អគារថ្មីមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង។ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអោយដឹងថាអគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់ឡើងនៅខែមីនា ឆ្នាំ២០២០ និងបានបញ្ចប់ការ សាងសង់នៅចុងឆ្នាំ ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះបានពន្យាពេលទៅដើមឆ្នាំ២០២២វិញ ។ អគារនេះចំណាយថវិកាសរុបប្រមាណ៨ លាន ដុល្លារអាមេរិក ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិ កូរ៉េ KOICA។ 

ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជាបានអបអរសាទរចំពោះសមិទ្ធផលនៃ អគារមជ្ឈមណ្ឌល ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួងនាពេលនេះ ដែលកើតចេញពីចំណង មិត្តភាពកម្ពុជា-កូរ៉េ។ ឯកឧត្តមបានមានប្រសាសន៍ថាអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ត្រូវបានសាងសង់ឡើង បន្ទាប់ពីការសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះ អង្គឌួង។ ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ក៏ត្រូវបានបង្កើនសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញ មកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ឆ្នាំនេះជាខួប២៥ ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋកូរ៉។ ឆ្នាំនេះកម្ពុជា-កូរ៉េ មានសមិទ្ធផលជាច្រើនដែលត្រូវបាន បើកការដ្ឋានសាងសង់ និងសម្ពោធឱ្យប្រើប្រាស់ ដូចជា ការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៤៨ សម្ពោធដាក់អោយប្រើប្រាស់ផ្លូវជាតិលេខ២១ និងការសម្ពោធអគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាពេលនេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាន៍ទៀតថា អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នេះគឺជាសមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរ វាងកម្ពុជា និងកូរ៉េ។ ក្នុងនាមជាស្ថាបនិកនៃការភ្ជាប់ឡើងវិញនៃទំនាក់ទំនងប្រទេសទាំង២ សម្តេចតេជោពិតជាមាន មោទនភាពចំពោះទំនាក់ទំនងនេះ ដែលនាំអោយកើតមាននូវសមិទ្ធផលជាច្រើនសម្រាប់ជាតិ។ សម្តេច តេជោនាយករដ្ឋមន្ត្រីពិតជាក្តីរីករាយចំពោះមន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការនូវប្រព័ន្ធ បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ ដូចជាផ្នែកជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក សម្រាប់បម្រើដល់បង ប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា សម្តេចតេជោ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំងប្រទេស ដែលបាន ប្រឹងប្រែងជំនះការរីករាលដាលជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងទៅនេះ។ សម្តេចតេជោបានថ្លែងថា វេលាពេលនេះកាលពីឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារការឆ្លងជំងឺកូវីដ-១៩មាន ការផ្ទុះខ្លាំង ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលពេលនោះមានមនុស្សស្លាប់ និងមាន អ្នកសម្រាកនៅមន្ទីពេទ្យជាបន្តបន្ទាប់  តែឆ្នាំនេះយើងមានស្ថានភាពល្អប្រសើរ ទាំងនេះដោយសារតែ យុទ្ធសាស្ត្រនៃការចាក់ស្រោចវ៉ាក់សាំងរបស់យើងបានទាន់សភាពការណ៍។ 

តែទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនៅតែបន្តអំពាវនាវឲ្យបងប្អូនប្រជាពរដ្ឋទាំងអស់មេត្តាយកចិត្ត ទុកដាក់ការពារការឆ្លងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តវិធានការ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ក្រុមគ្រូពេទ្យយកចិត្តទុកដាក់លើសុខុមាលភាពរបស់ ប្រជាពលរដ្ឋ។ មានមន្ទីរពេទ្យល្អ បរិក្ខារល្អ ជារឿងល្អមួយទៅហើយ ប៉ុន្តែអ្វីកាន់តែល្អទៀត គឺការយកចិត្ត ទុកដាក់ និងមានក្រមសីលធម៌របស់គ្រូពេទ្យចំពោះអ្នកជំងឺ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន មាន ប្រសាសន៍បញ្ជាក់ជាថ្មីថា ការសម្រេចចិត្តបោះឆ្នោតប្រឆាំងរុស្ស៉ី មិនមែនដោយសារកម្ពុជា មិនទាន់មាន នាវាមុជទឹក មិនទាន់មានយន្តហោះមិចសម្រាប់ទម្លាក់គ្រាប់បែក មិនទាន់មានកាតព្វកិច្ចយោធា និង កម្ពុជាសម្បូរណ៍ដោយយោធាក្បាលពោះធំនោះទេ។ សម្តេចតេជោបានបញ្ជាក់ថា មិនថារុស្ស៉ី ឬប្រទេស ណា ដែលធ្វើសកម្មភាពឈ្លានពានប្រទេសដទៃ គឺកម្ពុជាប្រឆាំងជាដាច់ខាត។ ការប្រឆាំងរបស់កម្ពុជា បែបនេះ គឺផ្អែកលើច្បាប់អន្តរជាតិ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហរផ្លូវការរបស់កម្ពុជា គឺប្រឆាំងដាច់ខាតការប្រើប្រាស់កម្លាំងឬព្រមានប្រើប្រាស់កម្លាំង ប្រឆាំងនឹងប្រទេសដទៃ គឺត្រូវតែគោរព ចំពោះឯករាជ្យ និងអធិបតេយ្យប្រទេសដទៃ។ សម្តេចតេជោបានថ្លែងថា ជំហរផ្លូវការរបស់កម្ពុជា មានតែព្រះមហាក្សត្រ  រាជរដ្ឋាភិបាល និងក្រសួងការបរទេសប៉ុណ្ណោះ ក្រៅពីនោះមិនមានឡើយ។ 

សម្តេចតេជោសង្ឃឹមថា មិត្តរុស្ស៉ី នឹងយល់ពីកម្ពុជា ព្រោះកម្ពុជាធ្លាប់ត្រូវបានគេឈ្លានពានពីអតីតកាល ដូច្នេះកម្ពុជា មិនគាំទ្រការឈ្លានពាននោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ថា ជម្រើសចុង ក្រោយរបស់រុស្ស៉ី និងអ៊ុយក្រែន គឺមានបទចរចាមួយគត់ ដើម្បីបញ្ចប់សង្គ្រាម គឺមិនអាចយកសង្គ្រាម ទៅបញ្ចប់សង្គ្រាមបាននោះឡើយ។ នៅថ្ងៃដដែល សម្តេចតេជោបានអបអរសាទរចំពោះសមិទ្ធផល ផ្នែកសុខាភិបាល នៃមជ្ឈមណ្ឌលព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់កនៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះ។ ទន្ទឹមនឹងនោះ សម្តេចតេជោក៏បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់អគារមន្ទីរពេទ្យនេះចាប់ពីពេលនេះតទៅ៕