ក្រុមអ្នកជួសជុលប្រាសាទបុរាណខ្មែរ បង្ហាញស្មារតីខ្ពស់ក្នុងការទទួលខុសត្រូវ អត់ធ្មត់ តស៊ូ និងប្តេជ្ញាចិត្ត ក្នុងការប្រើប្រាស់បច្ចេកទេសបុរាណ ក្នុងការជួសជុលប្រាសាទ!


ខេត្តសៀមរាប៖ បើយោងតាម សេចក្តីរាយការណ៍ព័ត៌មានចេញផ្សាយ ដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងារជួសជុលមួយក្រុម នៅការដ្ឋានជ្រុងនិរតី នៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្ម ដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញ ម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។

ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារ ដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុល ប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើម របស់ប្រាសាទនិងគោរពតាម ធម្មនុញ្ញអង្គរផងដែរ។

ក្នុងនោះដែរ លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារ នៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ ធ្វើជាភ្នាក់ងារទេសចរណ៍ នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរ ទៅជាអ្នកជួសជុល ប្រាសាទវិញនោះ បានមានប្រសាសន៍ថា ការងារជួសជុលនៅ ជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែ ប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្ម ដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណា ខ្វះកម្លាំងលោកក៏ជួយអូសថ្មទៀតផងដែរ។

ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយ ពេលជួបបញ្ហា និងការស្តាប់យោបល់ទាំងអស់គ្នា ក៏ជាវឌ្ឍនភាពការងារ រលូនទៅមុខដែរ។

លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជា អ្នកធ្វើការងារជួសជុល ប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្ម ធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមាន ជំនាញនិងចំណេះដឹងច្រើន បន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមាន គំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួន លំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។

ដោយឡែក លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង ឃុំក្រវ៉ាន់ ស្រុកនគរធំ ជាអ្នកជួសជុល ប្រាសាទបុរាណម្នាក់ទៀត នៅក្នុងរមណីយដ្ឋានអង្គរជាង ២០ឆ្នាំហើយ។ លោកមានប្រសាសន៍ថា អ្វីដែលលំបាកសម្រាប់ ក្រុមការងារ ជួសជុលថ្មភក់ គឺការរៀបចំផ្គុំថ្ម មិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គីជាចាំបាច់។ ពេលខ្លះលោកក៏អន់ចិត្ត នឹងខ្លួនឯង ដែលរៀបថ្មមិនត្រូវផងដែរ។

បើទោះបីជាការងារ ជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាធ្វើការងារ ជួសជុលប្រាសាទ ជាច្រើនមិនបានបង្ហាញ អារម្មណ៍នឿយណាយទេ គឺពួកគាត់តែងយកមនសិការ បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ដែលបានចូលរួមអភិរក្ស ជួសជុលប្រាសាទបុរាណ របស់ដូនតាខ្មែរ ពីព្រោះថារបស់ទាំងនោះ មិនមែនជារបស់ក្រុម អ្នកជួសជុលតែម្នាក់ឯងនោះទេ។ ប៉ុន្តែជារបស់មនុស្សខ្មែរគ្រប់រូប ហើយពួកយើងអាចចូលរួមអភិរក្សបាន តាមរយៈរូបភាពផ្សេងៗគ្នា។