រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានចែកចេញជា ២ធំៗ


រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចលើកឡើងថា ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា ត្រូវបានចែកចេញជា ២ធំៗ រួមមាន៖ (ទី១) វិស័យហិរញ្ញវត្ថុធនាគារ និង(២). វិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឱ្យដឹងថា ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា រួមមាន៖ (ទី១) វិស័យហិរញ្ញវត្ថុធនាគារ ស្ថិតក្រោមការគ្រប់គ្រង, ការត្រួតពិនិត្យ, និងបញ្ញត្តិកម្ម របស់ធនាគារជាតិនៃកម្ពុជា និងទី (២). វិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ដែលគ្របដណ្តប់វិស័យធានារ៉ាប់រង និងសោធនឯកជន, មូលបត្រ, សន្តិសុខសង្គម, បរធនបាលកិច្ច, គណនេយ្យ និង សវនកម្ម, និងអចលនទ្រព្យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ស្ថិតក្រោមការគ្រប់គ្រង, ត្រួតពិនិត្យ និង បញ្ញត្តិកម្មរបស់អាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ  ដែលមាននិយ័តករក្រោមឱវាទ ជាសេនាធិការធ្វើនិយ័តកម្មតាមអនុវិស័យនីមួយៗ នៃសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបន្តថា តាមបែបប្រពៃណីនេះ ការគ្រប់គ្រង, ការត្រួតពិនិត្យ, និង បញ្ញត្តិកម្មសុទ្ធតែធ្វើឡើងដោយ ប្រតិបត្តិករកណ្តាល ឬអន្តរការី ដើម្បីធានាបាននូវ ការគ្រប់គ្រងហានិភ័យផ្សេងៗ និងធានាការទុកចិត្ត។ ការងើបឡើងនូវបច្ចេកវិទ្យាថ្មីៗ ដូចជា blockchain ឬ distributed ledger ជាដើម នៅក្នុងវិស័យហិរញ្ញវត្ថុ បានធ្វើឱ្យមានការផ្លាស់ប្ដូរស៊ីជម្រៅ នៅក្នុងរបៀបនៃការគ្រប់គ្រង និងធ្វើបញ្ញត្តិកម្មនេះ ឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការបាត់បង់នូវតួនាទី របស់ប្រតិបត្តិករកណ្ដាល ឬអន្តរការី ហើយដែលត្រូវបានហៅថា វិមជ្ឍការហិរញ្ញវត្ថុ (Decentralized Finance) ដូចជា ទីផ្សាររូបិយ វត្ថុគ្រីបតូ (Cryptocurrency market) ដែលកំពុងមានការទាក់ទាញ និងចាប់អារម្មណ៍ ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងរយៈពេលជាង មួយទសវត្សរ៍ចុងក្រោយ ឧស្សាហកម្មហិរញ្ញវត្ថុកម្ពុជា សម្រេចបានសន្ទុះកំណើន និងបានចូលរួមកាន់តែខ្លាំងក្លា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស តាមរយៈការ លើកកម្ពស់បរិយាប័ន្ន ហិរញ្ញវត្ថុ, ទាំងនៅទីប្រជុំជននិងជនបទ ដែលជារួមត្រូវបាន ឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈការកើនឡើងយ៉ាងខ្លាំង នៅគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានបញ្ចាំង ឱ្យឃើញតាមរយៈការកើនឡើងយ៉ាងខ្លាំង នូវគ្រឹះស្ថានធនាគារ ផ្តល់សេវាទូទាត់សងប្រាក់ជាដើម ក្នុងវិសាលភាពវិស័យហិរញ្ញវត្ថុធនាគារ។

ទន្ទឹមនឹងនេះ អនុវិស័យផ្សេងៗ នៃវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ក៏បាននឹងកំពុងចាប់ផ្តើមដុះលូតលាស់ ជាបណ្តើរៗ ដែលនឹងមានសក្តានុពលខ្ពស់ ក្នុងការទាញប្រយោជន៍ សម្រាប់ជំរុញ កំណើនសេដ្ឋកិច្ចជាតិផងដែរ ។ ឯកឧត្តម បានបន្ថែមថា ការបង្កើតអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏មានគោលដៅ ដើម្បីបង្កើតយន្តការ ស្ថាប័នច្បាស់លាស់ និង មុតស្រួច ក្នុងការដឹកនាំអភិវឌ្ឍវិស័យនេះ ឱ្យបានខ្លាំងក្លាថែមទៀត។ ការរីកចម្រើននៃវិស័យនេះ បានជំរុញឱ្យមាន ការទាក់ទាញក្នុងការ បន្តវិនិយោគកាន់តែច្រើន លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសក្នុងការ បង្កើនសេវាកម្ម ឬផលិតផលនវានុវត្តន៍និង ការចាប់យកឱកាសថ្មីៗ  ដើម្បីបំពេញតម្រូវការ ជាក់ស្តែងរបស់អតិថិជន ឬអ្នកប្រើប្រាស់ ជាពិសេសក្នុងចំណោមក្រុម អ្នកប្រើប្រាស់វ័យក្មេង។

ជាក់ស្តែង នៅក្នុងវិបត្តិនៃជំងឺកូរីដ-១៩ ស្ថាប័នហិរញ្ញវត្ថុណាដែលចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា បានលឿន និងមុនគេ បានប្រែក្លាយវិបត្តិឱ្យទៅជាឱកាសថ្មី ក្នុងការពង្រីកសេវារបស់ខ្លួន កាន់តែខ្លាំង និងមានភាពធន់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ៕