ក្រុមហ៊ុនឧស្សាហកម្មផលិតដែកធំបំផុតក្នុងប្រទេសចិន និងលំដាប់លេខ ២ ទូទាំងពិភពលោកឈ្មោះថា Baowu Group បានចេញគម្រោងជ្រើសរើសយកទីតាំងនៃផលិតកម្មថ្មីរបស់ខ្លួន ចេញពីតំបន់ស៊ីនជាំង ដែលជាតំបន់ដាច់ស្រយាលនៅភាគពាយព្យនៃប្រទេសចិន មកកាន់ប្រទេសកម្ពុជាវិញ។ នេះគឺជាលើកទីមួយហើយ ដែលផលិតកម្មដែករបស់ប្រទេសចិន បានវិនិយោគទៅកាន់ប្រទេសខាងក្រៅ ដោយជ្រើសរើសយកកម្ពុជាជាប្រទេសអទិភាពទី ១ ហើយប្រទេសបាគីស្ថាន និងប្រទេស Chile ជាប្រទេសអទិភាពទី ២ ហើយរំពឹងថាផលិតកម្មនៃតំបន់ទាំង ៣ នេះ នឹងអាចផលិតដែកបានដល់ ៣.១ លានតោននៅដំណាច់ឆ្នាំ ២០១៩។
ផលិតកម្មដែកនៅក្នុងប្រទេសចិន ក្រុមហ៊ុន Baowu Group មានភាពរីកចម្រើនខ្លាំងមែនទែន ដោយសារតែតម្រូវការសាងសង់នៅក្នុងប្រទេសមានច្រើន ជាក់ស្ដែងទៅលើសំណង់នានា សំណង់ផ្លូវដែក ការផលិតគ្រឿងយន្ដជាដើម ដូចនេះតម្រូវការក្នុងស្រុករយៈពេល ៣ ឆ្នាំចុងក្រោយកើនឡើងដល់ ១៥០ លានតោន ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ច ចំណែកឯការរលក់ចេញទៅបរទេសវិញ ចិនត្រូវផ្គត់ផ្គង់មិនក្រោម ៩៨០ លានតោនទេក្នុងមួយឆ្នាំៗ។ ដូចនេះហើយ ការវិនិយោគបញ្ចេញឧស្សាហកម្មដែកមកកម្ពុជានេះ មានគោលការណ៍ធំៗចំនួន ២ គឹទីមួយដើម្បីផ្គត់ផ្គង់ការផលិតឲ្យទាន់តម្រូវការ និងទីពីរកាត់បន្ថយឧស្សាហកម្មមួយចំនួនក្នុងប្រទេសរបស់ខ្លួន។
ការជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងឧស្សាហកម្មផលិតដែកនេះ ក៏ស្ថិតនៅក្រោមហេតុផលមួយចំនួនទៀតផងដែរ ជាក់ស្ដែងកម្ពុជាជាប្រទេសលំដាប់ទី ៦ លើពិភពលោកដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតដល់ ៧.៣% កាលពីឆ្នាំ ២០១៨ ដូចនេះវិស័យសំណង់ ហេដ្ឋារចនាសម្ព័ន្ធគឺមានភាពរីកចម្រើនខ្លាំង ហើយភាគច្រើនសុទ្ធសឹងជាការវិនិយោគរបស់ប្រទេសចិន។ លើសពីនេះ ប្រទេសថៃ និងសិង្ហបុរី ដែលជាប្រទេសនៅជិតខាងកម្ពុជា ក៏ជាទីផ្សារធំរបស់ផលិតកម្មដែកចិនដែរ ដោយក្នុងមួយឆ្នាំ ប្រទេសទាំង ២ ទិញដែកពីចិនប្រហែល ៣.៧ លានតោនក្នុងមួយឆ្នាំ។ អញ្ចឹងហើយ ទើបការវិនិយោគឧស្សាហកម្មដែកនៅកម្ពុជា ជាជម្រើសល្អមួយសម្រាប់ចិន។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មលោក សេង ថៃ បានបង្ហើបថា ការវិនិយោគឧស្សាហកម្មដែកនៅក្នុងប្រទេសកម្ពុជា ជាផលចំណេញដែលធ្វើឲ្យតម្លៃដែកចុះទាប នោះវិស័យសំណង់អាចរីកចម្រើនកាន់តែខ្លាំង ព្រោះឧស្សាហកម្មផលិតស៊ីម៉ង់ កម្ពុជាកំពុងរីកចម្រើនស្រាប់ទៅហើយ។
ចំណែកឯទីតាំង និងទំហំទឹកប្រាក់នៃការវិនិយោគ ក្រុមហ៊ុន Baowu សុំមិនទាន់បង្ហាញដល់សារព័ត៌មានណាមួយនៅឡើយទេ ប៉ុន្តែទីតាំងផលិតកម្មចាស់នៅក្នុងតំបន់ Aksu ខេត្តស៊ីនជាំង គឺមានចំងាយ ៤,០០០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ, ប្រទេសកម្ពុជា។ ដូចនេះយើងនឹងរង់ចាំព័ត៌មានលំអិតបន្ថែមទៀតនៅពេលក្រោយទៀត។
ប្រភព៖ Reuters