ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានដល់ជាង ៦,៨ពាន់លានដុល្លារ ក្នុងពេល ២ខែដំបូងនៃដើមឆ្នាំនេះ ធ្លាក់ចុះជិត ២២%


បើយោងតាមទិន្នន័យពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០២៣ នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ៦,៨ពាន់លានដុល្លារ ថយចុះ ២១,៨% បើធៀបទៅនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងបន្ថែមថា រយៈពេល២ខែដើមឆ្នាំនេះ គឺខែមករា ដល់ខែកុម្ភៈ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង ៣,២ពាន់លានដុល្លារ ថយចុះ ៨,៦% និងនាំចូលមកវិញក្នុងតម្លៃជាង ៣,៥ពាន់លានដុល្លារ ថយចុះ ៣០,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។

ប្រទេសដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ច្រើនជាងគេ គឺប្រទេសចិន ដែលមានទំហំខ្ទង់ ១,៧ពាន់លានដុល្លារ ថយចុះ ១៥% ក្នុងនោះកម្ពុជានាំចេញទៅចិន ក្នុងតម្លៃ ១៩៨លានដុល្លារ ថយចុះ៥,៥% និងនាំចូលពីចិន ក្នុងតម្លៃ ១,៥ពាន់លានដុល្លារ ថយចុះ ១៦,២%

ចំណែកសហរដ្ឋអាមេរិក ដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្ម ១,១ពាន់លានដុល្លារ ថយចុះ ២០,៤% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ១,១ពាន់លានដុល្លារ ថយចុះ ២០,២% និងនាំចូលមកវិញក្នុងតម្លៃ ៣៩លានដុល្លារ ថយចុះ ២៤,៥% ផងដែរ។

ដោយឡែកទំហំពាណិជ្ជកម្ម ជាមួយវៀតណាម សម្រេចបានជាង ១ពាន់លានដុល្លារ កើនឡើង ១៤,២%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ៤៩១លានដុល្លារ កើនឡើង ៣៦,១% និងនាំចូលមកវិញក្នុងតម្លៃជាង ៥៩៣លានដុល្លារ កើនឡើង ០,៧%។ ចំណែកការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសថៃសម្រេចបាន ៦៥៦លានដុល្លារ ថយចុះ ៩,៤% និងប្រទេសជប៉ុន សម្រេចបាន ២៩៨លានដុល្លារ ថយចុះ ០,៥%។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា បានសម្គាល់ថា ប្រទេសទាំងអស់នៅលើសកលលោក បានជួបវិបត្តិ នូវបញ្ហាសង្វាក់ផ្គត់ផ្គង់ និងតម្រូវការ ដោយសារតែវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាន នាពេលបច្ចុប្បន្ន បានធ្វើឱ្យអ្នកប្រើប្រាស់ កាត់បន្ថយនូវតម្រូវការ។ ការកាត់បន្ថយនូវតម្រូវការនេះ អាចបណ្តាលមកពី ការឡើងថ្លៃនៃវត្ថុធាតុដើម ការដឹកជញ្ជូនឡើងថ្លៃ ស្របជាមួយនឹង ការកើនឡើងនៃអតិផរណា ដែលធ្វើឱ្យអ្នកប្រើប្រាស់កាត់បន្ថយ នូវទំនិញដែលមិនសូវចាំបាច់ ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃ។

លោកកត់សម្គាល់ដែរថា កាលពីឆ្នាំ២០២២ កន្លងទៅ ការនាំចេញផលិតផលសម្លៀកបំពាក់ របស់កម្ពុជា សន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ ដែលកត្តានេះនាំឱ្យ ការនាំចេញនៅដើមឆ្នាំនេះ ថយចុះ។

ជាមួយគ្នានេះ បញ្ហាភាពតានតឹងរវាងចិន និងសហរដ្ឋអាមេរិក និងបញ្ហាសង្រ្គាម រវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏បានជះឥទ្ធិពល ការធ្វើពាណិជ្ជកម្មផងដែរ តាមរយៈការបែកចែកប្លុកសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្ម របស់ប្រទេសខ្លះ បានធ្វើឡើងតែជាមួយប្រទេស ដែលមាននិន្នាការគាំទ្ររៀងៗខ្លួន។