ប្រវត្ដិសង្ខេបទាំង ៥ ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំ ដែលកូនខ្មែរគួរតែដឹង


ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ តែងតែត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំនៅក្នុងខែមេសា និងមានរយៈពេល ៣ ថ្ងៃ។ ពិធីបុណ្យនេះ ត្រូវបានចាត់ទុកជាទំនៀមទំលាប់ របស់ប្រជាជនខ្មែរយើង តាំងពីយូរយាណាស់មកហើយ។ រាល់ឆ្នាំឲ្យតែដល់ថ្ងៃទី ១២, ១៣, ១៤ រោច ខែចែត្រ ឬត្រូវនឹងថ្ងៃទី ១៣, ១៤, ១៥ ឬថ្ងៃទី ១៤ ,១៥, ១៦ ខែមេសា ប្រជាជនខ្មែរទាំងអស់ តែងឈប់សម្រាកពីការងារផ្សេងៗ ជួបជុំគ្រួសារ ដើម្បីរៀបចំផ្ទះសំបែង និងត្រៀមខ្លួនទទួលទេវតាឆ្នាំថ្មី។

ដោយឡែក សម្រាប់អ្នកដែលមកធ្វើការនៅទីក្រុងភ្នំពេញក៏ឈប់សម្រាក ដើម្បីទៅជួបជុំគ្រួសារនៅឯស្រុកកំណើត ហើយចំណែកឯអ្នក ដែលរស់នៅក្នុងទីក្រុងភ្នំពេញស្រាប់ ក៏ត្រៀមទទួលទទួលទេវតាឆ្នាំថ្មី រួចធ្វើដំណើរទៅកាន់ តំបន់រមណីដ្ឋានទេសចរណ៍ នៅតាមបណ្ដាខេត្ដផ្សេងៗផងដែរ។ ដូច្នេះមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះមកដល់ យើងនឹងមកដឹងរឿងរ៉ាវទាំង ៥ ទាក់ទងនឹងប្រវត្ដិនៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែររបស់យើង ទាំងអស់គ្នា។

១. រឿងនិទានដំណាលអំពីប្រវត្ដិថ្ងៃសង្រ្កាន

ការបើកថ្ងៃសង្រ្កានឆ្នាំថ្មី ត្រូវបានក្លាយជាទំនៀមទំលាប់ តាមរយៈរឿងនិទានដំណាលមួយ។ មានសេដ្ឋីម្នាក់ មានបុត្រមួយឈ្មោះ ធម្មបាលកុមារ ដែលមានដើមកំណើតមកពីព្រះឥន្ទ្រាធិរាជ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស និងចេះទាំងភាសាបក្សី។ ថ្ងៃមួយ  ធម្មបាលកុមារ តម្រូវឲ្យដោះស្រាយប្រស្នាចំនួន ៣ របស់ កបិលមហាព្រហ្ម ១ អង្គ ដែលមានព្រះភ័ក្រ ៤ ក្នុងរយៈពេល ៧ ថ្ងៃ។ ប្រសិនបើ ធម្មបាលកុមារ អាចដោះស្រាយបាន កបិលមហាព្រហ្ម នឹងសុខចិត្ដិកាត់ក្បាលខ្លួនបូជាដល់ប្រាជ្ញា របស់ធម្មបាលកុមារ។ ជាលទ្ធផល ធម្មបាលកុមារ បានឆ្លើយត្រូវប្រស្នាទាំង ៣ នេះ ដោយសារបានលួចស្ដាប់ ចម្លើយពីសត្វឥន្ទ្រី កំពុងនិយាយគ្នា។ លុះបន្ទាប់ក្រោយមក កបិលមហាព្រហ្ម ក៏បានកាត់ក្បាលខ្លួនឯងបូជា ដោយកោះហៅបុត្រីទាំង ៧ អង្គឲ្យផ្លាស់វេនគ្នាដង្ហែក្បាល កបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់គម្រប់មួយឆ្នាំសង្រ្កាន្ត។

២. ថ្ងៃបើកសង្រ្កានឆ្នាំថ្មី (ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ)

ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានគេហៅថាថ្ងៃមហាសង្រ្កាន ហើយថ្ងៃមហាសង្រ្កាននេះតែងតែធ្វើចំថ្ងៃខុសៗគ្នាជារៀងរាល់ឆ្នាំ ទៅតាមវេននៃទេពធីតា ដែលជាបុត្រីកបិលមហាព្រហ្មទាំង ៧ អង្គ។

១. បើសង្ក្រានត្រូវចំថ្ងៃអាទិត្យ ត្រូវវេន ព្រះនាងទុង្សសាទេវី

២. បើសង្ក្រានត្រូវចំថ្ងៃច័ន្ទ ត្រូវវេន ព្រះនាងគោរាគទេវី

៣. បើសង្ក្រានត្រូវចំថ្ងៃអង្គារ ត្រូវវេន ព្រះនាងរាក្សសាទេវី

៤. បើសង្ក្រានត្រូវចំថ្ងៃពុធ ត្រូវវេន ព្រះនាងមណ្ឌាទេវី

៥. បើសង្ក្រានត្រូវចំថ្ងៃព្រហស្បត៍ ត្រូវវេន ព្រះនាងកិរិណីទេវី

៦. បើសង្ក្រានត្រូវចំថ្ងៃសុក្រ ត្រូវវេន ព្រះនាងកិមិរាទេវី

៧. បើសង្ក្រានត្រូវចំថ្ងៃសៅរ៍ ត្រូវវេន ព្រះនាងមហោទរាទេវី

នៅក្នុងថ្ងៃនេះសង្រ្កាននេះ ប្រជាជនខ្មែរតែងតែគេយកចង្ហាន់ទៅវត្ ដដើម្បីប្រគេនព្រះសង្ឃ ឧទ្ទិសថ្វាយញាតិសន្តាន និងផ្សងសុំសេចក្តីសុខ។

៣. ថ្ងៃវារៈវ័នបត (ថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ)

ថ្ងៃវារៈវ័នបតគឺជាថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ នៅក្នុងថ្ងៃនេះ កូនចៅតែងជូនសំលៀកបំពាក់ នំចំណី លុយកាក់ ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតា ជាដើម។ ជួនកាលគេធ្វើទាន ដល់មនុស្សបម្រើ ឬអ្នកក្រីក្រទៀតផង ។

៤. ថ្ងៃវារៈឡើងស័ក (ថ្ងៃទី ៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ)

នៅក្នុងថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរត្រូវបានគេហៅថា ថ្ងៃវារៈឡើងស័ក ប្រជាជនខ្មែរ នឹងនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ នៅពេលព្រឹក។ ពេលល្ងាច និមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប ហើយបន្ទាប់មកគេនាំគ្នា លេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម។

៥. អត្ដន័យនៃបុណ្យចូលឆ្នាំខ្មែរ

ប្រជាជនខ្មែរតែងមានជំនឿថា ក្នុងរយៈពេលមួយឆ្នាំ នៃការរស់នៅ តែងជួបប្រទះអពមង្គល ឧបទ្រព្យចង្រៃផ្សេងៗ ជូនកាលមានទុក្ខសោក ជួនកាលមានគ្រោះអាសន្ន ជួនកាលមានជំងឺរូបរឹតរាងកាយ ជូនកាលទៀត បានប្រព្រឹត្ដអំពើសៅហ្មង មិនគប្បី។ ដូច្នេះ កាលណាដែរឆ្នាំចាស់កន្លងផុតទៅ គេនឹងនាំគ្នាធ្វើបុណ្យ ស្លៀកពាក់ថ្មីៗ នាំគ្នាដើរលេងកំសាន្ដ ដើម្បីឲ្យអស់កង្វល់ ហើយឲ្យមានសិរីសួស្ដី មានសុភមង្គលនៅក្នុងឆ្នាំថ្មី។ ម្យ៉ាងទៀត ដោយសារប្រជាជនខ្មែរភាគច្រើន បានបែកចេញពី គ្រួសារ និង ញាតិមិត្ដ ទៅប្រករបរចិញ្ចឹមជិវិតនៅទីឆ្ងាយៗ លុះដល់ឆ្នាំថ្មី ពួកគេបានវិលមកជូបជុំគ្នា សូរសុខទុក្ខគ្នា ដើម្បីបន្ឋូរការនឹករឭក និងបំបាត់ការនឿយហត់ពីការងារជាដើម។