រាជរដ្ឋាភិបាល ដាក់ចេញផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)

ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញនាភូមិភាគឦសាន មានអំណោយផលល្អផ្នែកអាកាសធាតុ ទេសភាពធម្មជាតិដ៏ទាក់ទាញ វាលស្មៅបៃតង និងពណ៌មាស ដងទន្លេស្រែពក ធនធានធម្មជាតិសម្បូរបែប ព្រៃឈើ ដែនជម្រកសត្វព្រៃទាំង ៥ និងវប្បធម៌បងប្អូនជនជាតិដើមភាគតិច ជាច្រើនរួមបញ្ចូលគ្នា ដើម្បីបម្រើដល់ទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ប្លែកពីគោលដៅទេសចរណ៍ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ 

ដូចនេះដើម្បីជាត្រីវិស័យសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី រាជរដ្ឋាភិបាលកម្ពុជា ក្រោមចំណារហត្ថលេខារបស់សម្តេចតេជោ ហ៊ុន សែន ទើបតែបានអនុម័តដាក់ចេញ «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)» ដោយកំណត់តំបន់អភិវឌ្ឍអាទិភាពសំខាន់ៗចំនួន ៦ កន្លែងរួមមាន៖ 

១. តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥

២. តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រា-ដាក់ដាំ

៣. ក្រុងសែនមនោរម្យ

៤. តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី

៥. តំបន់ប្រជុំជននៃស្រុកកោះញែក

៦. តំបន់ទេសចរណ៍ សមាហ័រណតាមច្រកព្រំដែន។ 

តាមការបញ្ជាក់បន្ថែមពីក្រសួងទេសចរណ៍ បានបង្ហាញថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ពិតជាមានភាពចាំបាច់ខ្លាំង សម្រាប់ជាចក្ខុវិស័យចង្អុលបង្ហាញការអភិវឌ្ឍន៍វែងឆ្ងាយគ្រប់ជ្រុងជ្រោយ ឈរលើស្ថានភាពជាក់ស្ដែង និងប្រភពធនធានសក្ដានុពលសម្រាប់វិនិយោគ និងអភិវឌ្ឍន៍វិស័យទេsចរណ៍ និងអន្តរវិស័យគាំទ្រក្នុងក្ដីសង្ឃឹមប្រកបដោយសុទិដ្ឋិនិយមថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ព្រមទាំងបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន និងរួមចំណែកថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិផងដែរ។ 

លក្ខណៈសំខាន់ៗ និងចាំបាច់នៃ «ផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥)» មានចំនួន ១០ ចំណុចដូចខាងក្រោម៖ 

១. ការរៀបចំ និងដាក់ចេញផែនការខាងលើ គឺឆ្លុះបញ្ចាំងពីភាពចាំបាច់របស់ខេត្តមណ្ឌលគិរី ក្នុងការត្រៀមលក្ខណៈសម្បត្តិ ក្នុងការចាប់យកកាលានុវត្តភាពនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលកំពុងមានការកើនឡើង ដោយឈរលើភាពរឹងមាំនៃសក្ដានុពលរបស់ខ្លួន។ 

២. ចំណុចខ្លាំងរបស់ខេត្តមណ្ឌលគិរី រួមមាន៖ 

• លក្ខណៈពិសេសនៃធនធានទេសចរណ៍ដ៏សម្បូរបែប ជាពិសេសអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។ 

• ទីតាំងភូមិសាស្ត្រ និងអាកាសធាតុអំណោយផល ជំរុញការអភិវឌ្ឍន៍អន្តរវិស័យ ជាពិសេសទៅលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ឧស្សាហកម្មកែច្នៃ និងវិស័យផ្សេងទៀតសម្រាប់សេដ្ឋកិច្ចជាតិ។ 

• ការវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យពាក់ព័ន្ធ មានការកើនឡើងជាលំដាប់

• ការធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងវិនិយោគិន មកខេត្តមណ្ឌលគិរី។ 

៣. ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ទាមទារឲ្យគិតគូរនូវកត្តាមួយចំនួន ដូចជា៖ 

• ប្រព័ន្ធតភ្ជាប់ទៅគោលដៅទេសចរណ៍សំខាន់ៗ នៅជួបការលំបាក ដែលធ្វើឲ្យការអភិវឌ្ឍន៍ទាំងនោះនៅមិនទាន់បានទូលំទូលាយ

• ហេដ្ឋារចនាសម្ព័ន្ធ អន្តរវិស័យទ្រទ្រង់វិស័យទេសចរណ៍ រួមមានការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់ ការជំរុញផលិតកម្មក្នុងខេត្ត ប្រព័ន្ធទំនាក់ទំនង និងវិស័យពាក់ព័ន្ធ ដែលទាមទារឲ្យមានការវិនិយោគបន្ថែមលើការកែលម្អប្រកបដោយបច្ចេកទេស និងនវានុវត្តន៍ខ្ពស់។ 

• ធនធានមនុស្សបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវបានព្យាករថា មានកំណើនឡើងកាន់តែច្រើន

• គុណភាពផលិតផល និងសេវាទេសចរណ៍ ត្រូវពង្រឹងបន្ថែមទៀតឆ្លើយតបទៅតាមស្ដង់ដារអន្តរជាតិ និងអាស៊ាន។ 

៤. ស្ថានភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កំពុងប្រឈមបញ្ហាគន្លឹះមួយចំនួន រួមមាន៖ 

• ការគ្រប់គ្រងដីធ្លី និងការបែងចែកតំបន់អភិរក្ស និងការអភិវឌ្ឍន៍ នៅមានភាពប្រទាញប្រទង់ និងទាមទារឲ្យមានការកំណត់ព្រំប្រទល់ច្បាស់លាស់

• ការទន្ទ្រានដីព្រៃក្នុងតំបន់អភិរក្ស នៅតែកើតមានជាបន្ដបន្ទាប់ ដែលទាមទារឲ្យមានការចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់

• បម្រែបម្រួលអាកាសធាតុ បាននិងកំពុងជះឥទ្ធិពលទៅលើបរិស្ថានធនធានធម្មជាតិ ដែលប៉ះពាល់ដល់ការដាំដុះនិងវិស័យមួយចំនួនទៀត

• ការហូរចូលវប្បធម៌ពីខាងក្រៅ កំពុងជះឥទ្ធិពលដល់ការអភិរក្សវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច។

៥. ចក្ខុវិស័យក្នុងផែនការមេនេះ នឹងជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិមួយ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងនាំចេញ។ ម្យ៉ាងទៀត ខេត្តមណ្ឌលគិរី ក៏នឹងក្លាយទៅជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ខណៈដែលនៅឆ្នាំ២០៣៥ រំពឹងកំណើនភ្ញៀវទេចរអន្តរជាតិ ៩០ ម៉ឺននាក់ និងភ្ញៀវទេសចរជាតិ ២ លាននាក់ ដែលអាចបង្កើតជាប្រាក់ចំណូលផ្ទាល់ប្រមាណ ៥០០ លានដុល្លារ និងប្រយោលប្រមាណ ១,០០០ លានដុល្លារ ចាក់ចូលទៅក្នុងសេដ្ឋកិច្ចជាតិ។

៦. ដើម្បីសម្រេចបានចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានកំណត់គន្លឺះចំនួន ៤ គឺ៖

• លើកកម្ពស់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឲ្យក្លាយជាវិស័យអាទិភាពមួយសម្រាប់បង្កើតប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ

• ជំរុញវិស័យទេសចរ ក្លាយជាយន្ដការមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត និងការអភិរក្សធនធានធម្មជាតិ និងវប្បធម៌

• ផ្សព្វផ្សាយកិត្យនុភាពរបស់ខេត្ត ជាគោលដៅអេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌ លំដាប់ក្នុងតំបន់អាស៊ាន និងពិភពលោក

• ជំរុញការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ (4Ps) វិស័យសាធារណៈ ឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន ដើម្បីធានានិរន្តភាព។ 

៧. រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន ៦៖

• កំណត់តំបន់ទេសចរណ៍អាទិភាពសម្រាប់អភិវឌ្ឍន៍

• អភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងវិនិយោគទេសចរណ៍

• ពង្រឹងគុណភាពទេសចរណ៍ និងធនធានមនុស្ស

• ផ្សព្វផ្សាយនិងពង្រឹងរូបភាពវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី

• អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអន្តរវិស័យ

• សម្រួលការធ្វើដំណើរការតភ្ជាប់ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់

៨. ក្រៅពីនេះទៀត ប្រសិទ្ធភាពនៃការអនុវត្តផែនការមេនេះ ក៏អាស្រ័យលើការប្រែប្រួល នៃសភាពការណ៍សកលលោក ដែលគួរយកចិត្តទុកដាក់ផងដែរ រួមមាន៖

• ហានិភ័យពាក់ព័ន្ធនឹងភាពងាយរងគ្រោះនៃវិស័យទេសចរណ៍

• ហានិភ័យពាក់ព័ន្ធនឹងការកើតឡើងវិញ នៃវិបត្តិសកល ដែលមិនអាចគ្រោងទុក

• ហានិភ័យពាក់ព័ន្ធនឹងកត្តាបម្រែបម្រួលអាកាសធាតុ -ល-

៩. ជាយន្ដការអនុវត្ត គណៈកម្មការអន្តរក្រសួងមួយ ត្រូវបានស្នើឲ្យបង្កើតឡើងដើម្បីជាសេនាធិការឲ្យរាជរដ្ឋាភិបាល ដែលមានតួនាទីបុរេសកម្ម និងស៊ីជម្រៅក្នុងការគ្រប់គ្រង និងសម្រួលកិច្ចដំណើរការនៃការអនុវត្តផែនការមេនេះ។ 

១០. ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្ដការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគីរី (២០២១-២០៣៥) ដែលនឹងត្រូវធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្ដង ដោយគណៈកម្មការអន្តរក្រសួងដែលត្រូវស្នើឲ្យបង្កើតឡើង ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសក្នុងការអនុវត្តបន្ដ។