គម្រោងសាងសង់កោះសិប្បនិមិត្តទាំង ៥ នៅទីក្រុងឌូបៃ!

ឌូបៃ ជាទីក្រុងមានមនុស្សរស់នៅច្រើន និងទាក់ទាញភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុត ក្នុងសហព័ន្ធអារ៉ាប់រួម ហើយក៏ជាទិសដៅវិស្សមកាលនៃអភិជន មកពីជុំវិញពិភពលោកផងដែរ។ ការរៀបចំទីក្រុងឌូបៃ ទៅជាទីក្រុងទំនើបស៊ីវិល័យ ជាផែនការសំខាន់មួយរបស់រដ្ឋាភិបាលអារ៉ាប់រួម ពីព្រោះគេយល់ឃើញថាប្រទេសអារ៉ាប់រួមកំពុងធ្លាក់ចុះនូវឧស្សាហកម្មប្រេងបន្ដិចម្ដងៗ ហើយនាពេលអនាគត វិស័យទេសចរណ៍នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចទីក្រុងឌូបៃ។ ហេតុដូចនេះហើយ ទើបយើងឃើញមានការសាងសង់អគារខ្ពស់ៗកប់ពពក សណ្ឋាគារផ្កាយ ៧ លំនៅដ្ឋានអភិជន មានកន្លែងកម្សាន្ដលំដាប់អន្តរជាតិជាច្រើន ជាពិសេសគឺកោះសិប្បនិមិត្តដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ អត្ថបទនេះនឹងនាំអារម្មណ៍មិត្តអ្នកអាន មកស្គាល់នូវកោះសិប្បនិមិត្តចំនួន ៥ នៅទីក្រុងឌូបៃ។

១. កោះដូងជូមៀរ៉ា (The Palm Jumeirah)

The Palm Jumeirah ជាកោះសិប្បនិមិត្តដ៏ធំបំផុតនៅឌូបៃ ដែលគេអាចមើលឃើញច្បាស់ពីផ្កាយរណបលើអាកាស វាត្រូវបានវិនិយោគដោយក្រុមហ៊ុន Nakheel បច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលក្រុងឌូបៃ និងរចនាប្លង់ដោយក្រុមហ៊ុនអាមេរិច Helman Hurley Charvat Peacock។ កោះនេះ ត្រូវបានចាប់ផ្ដើមកាលពីឆ្នាំ២០០១ និងបានចាក់បំពេញដីនៅឆ្នាំ២០០៦ ក្នុងទំហំ ៥.៦ គីឡូម៉ែត្រការ៉េ មានរូបរាងតំណាងដើមដូង និងមានមែកធាងចំនួន ១៧ នៅតាមមែកធាងនោះ ពោពេញទៅដោយការសាងសង់សណ្ឋាគារប្រណិតៗ វីឡា និងរីសត សម្រាប់អភិជនស្នាក់នៅប្រមាណ ១០,០០០ នាក់ប៉ុណ្ណោះជាមួយឯកជនភាព។ នៅលើផ្លូវមេប្រវែងជិត ១១ គីឡូម៉ែត្រនៃកោះសិប្បនិមិត្តនេះ ត្រូវបានសាងសង់ផ្លូវរថភ្លើងក្រោមដីភ្ជាប់ពីដីគោក និងផ្លូវរថយន្ដ ដែលជាបណ្ដុំនៃអាផាតមិន សណ្ឋាគារ ហាងទំនិញជាច្រើនប្រភេទ ចំណែកសណ្ឋាគារដ៏ធំបំផុតនៅខាងចុងនោះមានឈ្មោះថា The Atlantis ដែលបើកដំណើរការក្នុងឆ្នាំ២០០៨ និងមានសួនទឹក (water park) ទំហំ ៤៥០,០០០ ម៉ែត្រការ៉េ, មានឧទ្យាន aquarium សត្វសមុទ្រចំនួន ៦៥,០០០ ប្រភេទ, ចំណែក Nakheel Mall ក៏បានដំណើរការក្នុងឆ្នាំ២០១៩ ផងដែរ។ 

២. កោះពិភពលោក (The World Islands)

កោះពិភពលោក ត្រូវបានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០០៣ ដែលមកទល់ពេលនេះមិនទាប់បញ្ចប់នៅឡើយទេ ដោយសារប្រឈមទៅនឹងបញ្ហាជាច្រើន។ គម្រោងកោះនេះ ត្រូវបានបែងចែងជាកោះតូចៗចំនួន ៣០០ តំណាងឲ្យប្រទេស ឬតំបន់នៃទ្វីបទាំងអស់លើពិភពលោក ក្នុងនោះដែរ កោះដែលបានបញ្ចប់មុនគេគឺ The Greenland ក្នុងឆ្នាំ២០០៦ ដែលជាកាដូជូនដល់កីឡាករប្រណាំងឡានអាល្លឺម៉ង់ Michael Schumacher ចំណែកឯកោះ The Lebanon វិញត្រូវបានសាងសង់រួចនិងប្រើប្រាស់ទីតាំងពាណិជ្ជកម្ម រៀបចំព្រឹត្តិការសាជីវកម្ម និងពិធីជប់លៀងផ្សេងៗ។ យ៉ាងណាមិញ កោះពិភពលោក បានជួបប្រទះនូវបញ្ហាចម្រូងចម្រាស់ជាច្រើន ជាក់ស្ដែងទីភ្នាក់ងារអវកាស NASA បានបង្ហាញថាកោះតូចៗទាំងនេះ នឹងលិចនាពេលដ៏ខ្លីខាងមុខ ដោយសារកម្រិតកម្ពស់ទឹកសមុទ្រឡើង ម្យ៉ាងវិញទៀតគម្រោងនេះ ក៏ត្រូវការថវិកាជាច្រើនទៀតដើម្បីអាចសាងសង់ទៅរួច។

៣. កោះដេរ៉ា (The Deira Islands)

កោះដេរ៉ា ជាគម្រោងដ៏ធំមួយទៀតរបស់ Nakheel ចាប់ផ្ដើមពីឆ្នាំ២០០៨ ដែលមានផែនការសង់កោះសិប្បនិមិត្តធំជាង កោះដូងជូមៀរ៉ា (The Palm Jumeirah) រហូតដល់ ៨ ដងឯណោះ។ ប៉ុន្តែក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន Nakheel បានប្ដូរចិត្ត និងសាងសង់កោះចំនួន ៤ វិញដែលជាបណ្ដុះនៃហាងទំនើប ៥,០០០ ហាង, និងភោជនីយដ្ឋានកាហ្វេចំនួន ១០០ កន្លែង។ កោះ ២ ក្នុងចំណោមកោះចំនួន ៤ នោះត្រូវគេរំពឹងថាអាចសម្រាប់មនុស្សស្នាក់នៅបាន ២៥០,០០០ នាក់ ប៉ុន្តែមកទល់ពេលនេះមានតែកោះនៅភាគនិរតីប៉ុណ្ណោះ ដែលមានការសាងសង់តាមផែនការ។

៤. កោះសមុទ្រខៀវ (Bluewaters Islands)

ស្រដៀងទៅនឹងគម្រោងកោះដូងជូមៀរ៉ាដែរ កោះសមុទ្រខៀវនេះ ត្រូវបានសាងសង់ក្នុងគោលបំណងជាឧទ្យានកម្សាន្ដគ្រប់ទម្រង់ និងជាទីតាំងនៃបណ្ដុំសណ្ឋាគារ លំនៅដ្ឋាន ភោជនីយដ្ឋាន ហាងទំនិញជាច្រើនផ្សេងទៀត។ កោះនេះ ឈរនៅលេចធ្លោដោយសារតែជាទីតាំងនេះកន្ត្រកវិល Ain Dubai ឬក៏ Dubai Eye ដែលមានកម្ពស់ ២១០ ម៉ែត្រមាន ៤៨ ប្រអប់ គឺជាកន្ត្រកវិលធំជាងគេបំផុតនៅលើពិភពលោក អាចទស្សនាទិដ្ឋភាពទីក្រុង និងឈូងសមុទ្រពែក្សដ៏ធំល្វឹងល្វើយ។

៥. កោះដូង ជេបល អាលី (The Palm Jebel Ali)

នេះគឺជាកោះដូងទី២ ប្រចាំទីក្រុងឌូបៃ បានចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០០២ មានរូបរាងស្រដៀងទៅនឹង កោះដូងជូមៀរ៉ាដែរ ប៉ុន្តែមានរនាំងជុំវិញបន្ថែមទៀត និងមានទំហំធំជាង ១ ដងកន្លះ។ កោះដូងជេបល អាលី ត្រូវបានគ្រោងសម្រាប់សាងសង់លំនៅដ្ឋានតាមធាងដូងនោះ មានវីឡា សួនទឹកអន្តរជាតិ និងកំពង់ផែទេសចរណ៍ចំនួន ៦ កន្លែង ប៉ុន្តែគម្រោងត្រូវបានជាប់គាំងដោយសារតែវិបត្តិហិរញ្ញវត្ថុ និងទីផ្សារអចលនទ្រព្យធ្លាក់ចុះ។ យ៉ាងណាមិញ ក្រុមហ៊ុន Nakheel មានផែនការវែងសម្រាប់ការចាប់ផ្ដើមកោះដូងទី២ ឡើងវិញនាពេលអនាគត ដើម្បីប្រែក្លាយកោះនេះទៅជាឋានសួគ៌ សម្រាប់ភ្ញៀវទេសចរណ៍ថ្នាក់ខ្ពស់ ប្រៀបដូចជាទីក្រុងមេកា សម្រាប់អីស្លាមសាសនិកអញ្ចឹង។