ក្រសួងបរិស្ថាន កំពុងនឹងជម្រុញអោយមាន ការអភិវឌ្ឍន៍រមណីដ្ឋានទេសចរណ៍ បែបវប្បធម៌បន្ថែមទៀត នៅតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសុមៈ (គិរីរម្យ) ដើម្បីផ្សាភ្ជាប់ សហគមន៍ទេសចរណ៍ បែបធម្មជាតិ ទៅទេសចរណ៍វប្បធម៌ សម្រាប់លើកស្ទួយអត្តសញ្ញាណជាតិ អាចទាក់ទាញភ្ញៀវទេសចរ មកកម្សាន្ដបន្ថែម និងបង្កើនចំណូលដល់ ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
ជាក់ស្ដែង នៅតំបន់ភ្នំទេរ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ត្រូវបានកែច្នៃ ឆ្លាក់នូវរូបចម្លាក់ បែបសិល្បៈវប្បធម៌ដ៏ល្អវិចិត្រ ឆ្លាក់ជាប់នឹងផ្ទាំងថ្ម នៃភ្នំទេរតែម្ដង ដែលអាចជាទីសក្ការបូជា របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងបណ្ដុះទៅជារមណីដ្ឋានថ្មីមួយ ផ្សាភ្ជាប់ពីទេសចរណ៍បែបធម្មជាតិ ជាមួយនឹងទេសចរណ៍វប្បធម៌ ព្រមទាំងបានបង្ហាញ នូវតម្លៃសិល្បៈជាតិ ហើយក៏ស្ថិតនៅក្នុង គោលដៅអភិវឌ្ឍន៍របស់ក្រសួងបរិស្ថាន អោយក្លាយទៅជារមណីដ្ឋាន ទេសចរណ៍វប្បធម៌ធម្មជាតិមួយ នៅក្នុងតំបន់ផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ទេសចរណ៍បែបវប្បធម៌ធម្មជាតិ គឺជាគោលដៅបន្ទាប់ ដែលនឹងជួយលើកស្ទួយ ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍ បានមកពីការអភិរក្ស ធនធានធម្មជាតិក្នុងជំហានទី១ គឺមានការដាំដុះ ថែរក្សាការពារ និងអភិរក្សគ្រប់គ្រង ធនធានធម្មជាតិ ធ្វើយ៉ាងណា អោយរក្សាបានគម្របព្រៃឈើជាង ៦០% ដើម្បីកាត់បន្ថយ ការសាយភាពឧស្ម័នផ្ទះកញ្ចក់ និងកត្តាដែលនាំអោយមាន បម្រែបម្រួលអាកាសធាតុជាដើម។
ក្រសួងបរិស្ថាន សហការជាមួយ រដ្ឋបាលខេត្តកំពង់ស្ពឺ និងស្ថាប័នពាក់ព័ន្ធ នឹងពង្រឹងការគ្រប់គ្រង ធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសុមៈគិរីរម្យ ដើម្បីរក្សាគម្របព្រៃឈើ អោយក្រាស់ជាងមុន សម្រាប់បម្រើជា ប្រយោជន៍ដល់បរិស្ថាន ក្លាយជាសហគមន៍អព្យាក្រឹតកាបូប និងជារមណីដ្ឋានដ៏ស្រស់ស្អាតមួយ សម្រាប់ទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហើយប្រជាពលរដ្ឋក៏បាន ទទួលប្រាក់ចំណូលពីសេវាកម្ម មានការងារធ្វើ ប្រជាសហគមន៍នឹងចូលរួម មិនចូលកាប់ព្រៃឈើ និងបាញ់សត្វព្រៃទៀតដែរ។ ដូចនេះ ការគ្រប់គ្រងធនធានធម្មជាតិ នឹងមានប្រសិទ្ធភាពទ្វេដង។