អគារថ្មី មន្ទីរពេទ្យកាល់ម៉ែត សម្រេចការងារសាងសង់បាន ៩២%


យោងតាមការចុះត្រួតពិនិត្យការងារសាងសង់អគារ «តេជោអភិវឌ្ឍន៍» ដោយ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី ២៧ ខែមេសា បានបង្ហាញថាអគារធំថ្មី នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតនេះ សម្រេចការងារសាងសង់ បានប្រមាណ ៩២% មកហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់ កាលពីខែមីនា ឆ្នាំ ២០១៨ កន្លងទៅ នឹងគ្រោងបញ្ចប់ឲ្យ បានរួចរាល់នៅចុងឆ្នាំ ២០២២ នេះ។

ឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ថាអគារ «តេជោអភិវឌ្ឍន៍» នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ជាអគារមន្ទីរពេទ្យ ព្យាបាលទំនើបគ្រប់គ្រាន់ មិនចាញ់ប្រទេសគេ ដែលនឹងបម្រើ ការព្យាបាលដល់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។ អគារធំថ្មីនេះ មានកម្ពស់ ១២ ជាន់ និងចំណតក្រោមដី មានផ្ទៃក្រឡាប្រមាណ ៤២.០០០ ម៉ែត្រការ៉េ អាចផ្ទុកគ្រែអ្នកជំងឺបាន ៤៦៥ គ្រែ ថែមទាំងបំពាក់នូវ បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខ ដែលប្រមូលផ្តុំទៅដោយ ឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើប អាចឆ្លើយតបទៅនឹង តម្រូវការព្យាបាលជំងឺរបស់ប្រជាពលរដ្ឋ និងអាចកាត់បន្ថយការចេញ ទៅព្យាបាលជំងឺនៅបរទេសផងដែរ។

ឯកឧត្តមរដ្ឋមន្រ្ដី បានមានប្រសាសន៍ថា អគារថ្មីនេះ មានកន្លែងសង្រ្គាះបន្ទាន់ កន្លែងវិនិច្ឆ័យគ្រប់គ្រាន់ អាចមានកន្លែងថែទាំព្យាបាល និងអ្នកឯកទេសជំនាញគ្រប់ផ្នែក នឹងបំពេញភារកិច្ចបន្ថែមលើអគារចាស់ ដែលបំពេញនូវតម្រូវការ របស់ប្រជាពលរដ្ឋយើង ធ្វើយ៉ាងម៉េចឆ្លើយតបតម្រូវការ របស់ប្រជាពលរដ្ឋយើង មានបញ្ហាបន្តិចបន្ទួចចេះតែទៅខាងក្រៅ ដូច្នេះ ត្រូវតែមានកន្លែងទទួលថែទាំ ប្រជាពលរដ្ឋឲ្យបានល្អ។

សូមបញ្ជាក់ផងដែរថា អគារ «តេជោអភិវឌ្ឍន៍» នៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានចំណាយការសាងសង់ប្រមាណ ៤០ លានដុល្លារ ដែលជាថវិកាបានពី ការជ្រោមជ្រែងពីក្រសួងសុខាភិបាលកម្ពុជា ព្រមទាំងបណ្ដាអង្គការក្នុងនិងក្រៅស្រុក ជាពិសេសស្ថានទូតបារាំង ប្រចាំនៅកម្ពុជា។