ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចប់ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើកិច្ចការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្តោយផ្លូវថ្នល់ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញ បច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យពិភាក្សា កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាត សំដៅ ធ្វើយ៉ាងណាឱ្យការរៀបចំសេចក្ដីព្រាងអនុក្រឹត្យនេះមានខ្លឹមសារកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ជៀសវាងការភាន់ច្រឡំនៅពេលអនុវត្ត។ ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យសមាជិកអង្គប្រជុំទាំងអស់ខិតខំប្រឹងប្រែងផ្ដល់មតិយោបល់ និងធាតុចូលឱ្យបានផុលផុស ដើម្បីពន្លឿនសេចក្តីព្រាងអនុក្រឹត្យនេះឱ្យបានចប់សព្វគ្រប់ ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិ យុត្តដែលមានស្រាប់។ ជាលទ្ធផល ក្រោយពីបានពិភាក្សាក្នុងកិច្ចប្រជុំជាច្រើនលើកច្រើនសារកន្លងមក ក្រុមការងារទទួលបន្ទុក បានបញ្ចប់ការពិនិត្យ ពិភាក្សា និងកែសម្រួលខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យ នេះប្រកបដោយលទ្ធផលផ្លែផ្កា និងជោគជ័យតាមការគ្រោងទុក។
ជាទីបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារទទួលបន្ទុក ដែលបានខិតខំប្រឹងប្រែងរៀបចំ កែសម្រួលសេចក្តីអនុក្រឹត្យនេះប្រកបដោយការយកចិត្តទុកដាក់ និង ស្មារតីទទួលខុសត្រូវខ្ពស់យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ សូមជម្រាបជូនថា សេចក្តីព្រាងអនុក្រឹត្យស្ដីពីការ គ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការកែសម្រួលថ្មីនេះ មាន ៧ជំពូក និង៤៦មាត្រា គ្រោងនឹងដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សា បន្តនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។