្ទ។ ប្រទេសនេះបានទទួលការដឹកជញ្ជូនលើកដំបូងរបស់ខ្លួន កាលពីខែមុន។

ការពិភាក្សា និងការបំផុសភាពសង្ស័យ ជាសាធារណៈ អំពីផលប៉ះពាល់ ក៏មាននៅក្នុងនោះផងដែរ ដោយមានតែ ៦៣,១% ប៉ុណ្ណោះនៃចំនួនអ្នកឆ្លើយតបនៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Kyodo ដែលបានធ្វើកាលពីខែមុន និយាយថា ពួកគេព្រមទទួលវ៉ាក់សាំង។

ក្នុងចំណោមមនុស្ស ១៨១.១៨៤ នាក់នៅក្នុងប្រទេស ដែលបានទទួលការចាក់វ៉ាក់សាំងជាលើកដំបូង មាន ៣៧ ករណី ដែលបានរងប្រតិកម្ម anaphylaxis ជាប្រតិកម្មអាលែហ្សីធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យស្លាប់បាន ដោយករណីទាំងនោះ ត្រូវបានគេរាយការណ៍មកថាគិតត្រឹមថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ប៉ុន្តែមួយករណី នៅក្នុងចំណោមទាំងនោះ ត្រូវបានដកថយវិញ។ យ៉ាងណា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏បានបន្ថែមទៀតថា ពួកគេទាំងអស់បានជាសះស្បើយពីអាលែហ្ស៊ីទាំងនោះហើយ។

លោក Kono បាននិយាយថា យ៉ាងណាចំពោះ ករណីប្រតិកម្មវ៉ាក់សាំងចំនួន ១៧ ដែលបានរាយការណ៍នៅថ្ងៃអង្គារកន្លងទៅនេះ មានតែ ៧ ករណីប៉ុណ្ណោះ ដែលជាប្រតិកម្មអាលែហ្ស៊ីធ្ងន់ធ្ងរ (anaphylaxis)បន្ទាប់ពីមានការពិនិត្យត្រឹមត្រូវតាមក្បួនស្តង់ដាវេជ្ជសាស្ត្រអន្តរជាតិរួចមក។