ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានកើនឡើងដល់ជាង ៨ ពាន់លានដុល្លារ ក្នុងរយៈពេល ៨ ខែ


ប្រទេសចិន នៅតែជាដៃគូរពាណិជ្ជកម្ម ធំជាងបំផុតរបស់កម្ពុជា ខណៈដែលសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា។ តាមរបាយការណ៍ពី អគ្គនាយកដ្ឋានគយ និងរដ្ឋករ បានបង្ហាញថា រយៈពេល ៨ ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាននូវសរុបជាទឹកប្រាក់ ៨,០៩ ពាន់លានដុល្លារ បានកើនឡើង ១,១% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះ ការនាំចេញទំនិញពីកម្ពុជា បានកើនឡើងជិត ១៧% ខណៈការនាំចូលមកវិញ បានធ្លាក់ចុះ ០,៦%។

ពាណិជ្ជកម្មរវាងកម្ពុជា-ចិន នៅរក្សារំនឹងបានយ៉ាងរឹងមាំ ដោយការនាំចេញពីកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន សម្រេចបានជាទឹកប្រាក់ ៩៣៥ លានដុល្លារ ចំណែកការនាំចូលពីមកវិញ សម្រេចបាន ៧,១៥ ពាន់លានដុល្លារ។ នេះគឺជាទំហំពាណិជ្ជកម្ម ទ្វេភាគីធំជាងគេបំផុត របស់កម្ពុជា ខណៈដែលសហរដ្ឋអាមេរិក ជាដៃគូពាណិជ្ជកម្មធំបំផុតទី២ និងជាទីផ្សារនាំចេញធំបំផុតទី១ របស់កម្ពុជា ដោយរយៈពេល ៨ ខែកន្លងមកនេះ ការនាំចេញទំនិញទៅកាន់ សហរដ្ឋអាមេរិក សម្រេចបានជាទឹកប្រាក់ ៦,២៧ ពាន់លានដុល្លារ។

យោងតាមរបាយការណ៍ខាងលើ បានបង្ហាញថា ទំនិញសក្ដានុពលដែលកម្ពុជា បាននាំចេញទៅប្រទេសចិន មានដូចជា ស្រូវអង្ករ ចេក ស្វាយស្រស់ ដំឡូងមី ផលិតផលត្រីសាច់ កៅស៊ូ ផលិតផលធ្វើដំណើរ និងសម្លៀកបំពាក់ជាដើម។ ចំណែកទំនិញដែលនាំចូលមកវិញ មានដូចជា វត្ថុធាតុដើមសម្រាប់ រោងចក្រឧស្សាហកម្ម គ្រឿងម៉ាស៊ីន យានយន្ដ ចំណីអាហារ គ្រឿងអេឡិចត្រូនិច និងថ្នាំសង្កូវជាដើម។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ក្រោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀង ភាពជាដៃគូរសេដ្ឋកិច្ច RCEP ការនាំចេញទំនិញពីកម្ពុជា ទៅប្រទេសចិន មានទីផ្សារធំទូលាយ អាចពង្រីកវិសាលភាពធំជាងមុន។ ម្យ៉ាងវិញទៀត ភាពជាដៃគូរវាងប្រទេសទាំងពីរ មានចំណងមិត្តភាពរឹងមាំ ទាំងការបណ្ដាក់ទុនវិនិយោគ រោងចក្រឧស្សាហកម្ម ជំនួយហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តគំនិតផ្ដួចផ្ដើម ខ្សែក្រវាត់និងផ្លូវ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេស និងវិស័យទេសចរណ៍ជាដើម។

ក្រសួងពាណិជ្ជកម្មរំពឹងថា នៅត្រឹមដំណាច់ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន នឹងសម្រេចបាន ដល់ទំហំទឹកប្រាក់ ១២ ពាន់លានដុល្លារ ដែលធៀបទៅនឹងឆ្នាំមុន យើងទទួលបានត្រឹម ១១,៦៨ ពាន់លានដុល្លារ ហើយក៏កើនឡើងខ្ពស់ ជាងឆ្នាំ២០២១ ដែលយើងធ្លាប់សម្រេចបាន ១១,១ ពាន់លានដុល្លារ។