ត្រឹម ២ខែដំបូងនៃឆ្នាំនេះ ទំហំពាណិជ្ជកម្មនៃការនាំចូលនៅ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្រេចបានដល់ ៦២៨លានដុល្លារ កើនឡើងខ្ទង់ ៣៨% បើធៀបនឹងពេលដូចគ្នានៃឆ្នាំមុន!


ព្រះសីហនុ៖ បើយោងតាមផេកហ្វេកប៊ុកផ្លូវការ របស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានចុះផ្សាយកាលពីថ្ងៃ ២១ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានទំហំពាណិជ្ជកម្ម នៃការនាំចេញនាំចូល សរុបបានចំនួន ៦២៨លានដុល្លារ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំនេះ។

ជាក់ស្តែង ទំហំពាណិជ្ជកម្មនេះ មានការកើនឡើង ៣៨,៣% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន បើយោងតាមការបន្ថែមពី ប្រភពដដែល។

ស្របគ្នានេះដែរ សម្រាប់រយៈពេល ០២ខែ ដំបូងនេះ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសថ្មីបន្ថែមចំនួន ៨សហគ្រាស ខណៈសហគ្រាសកំពុង វិនិយោគសរុប មានចំនួន ១៨៨ មកពីបណ្ដាប្រទេស ជុំវិញពិភពលោក។

គួរឲ្យដឹងដែរថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បាននឹងបន្តលើកកម្ពស់ នូវការប្រកួតប្រជែងផ្នែកឧស្សាហកម្ម ផ្តោតសំខាន់ទៅលើ ការទាក់ទាញគម្រោងវិនិយោគដូចជា គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាររថយន្ត  សំបកកង់រថយន្ត និងNew photovoltaic materials ជាដើម។

គូសសម្គាល់ថា បើគិតពីទំហំពាណិជ្ជកម្ម ទូទាំងប្រទេសកម្ពុជា ជាមួយប្រទេសសំខាន់ៗ សម្រាប់រយៈពេល ០២ខែដំបូង ក្នុងឆ្នាំ២០២៤ វិញ មានទំហំប្រមាណជាង ៨ពាន់លានដុល្លារ ដែលកើនឡើងជិត ២០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។