កម្ពុជា-អូស្រ្តាលី បន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសទាំងពីរ


បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារ ជាមួយបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ារួចហើយនោះ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Pablo Kang បានគោរពជូន សម្ដេចតេជោនូវលិខិតរបស់ឯកឧត្តម Scott Morrison នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោក្នុង ឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។

ឯកឧត្តម Pablo Kang បានធ្វើការអធិប្បាយ អំពីអត្ថន័យនៃលិខិតរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី ដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូន សម្តេចតេជោថា

ទី១) អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំង Pfizer 

ទី២) ឯកឧត្តមបានគោរពជម្រាបជូន សម្តេចតេជោថាអូស្ត្រាលី នឹងបើកប្រទេសឡើងវិញនៅ ២ សប្តាហ៍ខាងមុខ នោះប្រទេសអូស្ត្រាលី នឹងអនុញ្ញាតឲ្យប្រជាជនធ្វើដំណើរចូលប្រទេសអូស្ត្រាលី ដោយមិនបាច់ត្រូវការ ធ្វើតេស្តកូវីដទៀតទេ

ទី៣) អូស្ត្រាលី នឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការ ជាដៃគូលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីផលិត កសិផល ក្នុងការនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែងអំណរគុណចំពោះឯកឧត្តម Pablo Kang ចំពោះការពាំនាំនូវលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលី មកជូនសម្ដេចនៅពេលនេះ។ សម្តេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតំលៃខ្ពស់ ចំពោះប្រទេសដែលទទួលស្គាល់កម្ពុជា មុនកម្ពុជា ទទួលបានឯករាជ្យ។ ដោយឡែកអូស្ត្រាលីបានទទួលស្គាល់កម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យ ហើយ ជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានសំដែងនូវការ អបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគ្រប់គ្រង ការរីករាលដាលជំងឺកូវីដ-១៩ និងការបើកប្រទេស ឡើងវិញ នៅ២សប្តាហ៍ខាងមុខនេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់វ៉ាក់សាំង និងទូត្រជាក់រក្សាវ៉ាក់សាំង និងកិច្ចសហប្រតិបត្តិការជាដៃគូជា ពិសេសលើ វិស័យកសិកម្ម កសិឧស្សាហកម្ម ដើម្បីជំរុញ ចង្វាក់ផលិតកម្ម សម្រាប់ការនាំចេញផលិតផលកសិកម្ម កម្ពុជា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ 

មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យឯកឧត្តម Pablo Kang ធ្វើការពិនិត្យលើវិស័យ ផ្សេងៗទៀត ដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេសយើង ទាំងពីរ៕