ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នឈ្នះ ខេត្តប៉ៃលិន ត្រៀមរៀបចំបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ឆាប់ៗនេះ


កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុគណៈកម្មាធិ ការសាងសង់ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នឈ្នះ ខេត្តប៉ៃលិន បានបើកកិច្ចប្រជុំពិភាក្សារួមគ្នា នៅសាលាខេត្ដប៉ៃលិន។ ដោយនៅក្នុងកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សា អំពីការត្រៀមខ្លួនរៀបចំ បញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ ស្តូបអនុស្សាវរីយនយោបាយ ឈ្នះៗ ថ្មីមួយទៀត នៅក្នុងខេត្តប៉ៃលិនតែម្ដង ដែលនឹងមានទីតាំងស្ថិតនៅ ភូមិស្រែត្នោត សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ជាប់ផ្លូវក្រវ៉ាត់ក្រុង)។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ អ៊ី ឈាន បានមានប្រសាសន៍ថា ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញពីវប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ ដឹកនាំក្នុងការស្វែងរកសុខសន្តិភាព។ បន្ថែមពីនេះ ក៏នឹងមានចម្លាក់បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត និងដំណើរឆ្ពោះ ទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ក៏ដូចជាមានព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ផងដែរ។

លើសពីនេះ ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នេះនឹងក្លាយជាទីកន្លែង សម្រាប់មនុស្សជំនាន់ក្រោយ សិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិត របស់ខេត្តប៉ៃលិន ដោយបញ្ជាក់ពីភាពពិត របស់កូនខ្មែរសម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដ នៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថា ពិធីបញ្ចុះបឋមសិលាសាងសង់ នឹងធ្វើឡើងនៅដើមខែឧសភា ខាងមុខនេះតែម្ដង ដោយមានការចូលរួមថវិកា ពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយអ្វីឡើយ។