HONDA ប្រកាសបោះទុនវិនិយោគដល់ទៅ ៤០ ពាន់លានដុល្លារ លើការផលិតរថយន្តអគ្គិសនី


ជប៉ុន៖ ក្រុមហ៊ុនផលិតយាន្តជំនិះ ដ៏ល្បីល្បាញមួយរបស់ជប៉ុន និងមានឈ្មោះបោះសម្លេង ក្នុងទីផ្សារពិភពលោក HONDA បានប្រកាសជាផ្លូវការហើយថា នឹងចំនាយថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ ៤០ ពាន់លានដុល្លារអាមេរិក ក្នុងការផលិតរថយន្តអគ្គិសនី នាទសវត្សរ៍ក្រោយ។

ក្រុមហ៊ុន Honda បានប្រកាសជាផ្លូវការ ក្នុងការបោះទុនវិនិយោគបន្ថែមទៀត ក្នុងការផលិតយាន្តជំនិះ ដំណើរការដោយថាមពលអគ្គិសនី ជាទ្រង់ទ្រាយធំ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៤០ ពាន់លានដុល្លារអាមេរិក។ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងប្រើប្រាស់ដើម្បីតម្រង់ផ្លូវរបស់ក្រុមហ៊ុន Honda ក្នុងចក្ខុវិស័យវែងឆ្ងាយ នៃដំណើរឆ្ពោះទៅកាន់ពិភពលោក ដែលគ្មានឧស្ម័នពុល ដែលបំភាយចេញពីយាន្តជំនិះប្រើប្រាស់ប្រេងឥន្ធនៈ។

ការចំនាយទុនវិនិយោគរហូតដល់ទៅ ៤០ ពាន់លានដុល្លារ នេះត្រូវបានបញ្ជាក់ថា នឹងចាប់ផ្ដើមក្នុងរយៈពេល ១ ទសវត្សរ៍ទៀត ឬ ១០ ឆ្នាំខាងមុខ ដោយផ្ដោតសំខាន់ ទៅលើការផលិតរថយន្ត និងយាន្តជំនិះ ដំណើរការដោយថាមពលបៃតង ក៏ដូចជាផលិតអាគុយអគ្គិសនី ការកែច្នៃអាគុយ ការរៀបចំកម្មវិធីរថយន្ត (Software) ក៏ដូចជាការអភិវឌ្ឍន៍ផ្សេងៗទៀតជាអាទិ៍។ ស្ថិតក្នុងមហិច្ឆិតាមួយនេះ ក្រុមហ៊ុន Honda បានបញ្ជាក់ទៀតថា នឹងផលិតរថយន្តឱ្យបាន ៣០ ប្រភេទ និងឱ្យបាន ២ លានគ្រឿងក្នុង ១ ឆ្នាំ។

ទន្ទឹមនឹងការប្រកាសអំពីការវិនិយោគនេះ Honda នឹងចាប់ផ្ដើមជម្រុញការផលិត ពង្រឹងការសិក្សាស្រាវជ្រាវ ក៏ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបៗ ចុងក្រោយរបស់ខ្លួន ដើម្បីយកមកបំពាក់ និងប្រើប្រាស់នៅលើរថយន្តស៊េរីទំនើបរបស់ខ្លួន ដោយត្រៀមប្រកួតប្រជែង ជាមួយដៃគូជាច្រើនទៀតនៅក្នុងទីផ្សារនាឆ្នាំ ២០២៥ ខាងមុខផងដែរ ខណៈពេលក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីជាច្រើនផ្សេងទៀត បានចាប់កំណើត និងលេចមុខ នៅក្នុងទីផ្សាររថយន្តជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ចក្ខុវិស័យនិងមហិច្ឆិតាដ៏ធំរបស់ក្រុមហ៊ុន Honda គឺជាការបោះជំហ៊ានធំមួយ ក្នុងការរុញច្រាន និងផ្លាស់ប្ដូររបៀបនៃការបើកបរ និងប្រើប្រាស់រថយន្តនៅលើភពផែនដី ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្ររយៈពេលវែង ដោយធ្វើយ៉ាងណាឱ្យ ១០០% នៃការលក់របស់ Honda ទាំងអស់ គឺជាការលក់យាន្តជំនិះបៃតង នាឆ្នាំ ២០៤០៕