យោងតាមសេចក្ដីជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ទី ០៧ ខែធ្នូ ឆ្នាំ២០២១ នេះបានបង្ហាញថា អាកាសធាតុនឹងចុះត្រជាក់ខ្លាំង ដោយសារតែកម្ពុជាទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន ដែលបន្ដរំកិលចុះមកក្រោមជាមួយនិងខ្យល់មូសុងឦសាន បង្កើនល្បឿនក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ស្ថានភាពនេះនឹងបណ្ដាលឲ្យអាកាសធាតុនៅកម្ពុជា ប្រែប្រួលដូចខាងក្រោម៖
១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល
• សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩ អង្សាសេ
• សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ
• អាចមានអាកាសធាតុត្រជាក់បង្គួរ និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
២. បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
• សីតុណ្ហភាពអប្បបរមា មានពី ១៦-១៨ អង្សាសេ
• សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ
• ក្នុងនោះ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមាអាចុះដល់ ១៥ អង្សាសេ។
៣. បណ្ដាខេត្តតាមតំបន់មាត់សមុទ្រ
• សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សាសេ
• សីតុណ្ហភាពអតិបរមា ២៧-២៩ អង្សាសេ
• អាចមានអាកាសធាតុត្រជាក់បន្ដិចបន្ដួច និងខ្យល់ខុសធម្មតា (ខ្យល់រដូវ)។
យោងតាមសេចក្ដីជូនដំណឹងដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសខាងលើនេះ សូមសាធារណជនទាំងអស់ទទួលជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្លាក់ចុះនៃសីតុណ្ហភាពត្រជាក់នេះ និងថែរក្សាសុខភាពឲ្យបានល្អ។